35 C
Phnom Penh

លោក ថេង សាវឿន និង​សហការី​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយពី​សុំទោស​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នា​ល្ងាច​ថ្ងៃទី​៣០ ឧសភា បន្ទាប់ពី​ពួកគេ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដក​ខ្លួន​ចេញពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថេង សាវឿន បាន​សរសេរ​លិខិត និង​ចេញ​វីដេអូ​សុំទោស​ដោយ​អះអាង​ថា កន្លងមក រូបលោក​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សាធារណៈ ដែល​បាន​ប្រមូលផ្ដុំ​សមាជិក​របស់​ខ្លួន​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មិន​ដឹង​ខ្លួន។

ក្រោយ​ពេល​ចេញ​មុខ​សុំទោស​បុរស​ខ្លាំង​នៅ​កម្ពុជា​រួច​មក នៅ​ថ្ងៃទី​៣០ ខែ​ឧសភា នេះ លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត ក្នុង​នោះ​មាន​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង​វិញ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១០​ថ្ងៃ​រួច​មក។ បន្ទាប់ពី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ភ្លាមៗ ពួកគេ​ទាំង​បី​រូប ព្រមទាំង​គ្រួសារ​បាន​ចេញ​វីដេអូ​សម្ដែង​ការ​អរគុណ​ដល់​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ពួកគេ​អះអាង​ថា​បាន​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​នេះ។

បើ​តាម​វីដេអូ​រយៈពេល​ជាង ៦​នាទី​ដែល​សារព័ត៌មាន​របស់​រដ្ឋាភិបាល Fresh News បាន​ចុះផ្សាយ​នោះ លោក ថេង សាវឿន បាន​សុំទោស និង​សារភាព​ទទួល​កំហុស ដែល​ថា​កន្លងមក​លោក​បាន​ជឿ​ទៅ​លើ​សកម្មជន និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន រហូត​ដល់​មាន​ការ​ប្រមូលផ្ដុំ​ញុះញង់​ឲ្យ​មាន​ការ​ងើប​ឡើង​ប្រឆាំង ការ​តវ៉ា ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លើស​ពី​នេះ លោក ថេង សាវឿន ក៏​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​រងគ្រោះ ឲ្យ​ឈប់​ធ្វើការ​ប្រមូលផ្ដុំ​ទៅ​តាម​អ្នក​នយោបាយ​ជ្រុល​និយម​របស់​បក្ស​ប្រឆាំង ប៉ុន្តែ​គួរ​ងាក​មក​ចូលរួម​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​វិញ បើ​ទោះបី​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី និង​រង​ភាព​អយុត្តិធម៌​ពី​សំណាក់​ឧកញ៉ា និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏ដោយ។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ​ផង​ដែរ។ ការ​អំពាវនាវ​នេះ ទោះបីជា​មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម ដោយសារ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​បិទ​ខ្ទប់​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្ដី។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ ប៉ុន្តែ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅតែ​គោរព​ការ​សម្រេច​ចិត្ត​នេះ ដោយ​ចាត់ទុក​ការ​សម្រេច​ចិត្ត​របស់​លោក ថេង សាវឿន និង​សហការី​ជា​សិទ្ធិ​បុគ្គល។

លោក​បន្ត​ថា កន្លងមក លោក​មិន​ដែល​ឮ​សារ​របស់​លោក ថេង សាវឿន និយាយ​បែប​នេះ​ទេ ប៉ុន្តែ​នៅ​ពេល​ជាប់​ឃុំ បែរជា​លោក​លើកឡើង​ដូច្នេះ​ទៅវិញ។ លោក​បង្ហាញ​ការ​ងឿង​ឆ្ងល់ និង​សង្ស័យ​ថា ការ​សារភាព​កំហុស និង​សុំទោស​របស់​លោក ថេង សាវឿន ព្រមទាំង​សហការី ២​រូប​ទៀត អាច​បណ្ដាល​មកពី​ពួកគេ​រង​សម្ពាធ​ណា​មួយ។

លោក នី សុខា ចាត់ទុក​ការ​ដោះលែង​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច បន្ទាប់ពី​សុំទោស​លោក ហ៊ុន សែន ថា​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ តែ​យ៉ាងណា លោក​ចង់​ឲ្យ​តុលាការ​ធ្វើការ​សម្រេច​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ យុត្តិធម៌ ផ្អែក​លើ​ភស្តុតាង ជាជាង​ឲ្យ​សុំទោស​ជា​ថ្នូរ​នឹង​ការ​ដោះលែង​បែប​នេះ។

លោក នី សុខា បង្ហាញ​ក្ដី​បារម្ភ ដោយ​ថា​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច បន្ទាប់​ពី​រដ្ឋាភិបាល​បិទ​សារព័ត៌មាន វីអូឌី និង​ចេញ​លិខិត​កោះហៅ​ក្រុម​សង្គម​ស៊ីវិល ដោយ​ឲ្យ​លុប​បទចម្រៀង «ឈាម​បាតុករ» ខណៈ​ថ្មីៗ​នេះ​ក៏​មាន​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​លោក ថេង សាវឿន និង​សហការី​របស់​លោក​ថែម​ទៀត។

ទោះបីជា​លំហ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រឈម​ក្ដី លោក នី សុខា អះអាង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត​ការពារ​ខ្លួន​ដដែល ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ យុត្តិធម៌ និង​គោរព​ទៅ​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

ការ​ចេញ​សុំទោស​របស់​លោក ថេង សាវឿន និង​សហការី​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​គំរាម​ថា លោក​នឹង​មិន​លើកលែង​ដាច់ខាត​ចំពោះ​បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​ធ្វើ​បដិវត្តន៍​ដើម្បី​ដណ្ដើម​អំណាច​ពី​គ្រួសារ​របស់​លោក។

ក្រៅពី​គំរាម​ហើយ បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​រូប​នេះ​ក៏​បាន​ស្នើ​ទៅ​បណ្ដា​ប្រទេស​នានា​ឲ្យ​ឈប់​ផ្ដល់​ថវិកា​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ លោក​ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់​នៃ​ប្រភព​ថវិកា​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​កន្លង​មក​ដើម្បី​យក​មក​ធ្វើ​បដិវត្តន៍​កសិករ ដែល​លោក ហ៊ុន សែន ចោទ​ថា​ក្នុង​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក ថេង សាវឿន និង​លោក ញ៉ិល ភាព ព្រមទាំង​លោក ថាន់ ហាច ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោម​ហេតុផល​ថា ការ​ជួបជុំ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នា​ពេល​នោះ ធ្វើឡើង​ក្នុង​គោលដៅ​នយោបាយ ដើម្បី​ធ្វើ​សកម្មភាព​ញុះញង់​ដល់​កសិករ​ឲ្យ​ងើប​បះបោរ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម និង​ឈាន​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​គ្រប់​រូបភាព។

ការ​ឃុំ​ខ្លួន និង​ចោទប្រកាន់​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់​ខ្លួន​លោក ថេង សាវឿន ជាមួយ​នឹង​បុគ្គលិក​កាលពី​ថ្ងៃទី​១៧ ឧសភា អំឡុង​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ក្រោយពី​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ថ្ងៃទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ខេត្ត​រតនគិរី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស