31 C
Phnom Penh

អត្ថបទ​ប្រៀបធៀប៖ ការ​ប្រើប្រាស់​កម្លាំង​បាយ និង​ប្រាជ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នេះ​អត្ថបទ​ស្តីអំពី​ការ​ប្រៀបធៀប​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រើប្រាស់​កម្លាំង​បាយ​ទៅ​នឹង​ប្រាជ្ញា ដែល​សរសេរ​ដោយ​បណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយ​អាន​ដោយ​លោក ហាស់ សាន។

បន្ទាប់ពី​ខ្ញុំ​ចូល​និវត្តន៍​ពី​កិច្ចការ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កោះ Guam នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​វិញ។ គ្រា​មួយ​នោះ ខ្ញុំ​បាន​នាំ​ចៅ​តូចៗ​ពីរ​នាក់​ដែល​មាន​អាយុ ៥ និង ៧​ឆ្នាំ ទៅ​ដើរ​លំហែ​នៅ​ជុំវិញ​មាត់​ត្រពាំង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ។

បន្ទាប់ពី​រត់​លេង​មួយ​ស្របក់ ចៅ​ខ្ញុំ​ក៏​នាំគ្នា​ទៅ​ឈរ​នៅ​ក្បែរ​មាត់​ទឹក​ត្រពាំង ហើយ​ស្រែក​ហៅ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​កំពុង​ឈរ ដើម្បី​មើល​សត្វ​ខ្យង​មួយ​ហ្វូង​វារ​រគើមៗ​ចុះ​ទៅ​ក្នុង​ទឹក​ត្រពាំង។ ខណៈ​យើង​កំពុង​មើល​សត្វ​ខ្យង​វារ​នៅ​មាត់​ត្រពាំង មាន​សត្វ​ទន្សាយ​ព្រៃ​មួយ​គូ​រត់​ពី​គុម្ព​ស្ត្រប៊ែរី ដែល​ដុះ​នៅ​ក្បែរ​ទីនោះ។ ចៅ​ខ្ញុំ​ក៏​ស្រែក​ឆោឡោ​ដោយ​ក្តី​រំភើប ដ្បិត​បាន​ជួប​នឹង​សត្វព្រៃ​ដោយ​ចៃដន្យ។

ក្នុង​នាម​ជា​អតីត​សាស្ត្រាចារ្យ និង​ជា​អតីត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​ជាមួយ​នឹង​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទសវត្ស​១៩៨០ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បណ្ដុះ​ប្រាជ្ញា​ដល់​ចៅ​របស់​ខ្ញុំ។

ពួក​យើង​បន្ត​ដើរ​សង្កេត​មើល​ខ្យង​ដទៃ​ទៀត​ជាច្រើន​ដែល​កំពុង​វារ​នៅ​តាម​មាត់​ត្រពាំង។ ខ្យង​ខ្លះ​ហែល​បណ្តែត​ខ្លួន​នៅ​ក្នុង​ទឹក​ត្រពាំង។ ដើរ​បណ្តើរ ខ្ញុំ​និយាយ​ប្រាប់​ចៅ​បណ្តើរ​ថា តា​នឹង​និទាន​រឿង​មួយ​អំពី​ទន្សាយ និង​ខ្យង​ប្រាប់​ចៅ ដើម្បី​ទុក​ជា​គតិ​ពិចារណា។

បន្ទាប់ពី​ដើរ​ទៅ​ដល់​ដើមឈើ​មួយ​ដើម​ដែល​ដុះ​នៅ​ក្បែរ​មាត់​ត្រពាំង ខ្ញុំ​ក៏​នាំ​ចៅ​ទាំង​ពីរ​ទៅ​អង្គុយ​ក្រោម​ម្លប់​ឈើ​នោះ​ដើម្បី​និទាន​រឿង​ទន្សាយ និង​ខ្យង​ប្រាប់​ពួកគេ។ រឿង​នេះ ខ្ញុំ​បាន​យក​រឿង​ព្រេង​និទាន​ទន្សាយ​រត់​ប្រណាំង​ជាមួយ​នឹង​អណ្ដើក​មក​ធ្វើជា​មូលដ្ឋាន។

ខ្ញុំ​ចាប់ផ្តើម​និទាន​ដោយ​និយាយ​ប្រាប់​ចៅ​ទាំង​ពីរ​ថា៖ គ្រា​មួយ​នោះ មាន​កូន​ខ្យង​មួយ​ឈ្មោះ “ទីង​ទីង” រស់នៅ​ក្នុង​ទឹក​ត្រពាំង​ស្រដៀង​គ្នា​នឹង​ត្រពាំង​ដែល​នៅ​នឹង​មុខ​យើង​នេះ។ ឪពុក​ម្តាយ ទីង​ទីង ប្រាប់​វា​ថា វា​ជា​ខ្យង​ប្រកប​ដោយ​ទេពកោសល្យ។ ឯ ទីង​ទីង ក៏​ដឹង​ដែរ​ថា​ខ្លួន​វា​ជា​ខ្យង​មាន​ទេពកោសល្យ ទោះបី​វា​មិន​ដឹង​ថា​ទេពកោសល្យ​ដែល​វា​មាន​នោះ​ជា​អ្វី​ក៏ដោយ។

ថ្ងៃ​មួយ នៅ​ពេល ទីង​ទីង កំពុងតែ​ហាល​ថ្ងៃ​នៅ​លើ​ថ្ម​ដុះ​ស្លែ​មួយ​ដុំ មាន​សត្វ​ទន្សាយ​មួយ​ឈ្មោះ “កាំជ្រួច” បោល​ផ្លោតៗ​មក​ក្បែរ​មាត់​ត្រពាំង។ ក្រឡេក​ឃើញ ទីង​ទីង កំពុង​ហាល​ថ្ងៃ​នៅ​លើ​ថ្ម ទន្សាយ​ក៏​លាន់​មាត់​ថា “យី! ព្រឹក​នេះ​ថ្ងៃ​រះ​ល្អ​ណាស់ តែ​គួរ​អាសូរ អ្នក​ឯង​បាន​ត្រឹមតែ​វារ​មក​សំកុក​នៅ​លើ​ដុំ​ថ្ម​ដុះ​ស្លែ​នេះ មិន​អាច​រត់​លេង​នៅ​ជុំវិញ​មាត់​ត្រពាំង​ដូច​យើង​បាន។ នៅ​ម្ខាង​មាត់​ត្រពាំង​ឯនោះ​មាន​រុក្ខជាតិ​ស្រស់​បំព្រង​ល្អ​ណាស់។ ប៉ុន្តែ​ខ្យង​ឯង​ធ្វើ​ដំណើរ​យឺត​ណាស់ ប្រហែលជា​គ្មាន​វាសនា​បាន​ទៅ​ឃើញ​ទេសភាព​ដ៏​ស្រស់​បំព្រង​នោះ​ទេ”

ឮ​ទន្សាយ​និយាយ​ដូច្នោះ ទីង​ទីង ក៏​តប​ទៅ​ទន្សាយ​វិញ​ថា៖ “ឯង​យល់​ខុស​ហើយ! យើង​ជា​សត្វ​ខ្យង​ប្រកប​ដោយ​ទេពកោសល្យ។ យើង​អាច​ហែល​ទឹក​ទៅ​ដល់​ទីនោះ​លឿន​ជាង​អ្នកឯង​ទៅ​ទៀត”

ទន្សាយ​ឮ​ខ្យង​អះអាង​ដូច្នោះ វា​ក៏​បបួល​ខ្យង​រត់​ប្រណាំង​គ្នា​នៅ​ជុំវិញ​មាត់​ត្រពាំង។ ពួកគេ​ទាំង​ពីរ​ក៏​ព្រមព្រៀង​គ្នា ហើយ​ទន្សាយ និង​ខ្យង​ក៏​វិល​ទៅ​កាន់​ជម្រក​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​រត់​ប្រណាំង​គ្នា​នា​ថ្ងៃ​ស្អែក។

ល្ងាច​នោះ ទីង​ទីង បាន​កោះហៅ​ខ្យង​ទាំងអស់​ដែល​រស់នៅ​ក្នុង​ត្រពាំង ឲ្យ​មក​ជួបជុំ​គ្នា​ដើម្បី​និយាយ​ប្រាប់​អំពី​កិច្ចសន្យា​ប្រកួត​ប្រណាំង​រវាង​ទន្សាយ​ឈ្មោះ កាំជ្រួច ជាមួយ​នឹង​វា។ ទីង​ទីង ប្រាប់​ខ្យង​ទាំងអស់​គ្នា​ថា ដើម្បី​យក​ឈ្នះ​ទន្សាយ ទីង​ទីង សូម​ឲ្យ​ខ្យង​ទាំងអស់​គ្នា​ជួយ​ខ្ញុំ ដោយ​គ្រាន់តែ​រាយ​គ្នា​រកស៊ី​នៅ​ជុំវិញ​មាត់​ត្រពាំង។ ពេល​ឮ​ទន្សាយ​ស្រែក​ហៅ​ឈ្មោះ​ខ្ញុំ​ថា “ទីង​ទីង អ្នក​មក​ដល់​ណា ហើយ” ខ្យង​ដែល​ស្ថិត​នៅ​ខាងមុខ​ត្រូវ​ឆ្លើយ​ថា៖ “ខ្ញុំ​នៅ​ឯ​នេះ!”។ ខ្យង​ទាំងអស់​ក៏​យល់ព្រម​តាម​សំណូមពរ​របស់ ទីង​ទីង។

លុះ​ព្រឹក​ឡើង ទីង​ទីង បាន​ទៅ​ជួប​នឹង កាំជ្រួច នៅ​កន្លែង​ណាត់​ជួប​រត់​ប្រណាំង​គ្នា។ ទីង​ទីង ប្រាប់​ទន្សាយ​ថា ដោយ​ហេតុ​តែ​ម្នាក់​រត់​ក្នុង​ទឹក និង​ម្នាក់​ទៀត​រត់​លើ​ដី​គោក ដូច្នេះ កាំជ្រួច ត្រូវ​ប្រកូក​ហៅ​ឈ្មោះ ទីង​ទីង ថា៖ “ទីង​ទីង អ្នក​មក​ដល់​ណា​ហើយ?” ទីង​ទីង នឹង​ស្រែក​ឆ្លើយ​វិញ​ថា “ខ្ញុំ​នៅ​ឯ​នេះ!” ដើម្បី​បញ្ជាក់​អំពី​ទីកន្លែង​ដែល ទីង​ទីង រត់​ទៅ​ដល់។

បន្ទាប់ពី​ព្រមព្រៀង​គ្នា​ហើយ កាំជ្រួច និង ទីង​ទីង ក៏​ចាប់ផ្តើម​រត់​ប្រណាំង​គ្នា​នៅ​ជុំវិញ​មាត់​ត្រពាំង។ ទន្សាយ​រត់​បាន​មួយ​សន្ទុះ​ក៏​ឈប់ ហើយ​ស្រែក​សួរ​ទៅ​ខ្យង​ថា៖ “ទីង​ទីង អ្នក​មក​ដល់​ណា​ហើយ?” ខ្យង ដែល​ស្ថិត​នៅ​ខាងមុខ​ទន្សាយ​ឮ​ដូច្នោះ ក៏​ស្រែក​ឆ្លើយ​ថា៖ “ខ្ញុំ​នៅ​ឯ​នេះ!” កាំជ្រួច ឮ​ខ្យង​ស្រែក​ឆ្លើយ​ប្រាប់​ថា​វា​នៅ​ខាងមុខ​ឯនោះ ក៏​ឱន​ក្បាល​ប្រឹង​រត់​យ៉ាង​លឿន​បន្ថែម​ទៀត។ ប៉ុន្តែ​ទោះបី​ទន្សាយ​ប្រឹង​រត់​លឿន​យ៉ាងណា ក៏​នៅតែ​មិនទាន់​ខ្យង ដ្បិត​ខ្យង​ដែល​នៅ​ខាងមុខ​វា បន្ត​ឆ្លើយ​ប្រាប់​វា​ថា​គេ​បាន​រត់​លឿន​ជាង​វា​មួយ​កម្រិត។ នៅ​ទីបំផុត ទន្សាយ​ក៏​បាន​សុំ​ចុះចាញ់​ខ្យង​នៅ​ក្នុង​ការ​ប្រកួត​រត់​ប្រណាំង​គ្នា​នោះ។

បន្ទាប់ពី​ការ​ប្រកួត​ប្រណាំង​គ្នា​ជុំវិញ​ត្រពាំង កាំជ្រួច ក៏​សួរ​ទៅ ទីង​ទីង ថា៖ “តើ​អ្នក​ឯង​ហែល​ទឹក​របៀប​ណា បាន​ជា​លឿន​ដល់​ម្ល៉ឹង?” ទីង​ទីង ឆ្លើយតប​វិញ​ថា៖ “ឯង​មិន​ត្រូវ​មាក់ងាយ​សមត្ថភាព​សត្វ​ដែល​ឯង​មើល​ឃើញ​ថា​ទន់ខ្សោយ​ជាង​ឯង​នោះ​ទេ ដ្បិត​ការ​ប្រកួតប្រជែង​គ្នា​មិនមែន​ពឹង​តែ​ទៅ​លើ​កម្លាំង​បាយ​ឡើយ។ គេ​ត្រូវ​ពឹង​លើ​ប្រាជ្ញា និង​ភាព​ឆ្លាតវៃ​ច្រើន​ជាង”

មុន​នឹង​នាំ​ចៅៗ​ទាំង​ពីរ​រូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​យក​មែកឈើ​តូច​មួយ​មក​គូរ​ជា​រង្វង់​មូល​នៅ​លើ​ដី​ក្បែរ​មាត់​ត្រពាំង ហើយ​ចុច​ចំណុច​តូចៗ​នៅ​ជុំវិញ​រង្វង់​មូល​នោះ​ជា​តំណាង​សត្វ​ខ្យង។ ខ្ញុំ​គូរ​រង្វង់​តូច​មួយ​នៅ​ក្រៅ​រង្វង់​មូល​នោះ ហើយ​ចង្អុល​បង្ហាញ​ចៅ​ទាំង​ពីរ​ថា៖ នៅ​ពេល​ទន្សាយ​រត់​មក​ដល់​ចំណុច​នេះ ហើយ​ស្រែក​សួរ​រក ទីង​ទីង គឺ​ខ្យង​នៅ​ខាងមុខ​នោះ​ដែល​ជា​អ្នក​ឆ្លើយ​ប្រាប់​ទន្សាយ។ ខ្ញុំ​និយាយ​ផង យក​មែកឈើ​ចង្អុល​ទៅ​ចំណុច​មួយ​នៅ​ខាងមុខ​ផង។ នេះ​គឺជា​វិធី​ដែល​ខ្យង​អាច​យក​ឈ្នះ​ទន្សាយ​បាន។ ចៅ​ខ្ញុំ​អង្គុយ​មើល​ខ្ញុំ​ចង្អុល​បង្ហាញ​យ៉ាង​យកចិត្ត​ទុកដាក់។

បន្ទាប់ពី​ស្តាប់​ការ​ពន្យល់​បង្ហាញ​របស់​ខ្ញុំ ចៅប្រុស​ខ្ញុំ​រៀបរាប់​ថា ទីង​ទីង មាន​ខ្លួន​តូច មិន​ចេះ​រត់​ក៏​ពិត​មែន ប៉ុន្តែ​ចេះ​ប្រើ​គំនិត​ប្រាជ្ញា​ណែនាំ​ខ្យង​ឯទៀត​ឲ្យ​សហការ​គ្នា ដើម្បី​ប្រកួតប្រជែង​យក​ជ័យជម្នះ​លើ​សត្វ​ទន្សាយ​បាន។ ទីង​ទីង ពិត​ជា​ខ្យង​គួរ​ឲ្យ​សរសើរ និង​ទុក​ជា​គំរូ។

មក​ដល់​ផ្ទះ​វិញ ចៅៗ​និយាយ​រឿង​ខ្យង និង​ទន្សាយ​ប្រាប់​យាយ ហើយ​យាយ​ក៏​បាន​សរសេរ​ជា​រឿង​នោះ​ដាក់​លើ​ក្រដាស​ដោយ​មាន​ភ្ជាប់​រូបថត​ទន្សាយ និង​ខ្យង​ផង។ យាយ​បាន​បោះពុម្ព​រឿង​ជាច្រើន​សន្លឹក​ចែកចាយ​ដល់​ចៅៗ​ដែល​មិន​បាន​ទៅ​លេង​កម្សាន្ត​នៅ​មាត់​ត្រពាំង​នា​ថ្ងៃ​នោះ។

នៅ​ឆ្នាំ​២០២២ កន្លងទៅ​នេះ ចៅប្រុស​ខ្ញុំ​ដែល​បាន​ទៅ​លេង​ត្រពាំង​កាលពី​ឆ្នាំ​២០០៦ បាន​ផ្ញើ​ក្រដាស​រឿង​ទន្សាយ និង​ខ្យង​មួយ​សន្លឹក​ដែល​យាយ​បាន​សរសេរ​បោះពុម្ព មក​ឲ្យ​ខ្ញុំ​ដោយ​ឥត​មាន​ធ្វើ​អធិប្បាយ​អ្វី​ឡើយ។ ចៅប្រុស​នេះ​កំពុង​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក។

នេះ​ជា​ឧទាហរណ៍​មួយ​នៃ​សង្គមូបនីយកម្ម​ដ៏​សាមញ្ញ​បំផុត​ដែល​អាច​ផ្តល់​គំនិត​ប្រាជ្ញា​ដ៏​ជ្រាលជ្រៅ​ដល់​មនុស្ស​ទូទៅ៕

អំពី​អ្នកនិពន្ធ៖

បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​យុទ្ធជន “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៩ បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន ១៣​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ ដែល​ជា​ឆ្នាំ​លោក​បាន​ចូល​និវត្តន៍។

លោក​បាន​ទទួល​មរណភាព​នា​ចុង​ឆ្នាំ​២០២២។ លោក​អ្នក​អាន និង​ស្តាប់​អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” របស់​លោក​តាម​អាសយដ្ឋាន www.kumnitkhmer.com

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស