28.4 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី ទាក់ទិន​ផែនការ​ធ្វើ​ឃាត​រូបលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​តាម​របប​កុម្មុយនីស្ត​ផ្ដាច់ការ​លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​ក្រោយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សន្យា​សហការ​គ្នា​ជាមួយ​ចារកម្ម​ដែល​តែង​ផ្តល់​ព័ត៌មាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​ឱ្យ​ទៅ​ពួកគេ ថា​នឹង​ធ្វើ​ឃាត​លោក ហ៊ុន សែន នា​ពេល​កន្លងមក។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន ដោយ​ភ្ជាប់​សារ​សំឡេង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី នៅ​ថ្ងៃទី​១ មិថុនា នេះ​ដោយ​លើក​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​បក្ស​ប្រឆាំង​ថា តើ​មនុស្ស​ដែល​តែង​ផ្តល់​ព័ត៌មាន​ឲ្យ​ពួកគេ​តែង​ប្រើ​ឈ្មោះ កុសល មែន​ឬ​ទេ?

លោក ហ៊ុន សែន បន្ថែម​ថា ពួកគេ​មាន​អំនួត​ខ្លាំង​ណាស់​ដែល​ថា​មាន​មនុស្ស​បង្កប់​នៅ​ក្បែរ ហ៊ុន សែន តែ​ពួកគេ​មិន​ដឹង​ថា នោះ​គឺជា​ល្បិច​ចារកម្ម​អត់​ស្រមោល​របស់ ហ៊ុន សែន នោះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា លោក​តែង​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​ប្រឆាំង​តាមរយៈ​មនុស្ស​របស់​លោក​ដែល​កំពុង​រស់នៅ​ជាមួយ​ពួកគេ​សព្វថ្ងៃ​នេះ ហើយ​មនុស្ស​ខ្លះ​ជេរ ហ៊ុន សែន ឮ​ជាងគេ​ផង ប៉ុន្តែ​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​វិញ​ទទួល​បាន​ព័ត៌មាន​ពី ហ៊ុន សែន ត្រឹមតែ​ជា​ព័ត៌មាន​ដែល​លោក​ចង់​ផ្តល់​ឲ្យ​តាមរយៈ​ចារកម្ម​របស់​លោក​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ដើម្បី​ប្រដៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​ដែល​អះអាង​ថា​មាន​មនុស្ស​នៅ​ក្បែរ ហ៊ុន សែន ដើម្បី​ផ្តល់​រឿង​សម្ងាត់​ឱ្យ​ពួកគេ​នោះ លោក​គួរតែ​ប្រាប់​ថា នោះ​គឺ​រូបលោក​ផ្ទាល់​តែម្តង​ដែល​តែងតែ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នក​ទាំងនោះ​រហូត​មក ដូចជា​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​ភរិយា​លោក សម រង្ស៊ី គឺ​អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ និង​មេដឹកនាំ​ក្រុម​ប្រឆាំង​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​ទម្លាយ​សំឡេង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បើក​កិច្ចប្រជុំ​ពិភាក្សា​ជុំវិញ​ការ​បែកធ្លាយ​សំឡេង​របស់​ពួកគេ​ទៅ​ដល់​ដៃ​របស់​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​សកម្មជន​បក្ស​ប្រឆាំង​លោក ឆាំ ឆានី ក្នុង​កិច្ចប្រជុំ​មួយ​បន្ទាប់ពី​សំឡេង​ក្នុង​កិច្ចប្រជុំ​កាល​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ របស់​ពួកគេ​ត្រូវ​បែកធ្លាយ​ដោយ​លោក ឆាំ ឆានី អះអាង​ថា ការ​បញ្ជូន​រឿង​សម្ងាត់​របស់​ពួកគេ​ទៅ​ឱ្យ​លោក ហ៊ុន សែន គឺជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ថា​រឿង​សម្ងាត់​របស់​លោក ហ៊ុន សែន ក៏​មាន​គេ​បញ្ជូន​មក​ឱ្យ​ក្រុម​ប្រឆាំង​ដូច​គ្នា​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​ក្នុង​កិច្ចប្រជុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​គ្រោង​រៀប​ផែនការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

រយៈពេល​កន្លងមក គេ​សង្កេត​ឃើញ​ថា កិច្ចប្រជុំ​សម្ងាត់ៗ​នានា​របស់​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន តែង​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទម្លាយ​ជា​សាធារណៈ​ជា​បន្តបន្ទាប់។ ជាក់ស្តែង កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បាន​ទម្លាយ​កិច្ចប្រជុំ​សម្ងាត់​មួយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជុំវិញ​ផែនការ​ពង្រឹង​បណ្ដាញ​សកម្មជន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ពិធី​ជួប​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត​នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​អះអាង​ថា ក្រុម​មួយ​ដែល​មាន​មនុស្ស​ចាប់ពី ៥​នាក់​ឡើង​ទៅ គឺ​មាន​មនុស្ស​របស់​លោក​នៅ​ជាមួយ​ជានិច្ច ហើយ​ពួកគេ​មាន​តួនាទី​ត្រូវ​តាម​យក​ការណ៍​ពី​ខាង​បក្ស​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។

ជុំវិញ​ការ​តាមដាន​ក្រុម​ប្រឆាំង​នេះ កាលពី​ចុង​ឆ្នាំ​២០១៩ សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ផ្សំគំនិត​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ជា​ហូរហែ បន្ទាប់ពី​អ្នក​ទាំងនោះ​ចូលរួម​ក្នុង​យុទ្ធនាការ​មាតុភូមិ​និវត្តន៍ ៩​វិច្ឆិកា របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី បើ​ទោះបីជា​ពួកគេ​មិន​បាន​បង្ហាញ​ពី​ការ​ចូលរួម​ជា​សាធារណៈ​ក៏ដោយ។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ ជាដើម។

ដោយឡែក​មាត្រា​៤០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា អាថ៌កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ និង​តាម​ទូរសព្ទ​ជាដើម ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ការ​ឆ្លើយឆ្លង​តាម​មធ្យោបាយ​នានា មិន​ត្រូវ​បាន​រក្សា​ការណ៍​សម្ងាត់​នោះ​ឡើយ ដោយ​លោក ហ៊ុន សែន តែង​ប្រើ​លេស​ថា​ដើម្បី​ការពារ​សន្តិសុខ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស