30 C
Phnom Penh

ភាគ​២៖ ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ស៊ើបអង្កេត​ករណី​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

ក្នុង​សេចក្តី​រាយការណ៍​ភាគ​១ សារព័ត៌មាន The Cambodia Daily បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់ ដែល​បាន​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣​នាក់ ដូចជា លោក គុយ វ៉ាត, លោក សោម សម្បត្តិ និង​លោក ឃីម សុខហេង ជាដើម សង​លុយ​ពួកគេ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ផ្អាក​បង់​ការប្រាក់​ឱ្យ​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងនោះ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លង​មក។

បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​ជា​បន្តបន្ទាប់ ប្រធាន​ក្រុមប្រឹក្សា និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេគួច អ្នកឧកញ៉ា គួច ម៉េងលី ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ជាង ៦០០​នាក់ ដែល​បាន​ចំណាយ​ទុន​ជិត ៣០​ម៉ឺន​ដុល្លារ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ បាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​នេះ ដែល​រង​ការ​ចោទប្រកាន់​ថា ក្លែង​បន្លំ​ប្រាក់​វិនិយោគ​រួម​គ្នា​រាប់​សិប​លាន​ដុល្លារ​នៅ​ពេល​កន្លង​មក​នេះ។

ក្រោយពី​មាន​ការ​ផ្ទុះ​ព័ត៌មាន​យ៉ាង​ល្បី​ខ្ទរខ្ទារ​ជា​បន្តបន្ទាប់ ប្រធាន​ក្រុមប្រឹក្សា និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេគួច អ្នកឧកញ៉ា គួច ម៉េងលី ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ជាង ៦០០​នាក់​ផ្សេង​ទៀត​ដែល​បាន​ចំណាយ​ទុន​វិនិយោគ​ជិត ៣០​ម៉ឺន​ដុល្លារ​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែល​ហៅ​កាត់​ថា CIC Partner។

លោក គឺជា​ជន​រងគ្រោះ​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​នេះ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ប្រាក់​វិនិយោគ​រួម​គ្នា​ក្នុង​ចំនួន​រាប់​សិប​លាន​ដុល្លារ​អាមេរិក​នៅ​ពេល​កន្លង​មក។

ឧកញ៉ា គួច ម៉េងលី ប្រធាន​ក្រុមហ៊ុន Mengly J Quach Group

នៅ​ក្នុង​សំណេរ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​នៅ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ អ្នកឧកញ៉ា គួច ម៉េងលី បាន​បញ្ជាក់​ថា សំណុំរឿង​ព្រហ្មទណ្ឌ​គួរតែ​ត្រូវ​ចាប់ផ្ដើម​ស៊ើបអង្កេត និង​ដោយ​បើកចំហ ហើយ​ជនល្មើស​ត្រូវតែ​ទទួល​ខុសត្រូវ​ដោយ​កាត់ទោស​តាម​ផ្លូវ​ច្បាប់។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អះអាង​ថា ប្រជាជន​ស្លូតត្រង់​ជាច្រើន​កំពុង​រង​ទុក្ខ​វេទនា ខូច​ចិត្ត និង​ទទួល​រង​នូវ​ផល​អវិជ្ជមាន​ដោយសារ​ពួកគេ​កំពុង​រងគ្រោះ​ពី​ការ​បោកប្រាស់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ឧក្រិដ្ឋជន​នៅតែ​មាន​សេរីភាព និង​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ​ក្រៅ​សំណាញ់​ច្បាប់។

លោក គួច ម៉េងលី អះអាង​ថា ប្រសិនបើ​រឿង​នេះ​នៅតែ​បន្ត​កើតមាន ហើយ​ឧក្រិដ្ឋជន​មិន​ត្រូវ​បាន​នាំ​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់​ទេ នោះ​វា​នឹង​បង្ក​ឱ្យ​កាន់​តែ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម ហើយ​អាច​នាំ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​នូវ​សក្ដានុពល​ផ្នែក​មីក្រូ និង​ប្រព័ន្ធ​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា។ លោក​បន្ត​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដែរ។

ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែល​ហៅ​កាត់​ថា CIC Partner គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត ស្ថិត​ក្រោម​ឈ្មោះ​បុគ្គល​តែ​ម្នាក់ គឺ​លោក គុយ វ៉ាត និង​មាន​ការ​ចូលរួម​សហការ​ផ្ដួចផ្ដើម​ពី​សហ​ស្ថាបនិក​ចំនួន ៣៣​នាក់​ផ្សេង​ទៀត​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​កំណត់​ផែនការ​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ

ក្រុមហ៊ុន CIC Partner ត្រូវ​បាន​បង្កើត​ឡើង​តាម​កម្មវត្ថុ​អាជីវកម្ម​នៅ​កម្ពុជា និង​នៅ​ប្រទេស​ដទៃ​ទៀត ដោយ​ប្រតិបត្តិការ​លើ៖

  • ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម
  • សេវាកម្ម​អចលនវត្ថុ
  • ទិញ លក់ ផ្លាស់ប្ដូរ នីហរ័ណ អាហរ័ណ ផលិតផល ដំណាំ​កសិកម្ម កសិ-ឧស្សាហកម្ម និង​គ្រឿង​បរិក្ខារ​គ្រប់​ប្រភេទ
  • ការ​ជួល​ឃ្លាំង​ផលិតផល​ទំនិញ​គ្រប់​ប្រភេទ
  • ការ​ទិញ​លក់ ជួល បញ្ចាំ​មូលនិធិ ពាណិជ្ជកម្ម
  • និង​ទិញ​លក់ ជួល ដីធ្លី ផ្ទះសម្បែង
  • រួម​ទាំង​ការ​វិនិយោគ​ជាច្រើន​បែប​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ។
របាយការណ៍​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន CIC នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣

ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investors Corporation Plc.) បាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ថា ក្រុមហ៊ុន​មាន​គោលការណ៍​ទទួល​យក​ការ​បណ្ដាក់ទុន​តាម​គ្រប់​មធ្យោបាយ​ជាមួយ​ក្រុមហ៊ុន ឬ​សហគ្រាស​ដទៃ​ទៀត ដូចជា ការ​បង្កើត​ក្រុមហ៊ុន​ថ្មី​ដើម្បី​បញ្ចូល​ភាគទុន​ជាមួយ​គ្នា ការ​ចុះឈ្មោះ ឬ​ទិញ​សិទ្ធិ​ជា​សមាជិក ការ​រំលាយ​បញ្ចូល​គ្នា ការ​បង្កើត​សម្ព័ន្ធភាព ឬ​ការ​ចូលរួម​សហប្រតិបត្តិការ​នានា​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ក្រោយ​បង្កើត​ចេញ​ជា​រូបរាង និង​ដើម្បី​អនុវត្ត​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ក្រុមហ៊ុន CIC Partner បាន​សម្រេច​ជ្រើសរើស​ស្ថាបនិក​ចំនួន ១៣​នាក់​ជា​អ្នក​គ្រប់គ្រង​កំពូល​របស់​ក្រុមហ៊ុន ឬ Board of Director ក្នុង​នោះ​រួម​មាន៖

  1. លោក គុយ វ៉ាត ដែល​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន Z1 Group
  2. លោក ហ៊ុន មុន្នីវណ្ណ មាន​តួនាទី​ជា​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សវនកម្ម​នៃ​ធនាគារ​ស្ថាបនា
  3. លោក ម៉ៅ សាវិន ជា​ប្រធាន​ទីប្រឹក្សា​វិនិយោគ​កម្ពុជា
  4. លោក សេង ឡូន មាន​តួនាទី​ជា​នាយក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន Phnom Penh Technology
  5. លោក ឃីម សុខហេង ជា​ស្ថាបនិក​វិទ្យាស្ថាន LSI Business School
  6. លោក លី លាង ប្រធាន​ក្រុមហ៊ុន Zillion Trust Plc
  7. លោក ជិន ភារុំ ជា​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CIC នេះ​តែម្តង
  8. លោក ជា សារិន ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Champei Wellness
  9. អ្នកស្រី អ៊ុំ រចនី ឬ Grace Rachny ជា​នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន Century 21 Cambodia
  10. លោក សោម សម្បត្តិ ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថ្នាំលាប Cam-Paint
  11. ឧកញ៉ា សុង សារ៉ន ជា​នាយក​ក្នុង​ក្រុមហ៊ុន Amru Rice Cambodia
  12. លោក ហុង លាងអ៊ី ជា​នាយក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន Lotus Green Team ផង​ដែរ។
របាយការណ៍​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន CIC នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣

ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​កំពូល​របស់​ក្រុមហ៊ុន​ទាំង ១៣​នាក់​ខាងលើ​នេះ លោក គុយ វ៉ាត មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ចំណែក​សហ​ស្ថាបនិក ១២​នាក់​ផ្សេង​ទៀត គឺ​មាន​តួនាទី​ជា​អភិបាល​ដូច​គ្នា​ទាំងអស់។

ក្រៅពី​ជ្រើសរើស​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ ក្រុមហ៊ុន CIC Partner ក៏​បាន​ជ្រើសរើស​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​ចំនួន ២១​នាក់​ថែម​ទៀត ដែល​ពួកគេ​សុទ្ធសឹងតែ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ រួម​មាន៖

  1. លោក យក់ ចំរើនរិទ្ធ ជា​នាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត Forte Life
  2. លោក ឌិន សុមេធារិទ្ធ ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Frangipani Villa Hotel Group
  3. លោក ប៉ុលហំម នីកូឡា ជា​ដៃគូ​សហការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន EMC
  4. ចំណែក​ឧកញ៉ា សុខ ពិសិដ្ឋ ជា​នាយក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន G Gear (ក្រុមហ៊ុន G Gear គឺជា​ក្រុមហ៊ុន​របស់​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត)
  5. លោក ថៃ សារ៉ាយ នាយក​ក្រុមហ៊ុន H Silver Office Space
  6. លោក វង្ស សុខា ប្រធាន​ក្រុមហ៊ុន V Trust Appraisal
  7. លោក សុខ សុផាន់ណា ជា​ស្ថាបនិក​ក្រុមហ៊ុន SokSiphana & Assosiate
  8. លោក ខូយ គឹមឡេង ជា​នាយក​សវនកម្ម និង​ជា​ប្រធាន​ក្រុមហ៊ុន Deloitte
  9. អ្នកស្រី ជាស៊ុន ដាណែត នាយិកា​គ្រប់គ្រង​ស្ថានីយ​វិទ្យុ FM ១០២ មេការ​ហឺត
  10. លោក លឹម សុជាតិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Laksmi Prime Investments
  11. ឧកញ៉ា ហ៊ុន ឡាក់ ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mekong Oryza
  12. លោក ហេង សុខគង់ ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល
  13. ឧកញ៉ា គួច ម៉េងលី ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Mengly J Quach Group
  14. លោកគ្រូ​ជោគជ័យ អោម សេង បូរ៉ា នាយក​ប្រតិបត្តិ CEO Master Club
  15. ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​បណ្ដាញ​គ្រឹះស្ថាន​អប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និង​ជា​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
  16. លោក លឹម ខេវិន ជា​ប្រធាន​ក្រុមហ៊ុន Key Real Estate
  17. លោក អិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន​និវត្តន៍
  18. លោក កាយ ឡូត ជា​នាយក​ធនាគារ អេស៊ីលីដា
  19. លោក ហ៊ីម សាម៉េត ស្ព្រោង អនុប្រធាន​សាលា​អន្តរជាតិ CIA First International School
  20. លោក តាន់ មុន្នីវណ្ណ អនុប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប
  21. និង​ឧកញ៉ា ត្រាំង លី ប្រធាន​សាលា​អន្តរជាតិ CIA First International School ផង​ដែរ។

ក្រោយ​រៀបចំ​រចនាសម្ព័ន្ធ​បាន​រឹងមាំ ក្រុមហ៊ុន CIC Partner ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ប្រមូល​ទុន​វិនិយោគ​ដោយ​ការ​កៀរគរ​លុយ​ពី​វិនិយោគិន​ទាំង​លក្ខណៈ​ជា​បុគ្គល និង​ស្ថាប័ន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក សម្រាប់​អ្នក​ដែល​មាន​បំណង​បណ្ដាក់ទុន​ក្នុង​ទម្រង់​ជា​ការ​ទិញ​ឯកតា​មូលនិធិ ដោយ​ក្រុមហ៊ុន​ចុះ​កិច្ចព្រមព្រៀង​សន្យា​ផ្ដល់​ប្រាក់​ចំណេញ​តាមរយៈ​នៃ​ការ​បង់​ការប្រាក់​ដល់​អ្នក​ដែល​ចូលរួម​វិនិយោគ​ទាំងនោះ​ត្រឡប់​ទៅវិញ។

ក្រុមហ៊ុន CIC Partner បាន​ចែង​អំពី​លក្ខខណ្ឌ​ត្រង់​ប្រការ​១២ ក្នុង​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​ជុំវិញ​ការ​ប្រមូល​ទុន​នេះ​ថា ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន មិន​អាច​បែងចែក​ជា​ចំណែក​តូចៗ​បាន​ឡើយ ដូច្នេះ​ម្ចាស់​ភាគហ៊ុន​តូចៗ​ត្រូវ​តែងតាំង​អាណត្តិ​អ្នក​តំណាង ឬ​គាហករ មួយ​រូប​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ទាំងអស់​ជា​តំណាង​ឱ្យ​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន​ទាំងនោះ ហើយ​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ក្នុង​ជំពូក​២ ស្ដីពី ដើមទុន ភាគហ៊ុន និង​ម្ចាស់​ភាគហ៊ុន ក្នុង​ប្រកា​២.២ ដែរ​ថា ១​ភាគហ៊ុន គឺ​ស្មើ​នឹង ១​ដុល្លារ​សហរដ្ឋ​អាមេរិក។

យោង​តាម​លក្ខន្តិកៈ​ខាងលើ ឧកញ៉ា សុង សារ៉ន ដែល​មាន​តួនាទី​ជា​អភិបាល​របស់​ក្រុមហ៊ុន CIC Partner ត្រូវ​បាន​តែងតាំង​ជា​អ្នក​តំណាង​ឱ្យ​ម្ចាស់​ភាគហ៊ុន​តូចៗ​រាប់​រយ​នាក់​ដែល​មិន​បាន​ចុះឈ្មោះ​នៅ​ក្នុង​លក្ខន្តិកៈ​ដែល​ក្រុមហ៊ុន​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ទុក​ជា​ឯកសារ​យោង​សម្រាប់​ដាក់​ជូន​និយ័តករ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ទទួល​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​នេះ។

ក្រៅពី​ឧកញ៉ា សុង សារ៉ន ក៏​មាន​ស្ថាបនិក​ដទៃ​ទៀត​ដែរ​ដែល​ឈរឈ្មោះ​ជា​អ្នក​តំណាង ឬ​គាហករ ឱ្យ​ម្ចាស់​ភាគហ៊ុន​តូចៗ​ដែល​ជា​បណ្ដាញ​របស់​ខ្លួន ដូចជា លោក ឃីម សុខហេង ជាដើម ដែល​គេ​ទម្លាយ​ថា​គ្រូ​ជោគជ័យ​រូប​នេះ​បាន​ប្រមូល​លុយ​ពី​ម្ចាស់​ភាគហ៊ុន​តូចៗ​រាប់​រយ​នាក់ ដែល​មាន​ចំនួន​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ៧​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ក្រោយ​ប្រមូល​ទុន​វិនិយោគ​ពី​ម្ចាស់​ភាគហ៊ុន​ដែល​ជា​សមាជិក​របស់​ខ្លួន ស្ថាបនិក​ទាំង ១៣​នាក់​បាន​រៀបចំ​ឯកសារ​ចុះឈ្មោះ​ក្រុមហ៊ុន CIC Partner ក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥ ក្នុង​នាម​ជា​អ្នក​តំណាង​ឱ្យ​ម្ចាស់​ភាគហ៊ុន​រាប់​រយ​នាក់​ដែល​បាន​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន​នេះ។

ការ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន CIC Partner បាន​ចុះបញ្ជី​នូវ​ចំនួន​ទឹកប្រាក់​របស់​ខ្លួន​ផង​ដែរ ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (១ ០០០ ០០០​ដុល្លារ​អាមេរិក) ដែល​ស្មើ​នឹង ១​លាន​ភាគហ៊ុន​ដែរ ក្នុង​នោះ លោក ហ៊ុន មុន្នីវណ្ណ, លោក ម៉ៅ សាវិន, លោក ប៉ុលហំម នីកូឡា, លោក សេង ឡូន, លោក លឹម សុជាតិ, លោក លី លាង, ឧកញ៉ា សុខ ពិសិដ្ឋ, លោក ឃីម សុខហេង, លោក អោម សេង បូរ៉ា, ឧកញ៉ា ប៉ិច បូឡែន និង​ឧកញ៉ា គួច ម៉េងលី បាន​ចុះបញ្ជី​ភាគហ៊ុន​ចំនួន ៧៦ ៩២៣​ភាគហ៊ុន​ដូច​គ្នា​ទាំងអស់ ដោយឡែក​មាន​តែ​លោក គុយ វ៉ាត ម្នាក់​ប៉ុណ្ណោះ​ដែល​ចុះបញ្ជី​ភាគហ៊ុន​លើស​អ្នក​ទាំង ១២​នាក់​នោះ​ចំនួន ១​ភាគហ៊ុន គឺ​ចំនួន ៧៦ ៩២៤​ភាគហ៊ុន ដែល​គិត​ជា​សរុប​គឺ​មាន​ចំនួន ១​លាន​ភាគហ៊ុន ឬ​ស្មើ​នឹង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ។

ជាង​នេះ​ទៀត នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ លោក គុយ វ៉ាត បាន​ចុះ​ភាគហ៊ុន​ចំនួន ៤​លាន​ភាគហ៊ុន​ជា​លើក​ទី​២ នៅ​ក្រសួង​ពាណិជ្ជកម្ម បន្ថែម​ទៀត ដែល​ស្មើ​នឹង​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក (៤ ០០០ ០០០​ដុល្លារ) ចំណែក​លោក លី លាង និង​លោក ហុង លាងអ៊ី ក៏​បាន​បន្ថែម​ភាគហ៊ុន​ក្នុង​ម្នាក់ៗ ៣​លាន​ភាគហ៊ុន​ទៀត​ដែរ ដែល​ស្មើ​នឹង ៦​លាន​ដុល្លារ​អាមេរិក និង​សរុប​ជា​ទឹកប្រាក់​របស់​អ្នក​ទាំង​៣ គឺ​មាន​ចំនួន ១០​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត ដោយឡែក​តំណាង​ម្ចាស់​ភាគហ៊ុន ១០​នាក់​ផ្សេង​ទៀត​មិន​បាន​ចុះបញ្ជី​ថែម​ភាគហ៊ុន​ជា​លើក​ទី​២ នេះ​ទេ។

នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ លោក គុយ វ៉ាត បាន​ចុះបញ្ជី​ភាគហ៊ុន​ជា​លើក​ទី​៣ គឺ​ចំនួន ៩​សែន ៦​ម៉ឺន​ភាគហ៊ុន​បន្ត​ទៀត ចំណែក​លោក លី លាង និង​លោក ហុង លាងអ៊ី ក៏​បាន​បន្ថែម​ភាគហ៊ុន​ក្នុង​ម្នាក់ៗ ៧​សែន ២​ម៉ឺន​ភាគហ៊ុន​ទៀត​ដែរ ដែល​គិត​ជា​ទឹកប្រាក់​សរុប​របស់​ម្ចាស់​ភាគហ៊ុន​ទាំង ៣​នាក់​នេះ គឺ​ស្មើ​នឹង ២​លាន ៤​សែន​ដុល្លារ​អាមេរិក ហើយ​ក៏​ស្មើនឹង ២​លាន ៤​សែន​ភាគហ៊ុន​ដែរ។

លើក​ទី​៤ គឺ​នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៣ អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CIC Partner ចំនួន​១០​នាក់ បាន​ចុះបញ្ជី​ភាគហ៊ុន​បន្ត​ទៀត ដែល​គិត​ជា​ទឹកប្រាក់​សរុប​គឺ​មាន​ចំនួន ៤៥​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​រួម​មាន៖

  1. លោក គុយ វ៉ាត ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ២​លាន ១​សែន ៨​ម៉ឺន ២​ពាន់ ៥០០​ដុល្លារ​អាមេរិក (២ ១៨២ ៥០០​ដុល្លារ) ស្មើ​នឹង ២​លាន ១​សែន ៨​ម៉ឺន ២​ពាន់ ៥០០​ភាគហ៊ុន។
  2. លោក ហ៊ុន ម៊ុន្នីវណ្ណ ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ៤​សែន ១​ម៉ឺន ៧​ពាន់ ៥០០​ដុល្លារ​អាមេរិក (១ ៤១៧ ៥០០​ដុល្លារ) ស្មើ​នឹង ១​លាន ៤​សែន ១​ម៉ឺន ៧​ពាន់ ៥០០​ភាគហ៊ុន។
  3. លោក ម៉ៅ សាវិន ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ៤​សែន ៨​ពាន់​ដុល្លារ​អាមេរិក (១ ៤០៨ ០០០​ដុល្លារ) ស្មើ​នឹង ១​លាន ៤​សែន ៨​ពាន់ ភាគហ៊ុន។
  4. លោក សេង ឡូន ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​សែន ៨​ម៉ឺន ដុល្លារ​អាមេរិក (១ ៨០០ ០០០​ដុល្លារ) ស្មើ​នឹង ១​សែន ៨​ម៉ឺន​ភាគហ៊ុន។
  5. លោក ហុង លាងអ៊ី ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ៦​ម៉ឺន ៦​ពាន់ ៥០០​ដុល្លារ​អាមេរិក (១ ០៦៦ ៥០០​ដុល្លារ) ស្មើ​នឹង ១​លាន ៦​ម៉ឺន ៦​ពាន់ ៥០០​ភាគហ៊ុន។
  6. លោក ឃីម សុខហេង ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ៩​សែន ៥​ម៉ឺន ៣០០០​ដុល្លារ​អាមេរិក (១ ៩៥៣ ០០០​ដុល្លារ) ស្មើ​នឹង ១​លាន ៩​សែន ៥​ម៉ឺន ៣០០០​ភាគហ៊ុន។
  7. សេង បូរ៉ាលោក សោម សម្បត្តិ ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ៦​សែន ៧​ពាន់ ៥០០​ដុល្លារ​អាមេរិក (៦០៧ ៥០០​ដុល្លារ) ស្មើ​នឹង ៦​សែន ៧​ពាន់ ៥០០​ភាគហ៊ុន។
  8. លោក សុង សារ៉ន ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ៣៣​លាន ៧​សែន ៩​ម៉ឺន ៩​ពាន់ ៥០០​ដុល្លារ​អាមេរិក (៣៣ ៧៩៩ ៥០០​ដុល្លារ) ស្មើ​នឹង ៣៣​លាន ៧​សែន ៩​ម៉ឺន ៩​ពាន់ ៥០០​ភាគហ៊ុន។
  9. លោក ជិន ភារុំ ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​លាន ២​សែន ៣​ម៉ឺន ៧​ពាន់ ៥០០​ដុល្លារ​អាមេរិក (១ ២៣៧ ៥០០​ដុល្លារ) ស្មើ​នឹង ១​លាន ២​សែន ៣​ម៉ឺន ៧​ពាន់ ៥០០​ភាគហ៊ុន។
  10. អ្នកស្រី អ៊ុំ រចនី ក៏​បាន​ចុះបញ្ជី​ភាគហ៊ុន​បន្ថែម ១​សែន ៣​ម៉ឺន ៩​ពាន់ ៥០០​ដុល្លារ​អាមេរិក (១៣៩ ៥០០​ដុល្លារ) ដែល​ស្មើ​នឹង ១​សែន ៣​ម៉ឺន ៩​ពាន់ ៥០០​ភាគហ៊ុន​ដែរ។

ចំណែក​លោក ប៉ុលហំម នីកូឡា, លោក លឹម សុជាតិ, ឧកញ៉ា សុខ ពិសិដ្ឋ, លោក អោម សេង បូរ៉ា, ឧកញ៉ា ប៉ិច បូឡែន, ឧកញ៉ា ត្រាំង លី និង​ឧកញ៉ា គួច ម៉េងលី ជាដើម មិន​បាន​ចុះបញ្ជី​ភាគហ៊ុន​បន្ថែម​នៅ​លើក​ទី​៤ នេះ​ទេ។

ដូច្នេះ ភាគហ៊ុន​ដែល​ស្ថាបនិក​ខាងលើ​បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម ទាំង ៤​លើក​នេះ គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន ៤៩​លាន ៤​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក (៤៩ ៤០០ ០០០​ដុល្លារ) ដែល​ស្មើ​នឹង ៤៩​លាន ៤​សែន​ភាគហ៊ុន​ដែរ

ក្រៅពី​ការ​ដាក់​បន្ថែម​ភាគហ៊ុន​ទាំង ៤​លើក​នេះ តំណាង​ម្ចាស់​ភាគហ៊ុន​ខាងលើ ក៏​បាន​ចុះបញ្ជី​ភាគហ៊ុន​បន្ថែម​ជា​បន្តបន្ទាប់​ទៀត​ដែរ​តាមរយៈ​នៃ​ការ​បណ្ដាក់ទុន​ពី​សមាជិក​របស់​ខ្លួន​រាប់​រយ​នាក់​ទៀត ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន CIC Partner កើន​ឡើង​នូវ​ទឹកប្រាក់​វិនិយោគ​សរុប​រហូត​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ​អាមេរិក

តាមរយៈ​ឯកសារ​របស់​ក្រុមហ៊ុន CIC Partner ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន បង្ហាញ​ថា ចំនួន​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​នេះ គឺជា​លុយ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​ការ​ដាក់​ទុន​ពី​អ្នក​ផ្តល់​ប្រាក់កម្ចី​ដែល​ជា​ម្ចាស់​ភាគហ៊ុន​តូចៗ​រាប់​រាយ​នាក់​កន្លង​មក ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០២២ កន្លង​ទៅ ក្រុមហ៊ុន​មាន​ម្ចាស់​ភាគហ៊ុន​ចូលរួម​ដាក់​ទុន​វិនិយោគ​តាម​លក្ខខណ្ឌ​ផ្តល់​ប្រាក់​កម្ចី​ជាង ៦០០​នាក់​ឯណោះ។

ឯកសារ​ដដែល​បង្ហាញ​ថា៖

  • ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ មាន​ម្ចាស់​ភាគហ៊ុន​ចូលរួម​ប្រមាណ​ជាង ១០០​នាក់
  • ប៉ុន្តែ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ ម្ចាស់​ភាគហ៊ុន​បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់
  • ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ មិន​មាន​ម្ចាស់​ភាគហ៊ុន​ថ្មី​ចូលរួម​ទេ
  • ប៉ុន្តែ​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ម្ចាស់​ភាគហ៊ុន​ថ្មី​បាន​កើន​ឡើង​ដល់ ២២២​នាក់​ផង​ដែរ
  • នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨ ម្ចាស់​ភាគហ៊ុន​បាន​កើន​ឡើង​ដល់ ២៥០​នាក់
  • ចន្លោះ​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩ ម្ចាស់​ភាគហ៊ុន​បាន​កើន​ឡើង​ដល់ ៣៥០​នាក់
  • ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ម្ចាស់​ភាគហ៊ុន​បាន​កើន​ឡើង​ដល់ ៤០០​នាក់
  • ចន្លោះ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ ម្ចាស់​ភាគហ៊ុន​បាន​ឡើង​ដល់ ៤៥០​នាក់
  • ចន្លោះ​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២ ម្ចាស់​ភាគហ៊ុន​បាន​កើន​ឡើង​ជាង ៥០០​នាក់
  • និង​ចាប់ពី​ដើម​ខែ​មករា រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២២ ម្ចាស់​ភាគហ៊ុន​ក៏​បាន​កើន​ឡើង​រហូត​ដល់​ជាង ៦០០​នាក់​បន្ថែម​ទៀត​ដែរ ក្នុង​នោះ​ម្ចាស់​ភាគហ៊ុន​នីមួយៗ​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ម្នាក់ៗ​យ៉ាងតិច ១​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ១​ម៉ឺន​ភាគហ៊ុន​ដែរ។

ក្រោយ​ប្រមូល​លុយ​ពី​ម្ចាស់​ភាគហ៊ុន​រហូត​មាន​ចំនួន​រាប់​រយ​លាន​ដុល្លារ​អាមេរិក ក្រុមហ៊ុន CIC Partner បាន​បង្វិល​លុយ​ទាំងនោះ​ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ជា​ដៃគូ​សហការ​វិនិយោគ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ ដូចជា៖

  • ការ​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន Shichida Cambodia ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩
  • បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន Champei Spa ក្នុង​ទំហំ​ទឹកប្រាក់ ៥​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០
  • បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន Aplus Consulting ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨​សែន​ដុល្លារ​អាមេរិក (៨០៤ ៤១២​ដុល្លារ) ក្នុង​ឆ្នាំ​២០២១
  • បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត Forte Insurance ក្នុង​ទំហំ​ទឹកប្រាក់ ១​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២១
  • បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​អប់រំ​តាម​បែប​ឌីជីថល Westline Education Group ក្នុង​ទំហំ​ទឹកប្រាក់ ១​លាន ៥​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២១
  • បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត Global General Insurance Broker Plc ក្នុង​ទំហំ​ទឹកប្រាក់ ៤​សែន ៥​ពាន់​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២២
  • បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ឱសថ PillTech ក្នុង​ទំហំ​ទឹកប្រាក់ ៣​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២២
  • បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន Amatak Innovest ក្នុង​ទំហំ​ទឹកប្រាក់ ២​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣
  • ហើយ​ក៏​មាន​ការ​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូចជា​ការ​បណ្ដាក់ទុន​លើ​ការ​ទិញ​លក់​អចលនទ្រព្យ ដូចជា ការ​ទិញ​លក់​ដី​ឡូត៍ និង​ផ្ទះល្វែង ជាដើម។

ក្រោយ​ប្រតិបត្តិការ​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​ជា​ហូរហែ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ក៏​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​និយ័តករ​មូលបត្រ​កម្ពុជា​តាម​សំណើ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ ក្រុមហ៊ុន CIC Partner ទទួល​បាន​អាជ្ញាបណ្ណ និង​ការ​គ្រប់គ្រង​អាជីវកម្ម​វិនិយោគ​រួម​ពី​និយ័តករ​មូលបត្រ​កម្ពុជា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ។

ជាង​នេះ​ទៀត និយ័តករ​មូលបត្រ​កម្ពុជា ក៏​បាន​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សាភិបាល ការ​ទទួលស្គាល់​ចំនួន​ដើមទុន​វិនិយោគ ការ​ទទួលស្គាល់​សមាសភាព​ភាគហ៊ុនិក និង​ការ​ផ្តល់​អាជ្ញាបណ្ណ​ភ្នាក់ងារ​គ្របគ្រង​មូលនិធិ​ដល់​ក្រុមហ៊ុន CIC Partner កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ រួម​ទាំង​ទទួលស្គាល់​ការ​បង្កើន​ដើមទុន និង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មូលនិធិ​នេះ​កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ផង​ដែរ។

បើ​ទោះបីជា​ក្រុមហ៊ុន CIC Partner បាន​បណ្ដាក់ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សហការ​នានា​ជាបន្តបន្ទាប់ និង​ទទួល​បាន​សិទ្ធិ​វិនិយោគ​ស្រប​ច្បាប់​ពី​និយ័តករ​មូលបត្រ​កម្ពុជា ក៏ដូចជា​ក្រសួង​ពាណិជ្ជកម្ម ជា​ហូរហែ​ក៏ដោយ ប៉ុន្តែ​សមាជិក​ដែល​ជា​ម្ចាស់​ភាគហ៊ុន​តូចៗ​រាប់​រយ​នាក់​បាន​អះអាង​ថា ពួកគេ​មិន​បាន​ទទួល​ការប្រាក់​តាម​កិច្ចសន្យា​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​កន្លង​មក​នោះ​ទេ។

ក្នុង​នោះ មាន​អ្នក​ខ្លះ​មិន​ទទួល​បាន​ការប្រាក់​អស់​រយៈពេល ៩​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៥ រហូត​ដល់​ដើម​ឆ្នាំ​២០២៤ នេះ ជាពិសេស​គឺ​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២៣ មក ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ភាគហ៊ុន​តូច​កាន់តែ​ច្រើន​ឡើងៗ​មិន​ទទួល​បាន​ការប្រាក់​ពី​ការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ។

បន្ទាប់ពី​ក្រុមហ៊ុន CIC Partner ខកខាន​បង់​ការប្រាក់​អស់​រាប់​ខែ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៣ ម្ចាស់​ភាគហ៊ុន​តូចៗ​បាន​ចាប់ផ្តើម​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ក្នុង​ចំណោម​សមាជិក​រងគ្រោះ​ដូច​គ្នា​ជាបន្តបន្ទាប់ រហូត​ដល់​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣។ ពួកគេ​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​បណ្ដោះអាសន្ន​មួយ ដើម្បី​ប្រមូល​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ផ្សេង​ទៀត​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ជា​ផ្លូវការ ក្នុង​ការ​តវ៉ា​ទាមទារ​លុយ​ដែល​ពួកគេ​បាន​បាត់បង់​ពី​ការ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន CIC Partner ត្រឡប់​មក​វិញ។

លទ្ធផល​នៃ​ការ​បោះឆ្នោត បាន​សម្រេច​ជ្រើសរើស​ឧកញ៉ា ត្រាំង លី ធ្វើ​តំណាង​បណ្ដោះអាសន្ន និង​មាន​តួនាទី​ជា​ប្រធាន​ដឹកនាំ ខណៈ​លោក ហេង កក្កដា ជា​អនុប្រធាន លោក តែង គឹមសាន ជា​អនុប្រធាន។ ក្រៅ​ពី​នេះ ដូចជា​លោក ម៉ៅ វឹង លោក ឃឹម លាង លោក ទេព វិចិត្រ អ្នកស្រី ចាន់ ហួយ លោក អៀ ខៀវហ៊ី អ្នកស្រី ខេង សុកចិន្តា និង​ឯកឧត្តម មាស ពិនពីលី គឺជា​សមាជិក​ដែល​គិត​ជា​សរុប​គឺ​មាន​ចំនួន ១០​នាក់។

តំណាង​ក្រុម​បណ្ដោះអាសន្ន​នេះ មាន​តួនាទី​កៀរគរ​ប្រមូល​អ្នក​ផ្តល់​កម្ចី​រងគ្រោះ​ដទៃ​ទៀត ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំណាង​ក្រុម​ស្រប​ច្បាប់​មួយ​ក្នុង​ការ​ស្វែងរក​ការ​ចរចា​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ឱ្យ​ពួកគេ​សង​លុយ​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងនោះ​ត្រឡប់​មក​វិញ​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ដែល​ក្រុមហ៊ុន​បាន​ខកខាន​សង​អ្នក​ទាំងនោះ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លង​មក​នោះ។

ក្នុង​កំណត់ហេតុ​ដដែល​នេះ បញ្ជាក់​ថា ការ​ជ្រើសរើស​តំណាង​បណ្ដោះអាសន្ន​នេះ ម្ចាស់​ភាគហ៊ុន​ដែល​បាន​ចូលរួម​នៅ​ពេល​នោះ គឺ​ភាគច្រើន​សុទ្ធសឹងតែ​ជា​សាច់ញាតិ បងប្អូន​របស់​ពួកគេ​ដែល​បាន​ប្រមូល​លុយ​គ្នា​យក​ទៅ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន​នេះ​តែប៉ុណ្ណោះ ខណៈ​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ដទៃ​ទៀត​មិន​បាន​ចូលរួម​ទេ ដោយសារតែ​ពួកគេ​មិនទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចងក្រង​សមាជិក​ដើម្បី​ជ្រើសរើស​តំណាង​នេះ​នៅឡើយ។

ក្រោយ​ពេល​ដែល​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​បោះឆ្នោត​ជ្រើសរើស​តំណាង​បណ្ដោះអាសន្ន និង​មាន​ការ​ទាមទារ​កាន់តែ​ខ្លាំង​ឡើងៗ នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក គុយ វ៉ាត បាន​លាលែង​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​បាន​តែងតាំង​ឧកញ៉ា សុខ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជំនួស​វិញ។ ឧកញ៉ា សុខ ពិសិដ្ឋ ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​នៅ​អំឡុង​ពេល​នោះ​ដែរ។

និយ័តករ​មូលបត្រ​កម្ពុជា បាន​ទទួល​ស្គាល់​លោក គុយ វ៉ាត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល លោក ហុង លាងអ៊ី និង​លោក លី លាង ជា​អភិបាល​កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ កន្លង​ទៅ ប៉ុន្តែ​អាណត្តិ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​លោក គុយ វ៉ាត និង​អាណត្តិ​ជា​អភិបាល​របស់​លោក ហុង លាងអ៊ី និង​លោក លី លាង មាន​រយៈពេល​ត្រឹមតែ ២​ឆ្នាំ​ប៉ុណ្ណោះ គឺ​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​មករា ឆ្នាំ​២០២៤ កន្លងទៅ​នេះ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ លោក គុយ វ៉ាត ក៏​បាន​លាលែង​តំណែង​មុន​ពេល​កំណត់​តែម្តង។

លោក គុយ វ៉ាត ម្ចាស់​ហាង Park Café លោក សោម សម្បត្តិ និង​លោក គីម សុខហេង

ក្រោយ​ឧកញ៉ា សុខ ពិសិដ្ឋ ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ឧកញ៉ា ត្រាំង លី ដែល​ជាប់​ឆ្នោត​ជា​តំណាង​បណ្ដោះអាសន្ន បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ឧកញ៉ា សុខ ពិសិដ្ឋ កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ស្នើសុំ​បញ្ជី​ឈ្មោះ​អ្នក​ផ្តល់​ប្រាក់កម្ចី​ឱ្យ​ក្រុមហ៊ុន CIC Partner ទាំងអស់ ដើម្បី​ចងក្រង​ពួកគេ​ជា​សមាជិក​ក្នុង​ការ​ទាមទារ​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​លុយ​កម្ចី និង​ការប្រាក់​មូលនិធិ​ដែល​កំពុង​ជាប់​គាំង​ទាំងនោះ។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា ការ​ស្នើសុំ​បញ្ជី​ឈ្មោះ​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងអស់​នេះ គឺ​ដើម្បី​ភាព​ងាយស្រួល​ឱ្យ​ម្ចាស់​ភាគហ៊ុន​ទាំងនោះ​អាច​ចូលរួម​សម្រេច​ចិត្ត​ក្នុង​ការ​រក​ដំណោះស្រាយ​នានា​ជុំវិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ ឧកញ៉ា សុខ ពិសិដ្ឋ មិន​បាន​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​ផ្តល់​ប្រាក់កម្ចី​ទាំងនោះ​ឱ្យ​ឧកញ៉ា ត្រាំង លី នៅឡើយ​ទេ ដែល​ទំនង​ជា​ឧកញ៉ា សុខ ពិសិដ្ឋ មិន​ចង់​ឱ្យ​មាន​ការ​ប្រមូលផ្ដុំ​ការ​តវ៉ា​ទាមទារ​កាន់តែ​ធំ ទើប​បាន​ជា​គាត់​មិន​ផ្តល់​បញ្ជី​ឈ្មោះ​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងនោះ​បែប​នេះ។

បន្ទាប់ពី​រង​នូវ​ការ​ទាមទារ​ពី​ម្ចាស់​ភាគហ៊ុន​ជា​បន្តបន្ទាប់ ឧកញ៉ា សុខ ពិសិដ្ឋ ក៏​បាន​លាលែង​តំណែង​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​បន្ត​ទៀត ប៉ុន្តែ​ក្រុមហ៊ុន​ក៏​បាន​ជ្រើសរើស​លោក ឡែម ចាន់សំរេច ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជំនួស​វិញ ខណៈ​ឧកញ៉ា សុខ ពិសិដ្ឋ នៅ​បន្ត​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​ដូច​មុន​ដដែល។

បើ​ទោះបីជា​ក្រុមហ៊ុន CIC Partner ជួប​វិបត្តិ​ហិរញ្ញវត្ថុ​មិន​បង់​ការប្រាក់​ដល់​ម្ចាស់​កម្ចី​រាប់​រយ​នាក់​អស់​រយៈពេល​ជាច្រើន​ខែ​យ៉ាងណា​ក៏ដោយ ក៏​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​នេះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​មក​ខាងក្រៅ​ដែរ រហូត​ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ក៏​មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ម្នាក់​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​ក្រុមហ៊ុន CIC Partner នេះ​ដែរ​នោះ បាន​ទម្លាយ​ថា អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) បាន​ខាតបង់​លុយកាក់​ធ្ងន់ធ្ងរ​ពី​ការ​ដាក់​ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner និង​ក្ស័យធន​គ្រប់ៗ​គ្នា ដោយសារ​តែ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឱ្យ​បាត់​លុយ​មូលនិធិ​ក្នុង​ក្រុមហ៊ុន​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក ដោយ​គ្មាន​ការ​បកស្រាយ​តាម​លក្ខខណ្ឌ​ច្បាប់​ពិតប្រាកដ។

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen)។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ចោទ​ថា ការ​បាត់​លុយ​នេះ ដោយសារ​តែ​អតីត​ប្រធាន​អង្គការ​តម្លាភាព លោក ព្រាប កុល គប់គិត​ជាមួយ​លោក គុយ វ៉ាត ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រួម​ទាំង​សមាជិក​អភិបាល​ជាង ១០​នាក់​ផ្សេង​ទៀត បាន​លួច​លុយ​ទាំងនោះ​យក​ទៅ​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ផ្សេង​បាត់​ទៅ​ហើយ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ការ​ទម្លាយ​អាថ៌កំបាំង​នេះ លោក យ៉ង់ ប៉ាក់ ក៏​ត្រូវ​បាន​លោក ព្រាប កុល ប្តឹង​ទៅ​តុលាការ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «បរិហារកេរ្តិ៍» កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ ផង​ដែរ ប៉ុន្តែ​អំឡុង​ពេល​លោក យ៉ង់ ប៉ាក់ ត្រូវ​បាន​ឃុំ​ខ្លួន សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ហ្វ្រែសញូវ (Fresh News) ក៏​បាន​ចុះផ្សាយ​ពី​បណ្តឹង​កសិករ​មួយ​ចំនួន​ដែល​អះអាង​ថា លោក យ៉ង់ ប៉ាក់ បាន​បោកប្រាស់​លុយ​របស់​ពួកគេ​ចំនួន ៩​ម៉ឺន​ដុល្លារ​អាមេរិក អំឡុង​ពេល​ដែល​ពួកគេ​រកស៊ី​ជួញដូរ​អង្កាម​ជាមួយ​គ្នា​កាលពី​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ក្នុង​ក្រុមហ៊ុន CIC Partner មួយ​ចំនួន​អះអាង​ថា លុយ​ទាំង ៩​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ក៏​ទំនង​ជា​កំពុង​ជាប់​គាំង​ដោយសារ​ការ​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ។

បន្ទាប់ពី​រង​នូវ​ការ​ចោទប្រកាន់​ថា​ក្រុមហ៊ុន CIC Partner ធ្វើ​ឱ្យ​បាត់​លុយ​អស់ ៨០​លាន​ដុល្លារ​អាមេរិក ឧកញ៉ា សុខ ពិសិដ្ឋ ដែល​ជា​ប្រធាន​គណៈកម្មការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​តាម​សំណើ​របស់​លោក ព្រាប កុល កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថា ក្រុមហ៊ុន​គ្មាន​ប្រវត្តិ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​សាច់ប្រាក់​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​លោក ព្រាប កុល នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ព្រាប កុល អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា

ទោះជា​បែប​នេះ​ក្តី លោក សុខ ពិសិដ្ឋ ក៏​មិន​បាន​បញ្ជាក់​ទេ​ថា ក្រុមហ៊ុន​នេះ​បាន​បាត់​លុយ​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក​ដូច​ការ​លើកឡើង​របស់​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងនោះ​ដែរ ឬ​ក៏​អត់​នោះ ខណៈ​លោក គុយ វ៉ាត ដែល​រង​នូវ​ការ​ចោទប្រកាន់​នេះ ក៏​មិន​បាន​ចេញ​មុខ​បកស្រាយ​ពី​ការ​ចោទប្រកាន់​នេះ​ថែម​ទៀត។

ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​មិន​ដាច់ស្រេច​ជុំវិញ​បញ្ហា​របស់​ក្រុមហ៊ុន CIC Partner នៅ​ពេលនេះ ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ជាច្រើន បាន​នាំគ្នា​បើក​កិច្ចប្រជុំ​ជា​ក្រុម​តូច និង​ក្រុម​ធំ​ជា​បន្តបន្ទាប់ ដើម្បី​រក​វិធី​ប្រមូល​លុយ​ពួកគេ​ត្រឡប់​មក​វិញ។ ជាក់ស្តែង សារព័ត៌មាន The Cambodia Daily ក៏​បាន​ទទួល​សារ​សំឡេង​ក្នុង​កិច្ចប្រជុំ​ទាំងនោះ​ជា​ហូរហែ​ផង​ដែរ។

ម្ចាស់​ភាគហ៊ុន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងនោះ លើកឡើង​ថា តាម​ការពិត គោលការណ៍​វិនិយោគ​របស់​ក្រុមហ៊ុន CIC Partner ដែល​ធ្វើ​បទបង្ហាញ​រហូត​ធ្វើ​ឱ្យ​ពួកគេ​ផ្តល់​ប្រាក់កម្ចី​កន្លង​មក គឺ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ផ្តល់​កម្ចី​ឱ្យ​ក្រុមហ៊ុន​នេះ​ប្រាកដ​មែន ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​នេះ​នឹង​ដើរ​តួនាទី​ជា​ធនាគារ​កណ្តាល​មួយ​សម្រាប់​ម្ចាស់​លុយ​កម្ចី​ទាំងអស់ ក្នុង​ការ​ទទួល​លុយ​ដែល​ពួកគេ​ចង់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​យោង​តាម​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន បាន​ចែង​យ៉ាង​ច្បាស់​ថា បើ​ម្ចាស់​ភាគហ៊ុន​ត្រូវការ​លុយ​របស់​ខ្លួន​ត្រឡប់​ទៅវិញ​នៅ​ពេល​ណា​មួយ ពួកគេ​គ្រាន់តែ​ជូនដំណឹង​ឱ្យ​ក្រុមហ៊ុន ២​សប្តាហ៍​មុន​ប៉ុណ្ណោះ នោះ​ក្រុមហ៊ុន​នឹង​បង្វិល​សាច់ប្រាក់​ដែល​បាន​ស្នើសុំ​នោះ​ត្រឡប់​ទៅវិញ​ជាមិនខាន ប៉ុន្តែ​ក្រុមហ៊ុន​បែរ​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា ចាប់តាំងពី​ពួកគេ​បាន​ដាក់​លុយ​វិនិយោគ​មក ក្រុមហ៊ុន​មិន​ដែល​បាន​ផ្តល់​ការប្រាក់ ឬ​បង្វិល​លុយ​ដែល​ពួកគេ​បាន​ស្នើសុំ​ត្រឡប់​មក​វិញ​បាន​ម្តង​ណា​នោះ​ទេ ប៉ុន្តែ​ក្រោយ​ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង ទើប​ក្រុមហ៊ុន​បើក​កិច្ចប្រជុំ​មួយ​ដោយ​សុំ​ពន្យារពេល ៣​ខែ​សម្រាប់​រក​ដំណោះស្រាយ និង​សន្យា​សង​រំលស់​ប្រាក់​ដើម​ឱ្យ​ម្ចាស់​ភាគហ៊ុន​ទាំងនោះ​ជា​ដំណាក់កាលៗ​ថែម​ទៀត ប៉ុន្តែ​រហូត​ដល់​ពេលនេះ ខាង​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​នោះ​ឡើយ។

ម្ចាស់​ភាគហ៊ុន​ខាងលើ​ត្អូញត្អែរ​ថា មុន​នឹង​មាន​បញ្ហា​ដូច​ពេលនេះ ពួកគេ​ក៏​ធ្លាប់​លេច​ឮ​ថា ក្រុមហ៊ុន​មាន​បញ្ហា​បាត់​លុយ​តាំងពី​ឆ្នាំ​២០២២ មក​ដែរ ខណៈ​ការប្រាក់​ក៏​ពួកគេ​មិន​ទទួល​បាន​តាម​កិច្ចសន្យា​នោះ​ទៀត។

ម្ចាស់​ភាគហ៊ុន​ទាំងអស់ បាន​ស្នើសុំ​ទៅ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ឱ្យ​បង្ហាញ​ពី​ដំណើរការ​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ក្រុមហ៊ុន ឱ្យ​ពួកគេ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះ​ជា​មាន​ការ​ស្នើសុំ​យ៉ាងណា​ក៏ដោយ ក៏​ក្រុម​អភិបាល​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ មិន​ទទួលយក​សំណើ​នេះ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា បញ្ហា​ចម្បង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន CIC Partner នៅ​ពេលនេះ គឺ​បញ្ហា​ទំនុកចិត្ត​តែម្តង ព្រោះ​ថា​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន ត្រូវតែ​ដឹង​ពី​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទាំងអស់ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បែរ​ជា​ព្យាយាម​លាក់បាំង និង​បំបិទ​ព័ត៌មាន​ដែល​ម្ចាស់​ភាគហ៊ុន​គួរតែ​ដឹង​ទៅវិញ ដែល​ទង្វើ​នេះ​បង្ហាញ​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​មិន​សុចរិត និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ដែល​ខុស​ទៅ​នឹង​មាត្រា​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

បន្ទាប់ពី​មាន​ការ​តវ៉ា​ទាមទារ​សំណង​កាន់តែ​ខ្លាំង នៅ​ទីបំផុត ក្រុមហ៊ុន CIC Partner បាន​សម្រេច​ផ្តល់​ដំណោះស្រាយ​ដល់​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ទាំងអស់ ដោយ​សង​សំណង​ជា​ដី​ឡូត៍​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ជំនួស​ឱ្យ​ការ​សង​ជា​លុយ​សុទ្ធ​វិញ ប៉ុន្តែ​ដំណោះស្រាយ​នេះ​ស្ថិត​ក្នុង​ភាព​មិន​ដាច់ស្រេច​នៅឡើយ។

ឯកសារ​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ម្ចាស់​ភាគហ៊ុន​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន បង្ហាញ​ថា ក្រុមហ៊ុន CIC Partner បាន​ធ្វើ​បច្ចុប្បន្នភាព​ទ្រព្យសម្បត្តិ​មួយ​ផ្នែក​របស់​ក្រុមហ៊ុន​ឡើងវិញ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៨២​លាន ៣​ម៉ឺន ២​ពាន់ ៨៧​ដុល្លារ​អាមេរិក (៨២ ០៣២ ០៨៧​ដុល្លារ​អាមេរិក) ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ធំៗ​ចំនួន រួម​មាន៖

  • គម្រោង​ទី​១ គឺ​គម្រោង Thean Long មាន​ភាគហ៊ុន ៤៥% ស្ថិត​ក្នុង​កោះក្របី ខេត្ត​កណ្តាល លើ​ផ្ទៃដី​ជាង ១៦​ហិកតា (១៦,១៧​ហិកតា) ដែល​ក្រុមហ៊ុន​បាន​កំណត់​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ២៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (២៤ ២៥៩ ២៣០​ដុល្លារ)។
  • គម្រោង​ទី​២ គឺ​គម្រោង Golden Tree មាន​ភាគហ៊ុន ២៥% ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ដែល​វិនិយោគ​លើ​សំណង់​អគារ​មាន​តម្លៃ​សរុប​ជាង ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៧ ០២៦ ៧១៥​ដុល្លារ)។
  • គម្រោង​ទី​៣ គឺ​គម្រោង​ដី​ខេត្ត​កំពត ដំណាក់កាល​ទី​១ ស្ថិត​ក្នុង​ខេត្ត​កំពត មាន​ទំហំ​ជាង ៤០​ហិកតា (៤០,៦៥​ហិកតា) ដែល​ក្រុមហ៊ុន​បាន​កំណត់​តម្លៃ ៦៧​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ២៧​លាន​ដុល្លារ​អាមេរិក (២៧ ២៣២ ២៨៤​ដុល្លារ)។
  • គម្រោង​ទី​៤ គឺ​គម្រោង​ដី​ខេត្ត​កំពត ដំណាក់កាល​ទី​២ ស្ថិត​ក្នុង​ខេត្ត​កំពត ដដែល មាន​ទំហំ​ជិត ៣០​ហិកតា (២៩,៤១​ហិកតា) ដែល​ក្រុមហ៊ុន​បាន​កំណត់​តម្លៃ ៦៧​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ ដែល​មាន​ទឹកប្រាក់​សរុប​ជិត ២០​លាន​ដុល្លារ​អាមេរិក (១៩ ៧០២ ៩៥៨​ដុល្លារ)។
  • ចំណែក​គម្រោង​ទី​៥ គឺ​គម្រោង​ដី​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ​ជាង ២​ហិកតា (២,៥៤​ហិកតា) ដែល​ក្រុមហ៊ុន​បាន​កំណត់​តម្លៃ ៦៧​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ជិត ៤​លាន​ដុល្លារ​អាមេរិក (៣ ៨១០ ៩០០​ដុល្លារ) ដែល​គិត​ជា​សរុប គម្រោង​ចំនួន ៥ នេះ គឺ​មាន​ទំហំ​ដី​វិនិយោគ​សរុប​ជិត ១០០​ហិកតា (៨៨,៧៧​ហិកតា) លើកលែង​តែ​គម្រោង​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ទំហំ​ដី​ដែល​ខ្លួន​បាន​វិនិយោគ​នោះ។

ជុំវិញ​ការ​ស្វែងរក​ដំណោះស្រាយ​នេះ បើ​ទោះបីជា​ក្រុមហ៊ុន CIC Partner អះអាង​ចំពោះ​ម្ចាស់​ភាគហ៊ុន​ថា ខ្លួន​នឹង​សង​ដី​ឡូត៍​ជំនួស​លុយ​សុទ្ធ​ក៏ដោយ ក៏​មិនទាន់​មាន​ការ​ឯកភាព​គ្នា​ទាំងស្រុង​តាម​លក្ខខណ្ឌ​ផ្លូវច្បាប់​ដែរ ដោយសារតែ​ម្ចាស់​ភាគហ៊ុន​ទាំងនោះ​មិន​ទុកចិត្ត​ថា ដី​ដែល​ក្រុមហ៊ុន​ដោះដូរ​ឱ្យ​ខ្លួន ពួកគេ​អាច​នឹង​លក់​យក​លុយ​មក​ទូទាត់​ជាមួយ​លុយ​ដែល​បាន​ខាតបង់​ក្នុង​ក្រុមហ៊ុន​នេះ​កន្លង​មក​នោះ។

ជាង​នេះ​ទៀត បើ​ទោះបីជា​ក្រុមហ៊ុន​កំណត់​តម្លៃ​ដី​ឡូត៍​ទាំងនោះ​ហើយ​ក៏ដោយ ក៏​គ្រាន់តែ​ជា​ការ​កំណត់​របស់​ក្រុមហ៊ុន​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ស្តង់ដារ​តម្លៃ​ដី​លើ​ទីផ្សារ​អចលនទ្រព្យ​ជាក់ស្តែង ក៏​មិន​ដឹង​ថា តើ​ដី​ទាំងនោះ​មាន​តម្លៃ​ដូច​ក្រុមហ៊ុន​បាន​កំណត់​ឬ​ក៏​អត់​នោះ​ទេ ដែល​បញ្ហា​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​តវ៉ា​គ្នា​នៅឡើយ​រហូត​ដល់​ពេលនេះ។

ក្រោយ​បែកធ្លាយ​រឿង​អាថ៌កំបាំង​ជា​បន្តបន្ទាប់ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន CIC Partner ក៏​បាន​ព្យាយាម​បិទបាំង​នូវ​រឿងអាស្រូវ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ ក្នុង​នោះ ក្រុមហ៊ុន​បាន​ចេញ​លិខិត​បដិសេធ​មួយ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​បញ្ជាក់​ថា ការ​ចុះផ្សាយ​ព័ត៌មាន​ជុំវិញ​ករណី​មិន​សង​ការប្រាក់​ដល់​ម្ចាស់​ភាគហ៊ុន និង​ករណី​បាត់​លុយ​ក្នុង​ក្រុមហ៊ុន CIC កន្លង​មក គឺជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​ចុះផ្សាយ​ដែល​មាន​ចរិត​ចោទប្រកាន់ ទម្លាក់​កំហុស​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​ក៏​ព្រមាន​ស្នើ​ស្ថាប័ន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អ្នក​ដែល​ទម្លាយ​ពី​វិបត្តិ​របស់​ក្រុមហ៊ុន​ដែល​កំពុង​កើតមាន​នៅ​ពេលនេះ​ថែម​ទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ក្រុមហ៊ុន​អះអាង​ថា ការ​ទម្លាយ​រឿង​សម្ងាត់​ទាំងនោះ គឺជា​រឿង​មិន​ពិត។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន CIC Partner គឺ​លោក ឃីម សុខហេង ដែល​គេ​និយម​ហៅថា គ្រូ​ជោគជ័យ ក៏​បាន​ចេញ​មុខ​បដិសេធ​ជុំវិញ​រឿងអាស្រូវ​របស់​ក្រុមហ៊ុន CIC Partner ក្នុង​វីដេអូ​ប្រវែង​ជាង ៨​នាទី ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​ថា ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​កន្លង​មក គឺជា​រឿង​មិន​ពិត ហើយ​លោក​ក៏​មិន​បាន​ប្រមូល​លុយ​ពី​ម្ចាស់​ភាគហ៊ុន​នានា​យក​ទៅ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន CIC Partner ដូច​សារព័ត៌មាន​បាន​ចុះផ្សាយ​នោះ​ដែរ។

ម្ចាស់​ហាង Park Café លោក គុយ វ៉ាត ឈរ​ខាង​ក្រោយ​លោក ឃីម សុខហេង

លោក ឃីម សុខហេង បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​មិន​បាន​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​ដូច​ការ​ផ្សព្វផ្សាយ នោះ​លោក​ក៏​មិន​មាន​ភារកិច្ច​អ្វី​ត្រូវ​បកស្រាយ​ដែរ ប៉ុន្តែ​ក្នុង​វីដេអូ​នោះ​លោក ឃីម សុខហេង ក៏​មិន​បាន​បញ្ជាក់​ថា លោក​គឺជា​ស្ថាបនិក​ក្នុង​ក្រុមហ៊ុន CIC Partner នេះ​ដែរ ដែល​ទំនង​ជា​លោក​មាន​ចេតនា​មិន​ចង់​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ក្រុមហ៊ុន​នេះ​នា​ពេល​កន្លង​មក​នោះ។

បន្ទាប់ពី​ការ​បដិសេធ​របស់​លោក ឃីម សុខហេង ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ដែល​ត្រូវ​គ្រូ​ជោគជ័យ​រូប​នេះ​ប្រមូល​លុយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​អះអាង​របស់​លោក ឃីម សុខហេង គឺជា​ការ​និយាយ​កុហក​ប៉ុណ្ណោះ ហើយ​ការ​អះអាង​បែប​នេះ ក៏​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​លោក ឃីម សុខហេង តែ​ម្ខាង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​អះអាង​ពី​បុគ្គល​ផ្ទាល់ខ្លួន ឬ​ក្រុមហ៊ុន​សាមី​កន្លង​មក មិន​អាច​យក​ជា​មូលដ្ឋាន​ច្បាប់​បាន​ឡើយ ព្រោះ​ថា​ទាំង​ក្រុមហ៊ុន និង​ស្ថាបនិក​ទាំងនោះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ពី​ការ​ស៊ើបអង្កេត​ក្រោម​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​ជំនាញ​ណា​មួយ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ក្រៅពី​លោក ឃីម សុខហេង ស្ថាបនិក​ក្រុមហ៊ុន​នេះ​ផ្សេង​ទៀត ដូចជា លោក គុយ វ៉ាត លោក ហ៊ុន មុន្នីវណ្ណ និង​ឧកញ៉ា សុខ ពិសិដ្ឋ ជាដើម មិន​បាន​ចេញ​មុខ​បកស្រាយ​ជុំវិញ​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​ដែល​បាន​បែកធ្លាយ​នៅ​ពេលនេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ បើ​ទោះបីជា​មាន​ការ​ចោទប្រកាន់​លើ​ក្រុមហ៊ុន​នេះ​យ៉ាងណា​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​ដាក់​ចេញ​វិធានការ​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន CIC កែទម្រង់ ពិនិត្យ និង​រៀបចំ​គ្រប់គ្រង​ចំនួន​ប្រាក់​វិនិយោគ​របស់​វិនិយោគិន​ស្រប​ច្បាប់។ លើស​ពី​នេះ ន.ម.ក បាន​តម្រូវ​ឱ្យ CIC ចាត់ចែង​ទ្រព្យ​ដែល​កាត់កង​បាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ក្នុង​គោលដៅ​អភិវឌ្ឍ ដើម្បី​ធានា​ប្រយោជន៍​ដល់​វិនិយោគិន​ដែល​ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន។

កាលពី​ថ្ងៃទី​២៥ ខែ​មីនា ក្រុមហ៊ុន CIC ក៏​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ករណី​ក្រុមហ៊ុន​ខ្លួន​មិនមែន​ជា​សំណុំរឿង​បោកប្រាស់​ដូច​ការ​ចោទប្រកាន់​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ឡើយ ប៉ុន្តែ​ជា​វិបត្តិ​សន្ទនីយភាព​សាច់ប្រាក់​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សកល និង​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​អះអាង​ថា នឹង​នៅតែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ដោយ​ធានា​ឱ្យ​បាន​ជា​អតិបរិមា​នូវ​ផល​ប្រយោជន៍​របស់​វិនិយោគិន​គ្រប់​រូប។

ប្រភព​ដដែល​លើកឡើង​ថា ក្រុមហ៊ុន​នឹង​បន្ត​ធ្វើការ​ដោយ​អនុលោម​ទៅ​តាម​គោលការណ៍ និង​បទប្បញ្ញត្តិ​ដែល​កំណត់​ដោយ ន.ម.ក. ដែល​តែងតែ​តម្កល់​ផល​ប្រយោជន៍​វិនិយោគិន​ជា​អាទិភាព។

ក្រុមហ៊ុន​សុំ​ឱ្យ​វិនិយោគិន​ទាំងអស់​ចូលរួម​ក្នុង​យន្តការ​ដោះស្រាយ​បញ្ហា​នេះ ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​គម្រោង​វិនិយោគ​ដែល ន.ម.ក. ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​អាច​ឱ្យ​ក្រុមហ៊ុន​បញ្ចប់​បេសកកម្ម​ក្នុង​ការ​វេច​ខ្ចប់​ទ្រព្យ​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ដំណោះស្រាយ​សម្រាប់​វិនិយោគិន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ក្រុម​ស្ថាបនិក​របស់​ក្រុមហ៊ុន CIC Partner គួរតែ​បើក​ទូលាយ​ឱ្យ​មាន​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​បញ្ហា​ដែល​ខ្លួន​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ពី​ការ​បាត់​សាច់ប្រាក់ និង​ការ​តវ៉ា​ទាមទារ​ពី​អ្នក​ដែល​បាន​ផ្តល់​កម្ចី​រាប់​រយ​នាក់​នៅ​ពេលនេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ

លោក សេក សុជាតិ លើកឡើង​ថា មាន​តែ​ការ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុណ្ណោះ ទើប​ក្រុមហ៊ុន​នេះ​អាច​លុបបំបាត់​នូវ​មន្ទិល​សង្ស័យ​នានា​ពី​មហាជន និង​រួច​ផុត​ពី​ទោសទណ្ឌ​តាម​ផ្លូវច្បាប់​បាន ហើយ​ក៏​អាច​បញ្ជាក់​ថា ខ្លួន​ពិត​ជា​មាន​ភាព​ស្អាតស្អំ​មិន​ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា និង​ការ​លើកឡើង​របស់​អ្នក​ផ្តល់​កម្ចី​រាប់​រយ​នាក់​ទាំងនោះ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ពិត​ជា​មាន​កំហុស​ដោយ​ការ​បំពាន​កិច្ចសន្យា​មិន​ផ្តល់​ការប្រាក់​ដល់​ម្ចាស់​កម្ចី​រងគ្រោះ​មែន​នោះ ក្រុមហ៊ុន​ក៏​ត្រូវ​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ទទួល​ពិន័យ​ទៅ​តាម​កម្រិត​ទោស​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ ដើម្បី​ជា​គំរូ​ល្អ​ដល់​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​រកស៊ី​របៀប​នេះ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក សេក សុជាតិ បញ្ជាក់​ថា ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ពាណិជ្ជកម្ម និយ័តករ​មូលបត្រ​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាដើម គួរតែ​ពិនិត្យ​លើ​ករណី​នេះ​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ថា​បើ​ក្រុមហ៊ុន CIC Partner ពិត​ជា​បាន​ប្រព្រឹត្ត​ទង្វើ​រំលោភ​ច្បាប់​មែន ប៉ុន្តែ​នៅតែ​អាច​បន្ត​ធ្វើ​សកម្មភាព​បាន​ទៀត​នោះ គឺ​មាន​ន័យ​ថា ហាក់ដូចជា​នាំគ្នា​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បែប​នេះ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​កាន់តែ​ខ្លាំង​ឡើងៗ​បន្ថែម​ទៀត​ដែរ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា ការ​បាត់​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន CIC Partner រហូត​គ្មាន​លុយ​បង់​ការ​ឱ្យ​ម្ចាស់​ភាគហ៊ុន​រាប់​រយ​នាក់​នៅ​ពេលនេះ មិនមែន​គ្រាន់តែ​ជា​ករណី​បាត់​លុយ​ធម្មតា​ទេ គឺជា​អំពើ​ឆបោក​ដ៏​ធំ ដែល​អាច​នឹង​រអិល​ធ្លាក់​ទៅ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ពុករលួយ​ថែម​ទៀត ដោយសារតែ​អ្នក​ពាក់ព័ន្ធ​ដែល​ជា​ស្ថាបនិក​ធំៗ​ក្នុង​ក្រុមហ៊ុន​នេះ ក៏​ទាក់ទិន​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ដែរ ខណៈ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ពី​ស្ថាប័ន​ជំនាញ​នៅតែ​មិន​ត្រូវ​បាន​អនុវត្ត​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ។

លោក គឹម សុខ លើកឡើង​ថា ការ​ស្រាវជ្រាវ​ត្រូវ​ធ្វើ​ឡើង​ក្រោម​តម្លាភាព​តាម​ផ្លូវច្បាប់​ដ៏​ហ្មត់ចត់ ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​បុគ្គល​ណា​ខ្លះ​ជា​អ្នក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​នេះ ហើយ​ពួកគេ​មាន​ឋានៈ​ជា​អ្វី​ក្នុង​សង្គម។ ជាង​នេះ​ទៀត តើ​មាន​អ្នក​ពាក់ព័ន្ធ​នៅ​ពីក្រោយ​នៃ​ការ​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ដែរ​ឬ​ទេ បើ​មាន តើ​បុគ្គល​នោះ​គឺជា​នរណា មាន​តួនាទី​ជា​អ្វី ហេតុ​អ្វី​មាន​សិទ្ធិ​ធំ​ក្នុង​ការ​បញ្ជា និង​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ទាំងមូល​ពីក្រោយ​ខ្នង​រហូត​មក​នោះ?

លោក គឹម សុខ បញ្ជាក់​ថា បើ​មិន​មាន​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទេ នោះ​ក្រុមហ៊ុន​នេះ​នឹង​ជាប់​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើ​ឆបោក និង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ពុករលួយ​ជាមិនខាន ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ថែម​ទៀត។

លោក​បន្ត​ថា ស្ថាបនិក​ដែល​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​សុទ្ធសឹងតែ​ជា​ក្រុម​មនុស្ស​ដែល​មាន​ទំនាក់ទំនង​នឹង​បណ្ដាញ​ក្នុង​ជួរ​រដ្ឋាភិបាល រួម​ទាំង​លោក ហ៊ុន ម៉ាណែត ផ្ទាល់ និង​ឧកញ៉ា សុខ ពិសិដ្ឋ ដែល​ជា​នាយក​ក្រុមហ៊ុន ជី ហ្គៀរ ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់​អ្នកស្រី ពេជ ចន្ទមុន្នី ស្រប​ពេល​ដែល​ឧកញ៉ា​រូប​នេះ​ក៏​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

លក្ខន្តិកៈ​ក្រុមហ៊ុន ជីហ្គៀ គ្រុប ឯ.ក

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង​ជុំវិញ​ការ​បោកប្រាស់​របស់​ក្រុមហ៊ុន​ដែល​ខ្ចី​លុយ​ពី​ប្រជាពលរដ្ឋ​ដោយ​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់ នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ប្រជាពលរដ្ឋ​មិន​គួរ​យក​លុយ​ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់​ឱ្យ​ខ្លួន​នោះ​ទេ។

លោក​បន្ថែម​ថា ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​អាច​ផ្តល់​ការប្រាក់​ខ្ពស់​ឱ្យ​ម្ចាស់​លុយ​បាន​ពិត​មែន ពួកគេ​ច្បាស់​ជា​មិន​ផ្តល់​ការប្រាក់​ទាំងនោះ​ឱ្យ​ទៅ​អ្នក​ដទៃ​ឡើយ គឺ​ពួកគេ​ច្បាស់​ជា​ទៅ​យក​លុយ​ពី​ធនាគារ​ជាមិនខាន ព្រោះ​ថា​ពិដាន​ការប្រាក់​របស់​ធនាគារ​ដែល​កំណត់​ដោយ​រដ្ឋ​ខ្ពស់​បំផុត គឺ​ត្រឹមតែ ១,៥% ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​អាច​ខ្ចី​ធនាគារ​បាន​ទេ ដូច្នេះ​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងនោះ គឺ​មាន​តែ​ខ្ចី​លុយ​ពី​ប្រជាពលរដ្ឋ​ក្រោម​រូបភាព​នៃ​ការ​បណ្ដាក់ទុន​វិនិយោគ​ប៉ុណ្ណោះ។

បណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់​ថា មុខជំនួញ​ដែល​មាន​ហានិភ័យ​ខ្ពស់ តែងតែ​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់ ដែល​គេ​ហៅថា​ហានិភ័យ​ខ្ពស់​ត្រូវ​បាន​លុបបំបាត់​ដោយ​ផល​ចំណេញ​ខ្ពស់​ដែរ។ លោក​បន្ថែម​ថា អ្នក​ផ្តល់​កម្ចី​តែងតែ​រំពឹង​ថា បើ​ក្រុមហ៊ុន​ដែល​ពួកគេ​ផ្តល់​កម្ចី​នោះ​ផ្តល់​ការប្រាក់​ត្រឹមតែ​រយៈពេល ៣ ទៅ ៤​ខែ នោះ​ពួកគេ​នឹង​រួច​ខ្លួន ហើយ​បើ​ពួកគេ​នៅតែ​អាច​បន្ត​ទទួល​បាន​ការប្រាក់​នៅ​ខែ​បន្ទាប់​ទៀត នោះ​ពួកគេ​នឹង​ចំណេញ​ជាមិនខាន ប៉ុន្តែ​ពួកគេ​មិន​ដែល​ទទួល​បាន​ការប្រាក់​ដល់​ទៅ ៤ ឬ ៥​ខែ​នោះ​ទេ យ៉ាង​យូរ​បំផុត​ត្រឹម ១​ខែ ឬ ២​ខែ​ប៉ុណ្ណោះ ពួកគេ​ច្បាស់​ជា​លែង​ទទួល​បាន​ការប្រាក់​នោះ​ទៀត​ហើយ។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​គូស​បញ្ជាក់​ថា ការ​វិនិយោគ​បែប​នេះ គេ​ហៅថា ជា​ការ​វិនិយោគ​បោកប្រាស់ Fraud Investment ឬ Ponzi Scheme ដែល​ប្រជាពលរដ្ឋ​គួរ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ព្រោះ​ថា​ការ​បោកប្រាស់​បែប​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​ស្ថិត​ក្នុង​ទម្រង់​តែ​មួយ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏​មិន​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន CIC Partner ដូច​គ្នា​ដែរ បើ​ទោះបីជា​មាន​ការ​ទម្លាយ​ពី​អាថ៌កំបាំង​មិន​ប្រក្រតី​ផ្ទៃក្នុង និង​ការ​តវ៉ា​ទាមទារ​លុយ​ពី​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​រាប់​រយ​នាក់​ដែល​បាន​ដាក់​លុយ​ចូល​ក្នុង​ក្រុមហ៊ុន​នេះ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ​ក៏ដោយ ដែល​នាំ​ឱ្យ​មាន​ចម្ងល់​ជាច្រើន​ជុំវិញ​បញ្ហា​នេះ ដូចជា៖

  • តើ​កន្លង​មក ក្រុមហ៊ុន CIC Partner បាន​ប្រមូល​បាន​ពី​ម្ចាស់​ភាគហ៊ុន​មាន​ចំនួន​ប៉ុន្មាន ហើយ​ប្រតិបត្តិការ​លើ​ការ​វិនិយោគ​អ្វី​ខ្លះ និង​ចំណាយ​ទុន​វិនិយោគ​អស់​ប៉ុន្មាន?
  • តើ​ក្រុមហ៊ុន​នេះ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​មកពី​មូលហេតុ​អ្វី?
  • តើ​ក្រុមហ៊ុន​ពិត​ជា​បាត់​លុយ​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក​ដូច​ការ​ចោទប្រកាន់​របស់​ម្ចាស់​ភាគហ៊ុន​រងគ្រោះ​មែន​ដែរ​ទេ?
  • បើ​គ្មាន​ការ​ស៊ើបអង្កេត​ទេ តើ​ក្រុមហ៊ុន CIC Partner អាច​ជា​ក្រុមហ៊ុន​លាង​លុយ​ខ្មៅ​ឱ្យ​អ្នក​មាន​អំណាច​ដែរ​ទេ ទើប​បាន​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​កម្ពុជា មិន​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ?

រហូត​មក​ដល់​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​ស្ថាបនិក​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ផ្ទាល់ ចេញ​មក​បញ្ជាក់​លើ​បញ្ហា​បាត់​លុយ និង​បញ្ហា​មិន​ផ្តល់​ការប្រាក់​ដែល​កំពុង​ផ្ទុះ​ការ​តវ៉ា​នៅ​ពេលនេះ​ទៅ​តាម​ផ្លូវច្បាប់ ដូចជា ការ​ធ្វើ​សវនកម្ម​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​នៅឡើយ​ទេ គឺ​មាន​តែ​ការ​បដិសេធ​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

ការ​វិនិយោគទុន​ដាក់​លុយ​ទទួល​បាន​ការប្រាក់​របស់​ក្រុមហ៊ុន CIC Partner គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​របៀប​បោក​បញ្ឆោត​មួយ​ជា​ភាសា​អង់គ្លេស​ហៅថា Ponzi scheme ដែល​មាន​ឫសគល់​ចេញពី​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​ឈ្មោះ Charles Ponzi នា​ឆ្នាំ​១៩២០។ មុខរបរ​បោកប្រាស់​បែប​នេះ ដោយសារតែ​ពួកគេ​មាន​គំនិត​លោភលន់​ចង់បាន​ផល​ប្រយោជន៍​ច្រើន និង​ឆាប់​រហ័ស។

នៅ​សហរដ្ឋ​អាមេរិក អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ផ្ដន្ទាទោស​មនុស្ស​រកស៊ី​ទុច្ចរិត​បោកប្រាស់​ក្នុង​មុខជំនួញ​បែប​នេះ​ច្រើន​នាក់​មក​ហើយ រួម​ទាំង​គ្រួសារ​ខ្មែរ-អាមេរិកាំង​ផង​ដែរ។

តាម​អត្ថន័យ​ក្នុង​គេហទំព័រ​វិនិយោគ​តាម​ច្បាប់ Investopia និង​ការិយាល័យ​អ្នក​ច្បាប់ Zamansky LLC អ្នក​ផ្តើម​របរ​រកស៊ី Ponzi ដាក់​ទុន​តិចតួច រួច​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលរួម​ដាក់​ទុន ដោយ​សន្យា​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​លើស​គេ ដូចជា ការប្រាក់​ខ្ពស់ ផល​ចំណេញ​ច្រើន ជាដើម។ ជួនកាល គេ​យក​សាច់ញាតិ​របស់​គេ​ដាក់​ទុន​នាំមុខ ដើម្បី​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មាន​ការ​ទាក់ចិត្ត​ចង់​ដាក់​ទុន​រកស៊ី​ដែរ។ គេ​បង់​ការប្រាក់​ខ្ពស់​លើ​ដើមទុន​យ៉ាង​ទៀងទាត់​ប៉ុន្មាន​ខែ​ដំបូង។

ម្ចាស់​ដើមទុន​ចូលរួម​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ឃើញ​បាន​ផល​ដូច​ការ​សន្យា​មែន។ តាម​ការពិត វិធី​បង់​ការប្រាក់​លើ​ប្រាក់​ដើមទុន គឺ​គេ​គ្រាន់តែ​បង្វិល​ប្រាក់​ក្នុង​ក្រុមហ៊ុន​នោះ​យក​ប្រាក់​ពី​អ្នក​ចូលរួម​ក្រោយៗ ទៅ​បង់​ឲ្យ​អ្នក​ចូលរួម​មុនៗ​តែប៉ុណ្ណោះ ពោល​គឺ​បង្វិល​យក​ពី​មួយ​ទៅ​ឲ្យ​មួយ​ទៀត រួម​ទាំង​ឲ្យ​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​គ្រប់គ្រង ដោយ​មិន​បាន​យក​ទុន​ទាំងនោះ​ទៅ​បណ្ដាក់​ក្នុង​គម្រោង​វិនិយោគ​ណា​មួយ ដើម្បី​រក​ផល​ចំណេញ​ឲ្យ​សមាជិក​នោះ​ឡើយ។ គេ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​វិធី​រកស៊ី​យក​ប្រាក់​ពី​អ្នក​ដទៃ​ទៅ​ចែកចាយ​គ្នា​ធ្វើ​សេដ្ឋី។

Ponzi scheme រស់រាន​ទៅ​មុខ​បាន ហើយ​អាច​បង់​ការប្រាក់​ខ្ពស់​ដល់​សមាជិក​របស់​ខ្លួន​បាន អាស្រ័យ​នៅ​លើ​ការ​រើស​សមាជិក​ចូល​ថ្មី​ថែម​ទៀត​តែប៉ុណ្ណោះ បើ​គ្មាន​សមាជិក​ចូល​ថ្មី​ថែម​ទៀត​ទេ នោះ​ធនធាន​ក្នុង​ដើមទុន​ពី​មុន​ក៏​ស្រកស្រុត ហើយ​នឹង​រលាយ​បាត់​អស់​តែម្តង។ អ្នក​ច្បាប់​អាមេរិកាំង​រំឭក​សាធារណជន អតិថិជន​ថា បើ​ក្រុមហ៊ុន​ណា​សន្យា​ក្នុង​មុខរបរ​ថា​ផ្តល់​ផល​ច្រើន​លើស​គេ សូម​ឲ្យ​ប្រយ័ត្ន​ពិចារណា ហើយ​ស៊ើបសួរ​តាមដាន​សិន។

នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មាន​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​យក​ប្រាក់​ពី​ពលរដ្ឋ​ប្រភេទ​នេះ​ច្រើន​ណាស់ ទាំង​នៅ​ជនបទ និង​នៅ​តាម​ទីក្រុង ដោយ​ពួកគេ​ឃោសនា​ថា ក្រុមហ៊ុន​នឹង​ផ្តល់​ការប្រាក់​ខ្ពស់​ជា​រៀងរាល់​ខែ ប្រសិនបើ​ពលរដ្ឋ​ណា​យក​ប្រាក់​ទៅ​ដាក់​ទុន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​នោះ។

ក្រោយ​ពេល​មាន​អ្នក​ជឿ​ស្ម័គ្រចិត្ត​ដាក់​ដើមទុន​ចូល​ក្នុង​ក្រុមហ៊ុន​រយៈពេល ២ ទៅ ៣​ខែ​ដំបូង ម្ចាស់​ប្រាក់​ទុន​ទាំងនោះ​តែងតែ​ទទួល​បាន​ការប្រាក់​យ៉ាង​ទៀងទាត់ ក្នុង​នោះ​មាន​ម្ចាស់​ប្រាក់​ខ្លះ​បាន​ដាក់​ប្រាក់​ថែម​ទៀត​រហូត​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ណែនាំ​ឱ្យ​សាច់ញាតិ មិត្តភក្ដិ ព្រមទាំង​ខ្ចី​ប្រាក់​ធនាគារ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​នោះ​ថែម​ទៀត។

ប៉ុន្តែ​នៅ​ខែ​ទី​៥ ឬ​ខែ​ទី​៦ ខាង​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការប្រាក់​ឱ្យ​ម្ចាស់​ទុន​ទៀត​នោះ​ទេ ខណៈ​ម្ចាស់​ទុន​ទៅ​តវ៉ា​យក​ប្រាក់​របស់​ខ្លួន​ត្រឡប់​មក​វិញ ភាគី​ខាង​ក្រុមហ៊ុន​តែង​ប្រើ​ល្បិច​ដោះដូរ​ជា​ដី​ឡូត៍​ដែល​មាន​តម្លៃ​ថោកៗ ឱ្យ​ទៅ​ម្ចាស់​លុយ​ទាំងនោះ ខណៈ​ម្ចាស់​លុយ​ដែល​ធ្លាប់តែ​អស់សង្ឃឹម​ក្នុង​ការ​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ ក៏​សុខចិត្ត​ទទួលយក​ដី​ទាំងនោះ ទោះ​ដឹង​ថា​ខ្លួន​លក់​ដី​នោះ​មិន​អាច​ទូទាត់​លុយ​ដែល​ខ្លួន​បាន​បាត់បង់​ក៏ដោយ ចំណែក​ខាង​ក្រុមហ៊ុន ក៏​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ដោយសារតែ​ល្បិចកល​មួយ​នេះ ហើយ​លុយ​ដែល​ពួកគេ​ប្រមូល​បាន ក៏​ក្លាយ​ជា​លុយ​ស្រប​ច្បាប់​របស់​ពួកគេ​ផ្ទាល់ខ្លួន​តែម្តង។

ប្រភេទ​ក្រុមហ៊ុន​ដូច​បាន​រៀបរាប់​ទាំងនេះ បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​ពី​ពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​ហើយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រាជរដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​ទាំងនោះ​ទេ ខណៈ​ក្រុមហ៊ុន​ទាំងនោះ​អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស