37 C
Phnom Penh

លោក ហ៊ុន សែន អរគុណ​ភាគី​ថៃ​ដែល​សន្យា​មិន​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណ​ទៅ​ដល់​ភាគី​ប្រទេស​ថៃ គណបក្ស​កាវក្លៃ ឬ «Move Forward» ដែល​បាន​បញ្ជាក់​អំពី​គោលជំហរ​មិន​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ ប្រសិនបើ​គណបក្ស​ប្រឆាំង​នេះ​ឡើង​ទៅ​កាន់​អំណាច​នៅ​ថ្ងៃ​មុខ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ មិថុនា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​បាន​ទទួល​ដំណឹង​ពី​ភាគី​ថៃ មក​ថា ថៃ​មិន​មាន​គម្រោង​ដេញ​ពលករ​បរទេស​ចេញ​ទឹកដី​នោះ​ទេ។ ការ​បកស្រាយ​របស់​ភាគី​ថៃ នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា គណបក្ស​ឆ្ពោះ​ទៅ​មុខ​ដែល​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ថៃ មាន​ផែនការ​បណ្ដេញ​ពលករ​បរទេស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ម្សិលមិញ (ថ្ងៃទី​៧ មិថុនា) មាន​ការ​បញ្ជាក់​យ៉ាង​ជាក់លាក់​ថា គឺ​អត់​មាន​ទេ ហើយ​គេ​នឹង​សម្រួល​ឱ្យ​ថែម​ទៀត​ផង។ បើ​ដូច្នេះ គឺ​លែង​កង្វល់​ជាមួយ​នឹង​ការ​ចាកចេញ​របស់​កម្មករ​កម្មការិនី​របស់​ខ្មែរ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ។

លោក ហ៊ុន សែន ក៏​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​លើ​ពលករ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​ច្បាប់​អន្តោប្រវេសន៍​ដែល​វា​ជា​កិច្ចព្រមព្រៀង​សម្របសម្រួល​មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​ទទួល​ការ​ការពារ និង​ដោះស្រាយ​បញ្ហា​ពលករ។

គួរ​រំឭក​ថា ក្នុង​វេទិកា​សាធារណៈ​កាលពី​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​បង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​គណបក្ស​ប្រឆាំង​ថៃ គណបក្ស​កាវក្លៃ ឬ «Move Forward» ដែល​ចង់​បណ្ដេញ​ពលករ​ខ្មែរ និង​ពលករ​ឡាវ ចេញពី​ប្រទេស​ថៃ។

លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រមាន​គណបក្ស​ប្រឆាំង​ថៃ ពី​គោលនយោបាយ​នេះ និង​ដាក់​បញ្ជា​ឱ្យ​ក្រសួង​ការងារ ក្រសួង​ស្ថាប័ន​របស់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រៀម​ជើង​ព្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។

ជា​ការ​ឆ្លើយតប គណបក្ស​កាវក្លៃ ឬ «Move Forward» នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ចេញ​មក​បដិសេធ និង​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​ជំនួស​លោក ប្រាយុទ្ធ ចាន់អូចា នឹង​មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​បញ្ជូន​ពលករ​ចំណាក​ស្រុក​ចេញពី​ប្រទេស​ថៃ​ឡើយ។ ផ្ទុយទៅវិញ គណបក្ស​កាវក្លៃ មាន​បំណង​បង្កើត​គោលនយោបាយ​សម្រួល​ដល់​បរិយាកាស​ការងារ​ពលករ​ចំណាក​ស្រុក​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន ផ្តល់​ការ​ការពារ​សមរម្យ និង​ធានា​ថា ពលករ​ចំណាក​ស្រុក​គ្រប់​ជាតិ​សាសន៍​នៅ​ប្រទេស​ថៃ មិន​ទទួល​រង​ការ​បង្ខិតបង្ខំ ឬ​កេងប្រវ័ញ្ច​ផ្សេងៗ​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ប្រមាណ ១,២​លាន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ដែល​ជា​ចំនួន​ដ៏​ច្រើន​លើសលប់​ក្នុង​ចំណោម​ពលករ​នៅ​ក្រៅ​ប្រទេស​សរុប​ប្រមាណ ១,៣​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស