32.5 C
Phnom Penh

ក្រុម​ឃ្លាំមើល៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​នឹង​មាន​វាសនា​ដូច​បក្ស​ប្រឆាំង​និង​សារព័ត៌មាន​ឯករាជ្យ បើ​រដ្ឋាភិបាល​មិន​គោរព​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​នឹង​មាន​វាសនា​ដូច​គណបក្ស​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ ប្រសិនបើ​ច្បាប់​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​គោរព​ដោយ​ម៉ឺងម៉ាត់​ទេ​នោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ មិថុនា ថា ការ​បង្កើត​ច្បាប់​ដើម្បី​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​ស្ដីពី​ប្រភព​ប្រាក់ចំណូល​របស់​ពួកគេ មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ប៉ុន្តែ​ត្រូវតែ​ធ្វើឡើង​តាម​នីតិវិធី និង​យន្តការ​សមស្រប​ដែល​មាន​ការ​ព្រមព្រៀង​គ្នា ជាជាង​ការ​ចាប់​បង្ខំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុកចិត្ត​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ។

បណ្ឌិត មាស នី អះអាង​ថា ជំនួយ​ពី​បរទេស​នានា​សម្រាប់​ដំណើរការ​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺជា​ជំនួយ​ស្រប​ច្បាប់​ទាំងអស់ ព្រោះ​ជំនួយ​ទាំងនោះ​គឺ​ត្រូវ​បាន​ធ្វើឡើង​ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៤២ ជាដើម។ លោក​បន្ថែម​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺជា​ដៃគូ​សំខាន់​ណាស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ។

បណ្ឌិត មាស នី គូស​បញ្ជាក់​ថា ការ​បែកបាក់​កម្លាំង​ជួយ​អភិវឌ្ឍ​ជាតិ​រវាង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង រួម​ជាមួយ​សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​ការ​មិន​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង បាន​ក្លាយ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​សព្វថ្ងៃ​នេះ។

លោក​សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិបាល​អនុវត្ត​ដោយ​ចាប់​បង្ខំ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់ និង​បង្កើត​នូវ​ការ​មិន​ទុកចិត្ត​គ្នា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឯកោ​ក្នុង​ការ​ដឹកនាំ​ប្រទេស ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ខេត្ត​កណ្តាល លោក ហ៊ុន សែន បាន​គំរាម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ករណី​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រាយការណ៍​ពី​ប្រភព​ហិរញ្ញវត្ថុ​របស់​ខ្លួន ហើយ​ប្រសិនបើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ​មិន​រាយការណ៍​តាម​ច្បាប់​កំណត់​ទេ​នោះ នឹង​ត្រូវ​រំលាយ​ចោល​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​លើ​អង្គការ​សមាគម​រួចរាល់​ហើយ គឺ​រដ្ឋាភិបាល​នឹង​មិន​ដកថយ​ដាច់ខាត​ចំពោះ​លក្ខខណ្ឌ​តម្រូវ​នេះ ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ចំពោះ​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យខាងតែ​បាន ព្រោះ​ប្រភព​ចំណូល​ដែល​ពួកគេ​ទទួល​បាន​កន្លងមក រដ្ឋាភិបាល​មិន​ដែល​ដឹង​ទេ​ថា​អង្គការ​ទាំងនោះ​យក​មក​ប្រើ​ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ឬ​ក៏​អត់​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បំណង​ពិតប្រាកដ​ក្នុង​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិនមែន​មកពី​គាត់​ចង់​ដឹង​ពី​ប្រភព​ចំណូល​របស់​អង្គការ​ទាំងនោះ​ទេ ប៉ុន្តែ​ការពិត គឺ​គាត់​ចង់​គាបសង្កត់​ការ​ប្រតិបត្តិការ និង​ចង់​រំលាយ​អង្គការ​ណា​ដែល​ធ្វើការ​លើ​រឿង​រសើប​ទាក់ទង​នឹង​អំពើពុករលួយ សិទ្ធិ​សេរីភាព និង​ការ​អនុវត្ត​កិច្ចការ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស