29 C
Phnom Penh

មន្ត្រី​សង្គម​ស៊ីវិល​ថា​សន្តិភាព​មិនមែន​ជា​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​តែ​មួយ​មុខ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​និរទេស​ខ្លួន​ដោយសារ​ការ​គាបសង្កត់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លោក ប៉ា ងួនទៀង ត្អូញត្អែរ​ថា សន្តិភាព​មិនមែន​ជា​តម្រូវការ​តែ​មួយ​មុខ​របស់​មនុស្ស​ជាតិ​ទេ តែ​ការ​រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច និង​ជួបជុំ​គ្រួសារ ដោយ​មាន​សេរីភាព​ពេញលេញ ទើប​ជា​ជម្រើស​ដែល​ពលរដ្ឋ​គ្រប់​រូប​ចង់​បាន។

នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ ការ​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌ ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​បំពាន​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អសន្តិសុខ និង​អស្ថិរភាព ហើយ​នៅ​ពេល​ដែល​សង្គម​កើត​មាន​សញ្ញា​បែប​នេះ​កាន់តែ​ច្រើន​ឡើងៗ​នោះ គឺ​បញ្ជាក់​ថា​សង្គម​នោះ​គ្មាន​សន្តិភាព​ឡើយ។

លោក ប៉ា ងួនទៀង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក៏​ធ្លាប់​រត់​ភៀសខ្លួន​ចោល​ទឹកដី​ខ្មែរ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ដែរ ដោយសារតែ​របប​ខ្មែរក្រហម​កាន់កាប់​អំណាច​តាម​បែប​ឃោរឃៅ សាហាវ​ព្រៃផ្សៃ ដោយ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​កាត់ទោស​ស្រេច​តែ​អំពើ​ចិត្ត​របស់​អ្នក​មាន​អំណាច​នា​សម័យ​នោះ ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ក៏​មិន​ខុស​ពី​សម័យ​ខ្មែរក្រហម​ដែល​គាត់​ធ្លាប់​រត់គេច​នោះ​ប៉ុន្មាន​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា សន្តិភាព​គឺ​ពិត​ហើយ​ថា​ជា​រឿង​សំខាន់ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនមែន​ត្រូវការ​តែ​សន្តិភាព​ទេ គឺ​ត្រូវការ​ប្រាក់ចំណូល អាហារ​ហូបចុក​គ្រប់គ្រាន់ សេវា​សាធារណៈ​ល្អ យុត្តិធម៌​សង្គម និង​ការ​ធានា​នូវ​សិទ្ធិ​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។

កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ទៅ​កាន់​កម្មករ​កម្មការិនី​ថា បើ​អាច​ការពារ​សន្តិភាព​បាន នោះ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​បារម្ភ​រឿង​អត់​ការងារ​ធ្វើ​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​ការពារ​សន្តិភាព និង​ការពារ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​បាន។ ជាង​នេះ​ទៀត លោក ហ៊ុន សែន តែង​លើកឡើង​ដដែលៗ​ថា លោក​ត្រូវតែ​កម្ចាត់​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ទម្លាយ​ផង​ដែរ​កាលពី​អំឡុង​ឆ្នាំ​២០១៧ ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​មិន​បាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព​តាមរយៈ​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​កាលពី​ឆ្នាំ​២០១៣។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន ប្រកាស​ការពារ​សព្វថ្ងៃ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ផែនការ «ក​៥» របស់​វៀតណាម ដែល​ប្រកាស​ការពារ​ទឹកដី​កម្ពុជា​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដូច្នោះ​ដែរ ដែល​ជា​ផែនការ​បំផ្លាញ​ទឹកដី​ខ្មែរ​ផង និង​ជា​ផែនការ​កម្ទេច​កម្លាំង​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​ប្រកាស​ការពារ​សន្តិភាព​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​មាន​ទិសដៅ​យ៉ាង​មុត​ស្រួច​បាញ់​ឆ្ពោះ​ទៅ​រក​ការ​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជំទាស់​នឹង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គាត់ ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទាំងស្រុង​ទៅ​នឹង​ផែនការ «ក​៥» ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម និង​អនុវត្ត​បទបញ្ជា​ដោយ​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​បុរស​ខ្មែរ​អស់​ជាង ២​សែន​នាក់​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០។

សព្វថ្ងៃ​នេះ អ្នក​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាំង​អយុត្តិធម៌ ថា​ជា​ជន​បំផ្លាញ​សន្តិភាព ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​គុក​គ្រប់ៗ​គ្នា ដូចជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ផ្សេង​ទៀត។ ចំណែក​អ្នក​ខ្លះ​ទៀត ដូចជា​នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​លោក ប៉ា ងួនទៀង និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជាដើម ត្រូវ​រត់​ភៀសខ្លួន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

យ៉ាងណា​ក៏ដោយ អ្នក​ដែល​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ទាំងនោះ នឹង​ត្រូវ​លើកលែង​ទោស​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ពេល​ដែល​ពួកគេ​សុខចិត្ត​ទទួល​កំហុស​ដែល​បាន​ចោទប្រកាន់​មក​លើ​ខ្លួន​ទាំង​អយុត្តិធម៌ និង​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ព្រមទាំង​ចេះ​និយាយ​ពាក្យ «អរគុណ​សន្តិភាព» ឬ​ហៅ​លោក ហ៊ុន សែន ថា​ជា «សម្តេច​ពុក» ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស