38.8 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​លោក បើ​មិន​ចាប់​លោក សម រង្ស៊ី ឱ្យ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន គំរាម​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​វៀតណាម ថា​ប្រសិនបើ​ខ្លួន​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​មក​កម្ពុជា នោះ​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក។

ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​ដក ឬ​លុប​សម្ដី​របស់​ខ្លួន​វិញ​ត្រឹម​រយៈពេល​ប្រមាណ ៧​ម៉ោង​ប៉ុណ្ណោះ។

បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា លោក សម រង្ស៊ី នឹង​ប្រើ​លិខិត​ឆ្លងដែន​ជនជាតិ​បារាំង​ចូល​ទៅ​ទឹកដី​វៀតណាម ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរណ៍។

លោក ហ៊ុន សែន បញ្ជាក់​ថា បំណង​របស់​លោក សម រង្ស៊ី ធ្វើ​បែប​នេះ គឺ​ចង់​ឲ្យ​លោក​ខឹង ដូច្នេះ​រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាច់ខាត​នៅ​ពេល​ដែល​គាត់​ចូល​ទៅ​ដល់​ទឹកដី​របស់​ខ្លួន។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​លោក​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​វីដេអូ​នោះ​ត្រូវ​បាន​លុប​ចេញពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន វិញ ហើយ​ក្រោយ​មក​មាន​ការ​បង្ហោះ​សារ​នេះ​ឡើងវិញ​នូវ​វីដេអូ​ដដែល​នោះ ប៉ុន្តែ​ត្រូវ​បាន​កាត់​ចំណុច​ដែល​លោក ហ៊ុន សែន គំរាម​វៀតណាម​ជុំវិញ​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ចោល​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មិថុនា នេះ​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ​ដោយសារតែ​លោក ហ៊ុន សែន ដឹង​ថា​សម្ដី​របស់​គាត់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​វៀតណាម​មិន​សប្បាយចិត្ត​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ក៏​ទំនង​ជា​មាន​សារ​នយោបាយ​ការទូត​សម្ងាត់​ពី​ស្ថានទូត​វៀតណាម ឬ​មេដឹកនាំ​វៀតណាម​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា ឬ​ទៅ​កាន់​លោក ហ៊ុន សែន ផ្ទាល់​ផង​ដែរ ទើប​ធ្វើ​ឲ្យ​គាត់​ត្រូវ​បង្ខំ​ចិត្ត​កាត់​សម្ដី​ដែល​គាត់​បាន​គំរាម​រដ្ឋាភិបាល​វៀតណាម​ចោល មុន​នឹង​បង្ហោះ​សាជាថ្មី​ឡើងវិញ​បែប​នេះ។

លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ច្រឡំ​ខ្លួនឯង​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​ការ​ប្រើ​សម្ដី​បែប​នេះ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដែល​គាត់​គ្រាន់តែ​ជា​មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​វៀតណាម​បាន​លើក​បន្តុប​ប៉ុណ្ណោះ ហើយ​ការ​គំរាម​របស់​លោក ហ៊ុន សែន នេះ គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម​ធ្ងន់ធ្ងរ​ណាស់ ខណៈ​វៀតណាម​ក៏​ទំនង​ជា​មិន​សប្បាយ​ចិត្ត​នឹង​សម្ដី​របស់​លោក ហ៊ុន សែន បែប​នេះ​ដែរ។

អ្នកវិភាគ​រូប​នេះ​រិះគន់​ថា លោក ហ៊ុន សែន មិន​យល់​អំពី​នយោបាយ​ការទូត​តាមរយៈ​សម្ដី​គាត់​ទៅ​កាន់​វៀតណាម​បែប​នេះ ព្រោះ​ថា​បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ប្រើ​លិខិត​ឆ្លងដែន​ក្នុង​នាម​ជា​ជនជាតិ​បារាំង​ចូល​ប្រទេស​វៀតណាម រដ្ឋាភិបាល​វៀតណាម​មិន​អាច​ទៅ​ចាប់​លោក សម រង្ស៊ី តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ទេ ព្រោះ​បើ​ចាប់​លោក សម រង្ស៊ី វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​នយោបាយ​ការទូត​ធំ​ណាស់​រវាង​វៀតណាម​ជាមួយ​នឹង​ប្រទេស​បារាំង ជាមួយ​សហភាព​អឺរ៉ុប ឬ​សហរដ្ឋ​អាមេរិក ជាដើម។

លោក គឹម សុខ បញ្ជាក់​ថា វៀតណាម​សព្វថ្ងៃ​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ពី​នយោបាយ​ការទូត​ជាមួយ​ប្រទេស​បារាំង ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្តិសុខ​ក្នុង​តំបន់ ជាដើម ធំធេង​ណាស់ ដូច្នេះ​ជុំវិញ​ករណី​លោក សម រង្ស៊ី យ៉ាង​ច្រើន​បំផុត​រដ្ឋាភិបាល​វៀតណាម​រក​វិធី​មិន​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​វៀតណាម​បាន ឬ​បើ​គាត់​អាច​ចូល​បាន​តាម​វិធី​ណា​មួយ​នោះ វៀតណាម​គ្រាន់តែ​សុំ​ឲ្យ​លោក សម រង្ស៊ី ចាកចេញ​ពី​វៀតណាម​វិញ​ប៉ុណ្ណោះ ព្រោះ​ការ​ធ្វើ​បែប​នេះ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វៀតណាម​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សន្យា​ជាមួយ​លោក​ចំនួន ៤​ដង ថា​នឹង​មិន​ឲ្យ​លោក សម រង្ស៊ី ជាន់​ទឹកដី​ម៉ាឡេស៊ី ជាដាច់ខាត ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​ប្រើ​ល្បិច​លួច​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី តាម​វិស័យ​ឯកជន​ដោយ​ប្រើ​ប៉ាសស្ព័រ​បារាំង បាន​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​មាន​តម្លៃ​ស្មើ​សត្វ​តិរច្ឆាន ប្រសិនបើ​លោក​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស​នៅ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១៨ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា បើ​លោក​ចុះហត្ថលេខា​ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី លោក​សុខចិត្ត​កាត់​ដៃ​ស្តាំ​ខ្លួនឯង​ក្រវាត់​ចោល។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន សម្លឹង​មើល​ប្រយោជន៍​នយោបាយ​របស់​គាត់​ធំ​ជាង​អ្វីៗ​ទាំងអស់ ដូច្នេះ​គាត់​អាច​នឹង​មិន​ធ្វើ​ដូច​អ្វី​ដែល​គាត់​បាន​និយាយ​ទេ​នៅ​ពេល​ដែល​លោក សម រង្ស៊ី អាច​ផ្តល់​ប្រយោជន៍​នយោបាយ​ណា​មួយ​ដល់​គាត់​បន្ត​ទៀត ព្រោះ​ថា​កន្លងមក មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នេះ​តែងតែ​ឈ្លោះ​គ្នា​ស៊ី​សាច់​ហុត​ឈាម ហើយ​ពេល​ត្រូវ​គ្នា​គឺ​ផ្អែមល្ហែម​ជាង​ទឹកឃ្មុំ​ទៅ​ទៀត នៅ​ពេល​ដែល​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​នយោបាយ​ពី​គ្នា​ទៅវិញ​ទៅមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស