អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ព្រមានថា លោក ហ៊ុន សែន កំពុងតែធ្វើឱ្យបាត់បង់នូវស្ថិរភាព និងសន្តិសុខសម្រាប់តំបន់អាស៊ីភាគអាគ្នេយ៍យ៉ាងធ្ងន់ធ្ងរ ដោយសារតែមេដឹកនាំខ្មែររូបនេះបានបើកដៃឲ្យក្រុមចោរជនជាតិចិនកុម្មុយនីស្ត និងពួកម៉ាហ្វៀរចិន ធ្វើអ្វីៗតាមចិត្តនៅក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ មិថុនា នេះថា កម្ពុជាដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ បានលាក់ទុកក្រុមឧក្រិដ្ឋជន និងក្រុមចោរអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពួកគេអាចធ្វើសកម្មភាពតាមអំពើចិត្ត ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម ដែលកើតមកពីអំពើពុករលួយ ដោយសារតែមានការការពារពីរដ្ឋអំណាចរបស់លោក ហ៊ុន សែន។
លោកបន្តថា ក្រុមឧក្រិដ្ឋជនអន្តរជាតិទាំងនេះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅថ្ងៃមុខ។
ការអះអាងរបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងបើកផ្លូវឱ្យពួកម៉ាហ្វៀរជនជាតិចិនចូលទៅរស់នៅ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីកម្ពុជាភ្ជាប់ទំនាក់ទំនងមិត្តដែកថែបជាមួយចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចេញផ្សាយជាវីដេអូរយៈពេលជាង ៤០នាទី ដែលមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» ដោយក្នុងវីដេអូនោះបានរៀបរាប់យ៉ាងច្រើនពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិននៅកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិចិន និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាជាប្រព័ន្ធ ជាពិសេសគឺពាក់ព័ន្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
ជាងនេះទៅទៀត សារព័ត៌មាន The Australian ក៏បានចេញផ្សាយកាលពីពេលកន្លងទៅដែរថា កម្ពុជាកំពុងរងនូវការសង្ស័យថាកំពុងប្រព្រឹត្តអំពើជួញដូរមនុស្សយ៉ាងធំដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនលាងលុយជនជាតិចិន ដែលជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងក្មួយប្រុសរបស់មេដឹកនាំផ្ដាច់ការកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន តូ។
ជុំវិញបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានបង្ហាញកាលពីចុងឆ្នាំ២០២១ ថា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិនជាង ៥០០នាក់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា ហើយជនជាតិចិនដែលត្រូវបានចាប់ខ្លួនទាំងនោះ ភាគច្រើនបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ការឆបោក អំពើចោរកម្ម ការរត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ជាដើម៕