31 C
Phnom Penh

លោក ហ៊ុន សែន៖ កំហុស​នយោបាយ​ពី​អតីតកាល​ទើប​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិនាសកម្ម​និង​បាត់បង់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច និង​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ឫសគល់ លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ដទៃ​គ្មាន​ធនធាន​ធម្មជាតិ​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំងនោះ​មាន​ការ​រីកចម្រើន​ខ្លាំង ចំណែក​ឯ​ប្រទេស​កម្ពុជា​ដោយសារតែ​មាន​កំហុស​នយោបាយ​កាលពី​អតីតកាល បាន​ធ្វើ​ឱ្យ​ខ្លួន​ជួប​វិនាសកម្ម និង​បាត់បង់​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ទេ ម្ល៉េះ​កម្ពុជា​មិន​ដឹង​ជា​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​លូតលាស់​កម្រិត​ណា​នោះ​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា លោក​ទទួលស្គាល់​ថា​ការ​ដឹកនាំ​នយោបាយ​ដែល​ដើរ​លើ​ផ្លូវ​ខុស ពិត​ជា​បំផ្លាញ​ធនធាន​របស់​ប្រទេស​ជាតិ​ប្រាកដ​មែន ជាពិសេស​គឺ​ធនធាន​មនុស្ស ប៉ុន្តែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​មនុស្ស​សម្រាប់​កសាង​ប្រទេស​ជាតិ​យ៉ាង​ខ្លាំង​ដែរ ដោយសារតែ​និន្នាការ​នយោបាយ​របស់​បក្ស​កាន់​អំណាច។

លោក​ព្រមាន​ថា ការ​បំផ្លាញ​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ មិនមែន​ទាល់តែ​ប្រទេស​មាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដែល​ញាំញី​ទៅ​ដោយ​អំពើពុករលួយ បក្ខពួក​ក្រុម​គ្រួសារ​និយម នោះ​ធនធាន​មនុស្ស​របស់​ប្រទេស​ក៏​ត្រូវ​បំផ្លាញ​ដែរ ពីព្រោះ​ធនធាន​មនុស្ស​ដែល​ជា​កម្លាំង​កសាង​ជាតិ​ពិតប្រាកដ ត្រូវ​បាន​គេ​ទុក​ចោល និង​ប្តូរ​មក​វិញ​នូវ​ធនធាន​មនុស្ស​ដែល​គ្មាន​គុណភាព​ឲ្យ​ដឹកនាំ​ប្រទេស ជា​ហេតុ​នាំ​ទៅ​រក​ការ​បំផ្លាញ​ជាតិ​ទៅវិញ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ​គិតគូរ​តែ​ពី​ផល​ប្រយោជន៍​បក្ស​ធំ​ជាង​ផល​ប្រយោជន៍​ជាតិ ដើម្បី​បម្រើ​និន្នាការ​នយោបាយ​របស់​ខ្លួន នោះ​ធនធាន​មនុស្ស​ដែល​គ្មាន​សមត្ថភាព​នឹង​តម្រង់​ជួរ​គ្នា​ចូល​បម្រើ​បក្ស ជាជាង​បម្រើ​ជាតិ​ជាមិនខាន ដូច្នេះ​លទ្ធផល​គឺ​ត្រូវ​គេ​ដឹង​ទុក​ជា​មុន​ថា ប្រទេស​ជាតិ​នឹង​ដាំ​ក្បាល​ចុះ​នៅ​ថ្ងៃ​អនាគត​ដោយ​ចៀស​ពុំ​រួច​នោះ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹកនាំ​នយោបាយ​ក្រោម​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ កំពុង​បំផ្លាញ​ធនធាន​របស់​ប្រទេស​ជាតិ​ខ្លាំង​ជាង​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ទៅ​ទៀត ព្រោះ​ថា​គ្មាន​របប​ណា​បំផ្លាញ​កម្ពុជា​ជាង​របប​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នោះ​ឡើយ។

ជាក់ស្តែង លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​ឯកសារ​កាត់​ទឹកដី​ដោយ​ខុស​ច្បាប់​ឱ្យ​ទៅ​វៀតណាម ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​ទាំងមូល​ត្រូវ​រង​នូវ​ការ​គ្រប់គ្រង​ពី​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងស្រុង ដែល​បង្កើត​ទៅ​ជា​ខ្សែ​បណ្ដាញ​បក្ខពួក​គ្រួសារ​និយម​ពេញ​ក្រសួង និង​ស្ថាប័ន​រដ្ឋ​នៅ​ទូទាំង​ប្រទេស រហូត​បង្កើត​បាន​ជា​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​បំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បច្ចុប្បន្ន​នេះ។

ជាង​នេះ​ទៀត ដោយសារតែ​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម ធនធាន​មនុស្ស​ជា​បញ្ញវន្ត​ដែល​ជា​កម្លាំង​កសាង​ប្រទេស​ជាតិ​ពិតប្រាកដ ត្រូវ​រង​នូវ​ការ​បំផ្លាញ​ចោល​ម្តង​មួយៗ ដូចជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ប្រធាន​អង្គការ​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ជាដើម ហើយ​ការ​ស្លាប់​របស់​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​ទាំងនោះ ត្រូវ​គេ​រក​ឃើញ​ថា​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់។

កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោយ​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្មែរ ត្រូវ​គេ​រក​ឃើញ​ថា​កម្លាំង​ការពារ​ជាតិ​ដែល​ជា​បុរស​ខ្មែរ​ពេញ​វ័យ​ជាង ២​សែន​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ផែនការ «ក​៥» របស់​វៀតណាម គួរ​ឱ្យ​តក់ស្លុត ដែល​លោក ហ៊ុន សែន ទទួល​យក​ទៅ​អនុវត្ត​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ឱ្យ​គាត់​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​មក​ទល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស