35 C
Phnom Penh

លោក សម រង្ស៊ី ថា​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​ឆាប់ៗ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ទី​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​ជួប​ប្រជុំ​គ្នា​ស្ដីពី​នយោបាយ​នៅ​កម្ពុជា។

យោង​តាម​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ព្រលាន​យន្តហោះ​អូស្ត្រាលី ថា លោក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​កំពុង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ លោក សម រង្ស៊ី ថា​លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា និង​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះ​ជា​លោក សម រង្ស៊ី អះអាង​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី យ៉ាងណា​ក៏ដោយ ក៏​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់​ថា លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ម៉ាឡេស៊ី ពិតប្រាកដ ឬ​យ៉ាង​ណា​នោះ​ទេ។

កាលពី​សប្តាហ៍​មុន លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស​ជាប់​ខ្លួន​ជាច្រើន បាន​ប្រកាស​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ថា លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​ជា​ថ្មី​ក្រោយពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ថៃ មាន​ការ​ប្រែប្រួល បន្ទាប់ពី​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ថៃ បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ពាក់កណ្តាល​ខែ​ឧសភា ថ្មីៗ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​មីនា កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹង​មិន​ស្វាគមន៍​ក្រុម​លោក សម រង្ស៊ី នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​ថា​មាន​ក្រុម​តំណាងរាស្ត្រ​ម៉ាឡេស៊ី បាន​ស្នើ​ទៅ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយ​សុំ​ឲ្យ​ក្រុម​របស់​លោក សម រង្ស៊ី ចូល​មក​ទឹកដី​ម៉ាឡេស៊ី ដើម្បី​ធ្វើ​បទបង្ហាញ ក៏ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បដិសេធ។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហ៊ាន​ឲ្យ​ក្រុម​លោក សម រង្ស៊ី ជាន់​ទឹកដី​ម៉ាឡេស៊ី នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រដ្ឋ និង​រដ្ឋ ដោយ​មើល​មុខ​គ្នា​មិន​ត្រង់។ នេះ​គឺជា​លើក​ទី​៣ ហើយ​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​ត្រឡប់​ចូល​មក​កម្ពុជា ខណៈ​ដែល ២​លើក​មុនៗ លោក សម រង្ស៊ី បាន​បរាជ័យ និង​មាន​ភាព​ចម្រូងចម្រាស​នយោបាយ​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​ដំណើរ​វិល​ចូល​ប្រទេស​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​លោក ៨​រូប​ទៀត​កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២១ ពី​បទ​ឧបឃាត ឬ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល តាមរយៈ​ផែនការ​វិល​ចូល​ស្រុក​កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

សាលក្រម​នេះ បាន​សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ ២៥​ឆ្នាំ។ ដោយឡែក​អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ត្រូវ​ជាប់​ពន្ធនាគារ ២២​ឆ្នាំ។ រីឯ​ភរិយា​លោក សម រង្ស៊ី គឺ​អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី និង​លោក នុត រំដួល ត្រូវ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ។

ក្រៅពី​ជាប់​ពន្ធនាគារ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង ៩​រូប​ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស ត្រូវ​បាន​ដក​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន រួមមាន​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ បន្ថែម​ពី​នេះ ពួកគេ​ទាំងនោះ​ត្រូវ​បង់​ប្រាក់​រួម​គ្នា​ចំនួន ១៨០០​លាន​រៀល ឬ​ស្មើ​ជាង ៤៤​ម៉ឺន​ដុល្លារ​ចូល​ទៅ​ថវិកា​រដ្ឋ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស