35 C
Phnom Penh

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន កំពុង​វង្វេង​នឹង​ល្បិច​នយោបាយ​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​វង្វេង​នឹង​ល្បិច​នយោបាយ​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើងៗ ព្រោះ​គាត់​គំរាម​ផង ទិញ​ផង បោក​បញ្ឆោត​ផង ក្នុង​បំណង​ឲ្យ​អ្នកគាំទ្រ​និន្នាការ​ប្រឆាំង​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី នៅ​ពេលនេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​មិន​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​រូបលោក​ឡើយ ប៉ុន្តែ​ពួកគេ​គាំទ្រ​ឧត្តមគតិ ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌​ដែល​លោក​បាន​បំផុស​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​របប​ក្បត់​ជាតិ ផ្ដាច់ការ និង​ពុករលួយ​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក សម រង្ស៊ី អះអាង​ថា រាល់​ការ​ផ្ដាច់ខ្លួន​ពី​ពលរដ្ឋ​ចំពោះ​បុគ្គល សម រង្ស៊ី ដូច​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ប្រកាស​នោះ វា​មិន​មាន​សារសំខាន់ និង​សារប្រយោជន៍​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាទីបំផុត​នោះ គឺ​ការ​រក្សា​ឧត្តមគតិ​ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌​ដែល​មាន សម រង្ស៊ី ជា​និមិត្តរូប​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន គឺ​ចង់​ឲ្យ សម រង្ស៊ី ឯកោ តែ​ផ្ទុយទៅវិញ គឺ​លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​ឯកោ​នោះ ព្រោះ​លោក ហ៊ុន សែន អាច​បង្ខាំង​រាងកាយ​អ្នក​ដទៃ​បាន តែ​គាត់​មិន​អាច​បង្ខាំង​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះបង់​ចោល​ឧត្តមគតិ​របស់​ខ្លួន​ដែល​មាន សម រង្ស៊ី ជា​និមិត្តរូប​បាន​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ភាព​កំណាច​ដែល​លោក ហ៊ុន សែន កំពុងតែ​បង្ហាញ​សព្វថ្ងៃ​នេះ មិន​តំណាង​ឲ្យ​ឧត្តមគតិ​ដែល​ប្រជារាស្ត្រ​ខ្មែរ​គាំទ្រ​ទេ ហើយ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​សព្វថ្ងៃ​នេះ នឹង​រុញ​ឲ្យ​គាត់​ចាកចេញ​ពី​ឆាក​នយោបាយ​ដោយ​ឯកោ​បំផុត ដោយ​គ្មាន​បន្សល់​ទុក​អ្វី​ក្រៅពី​ការ​បំផ្លិចបំផ្លាញ​ជាតិ​ឡើយ។

កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​កណ្តាល មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​មិន​អត់ឱន​ជន​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដាច់ខាត ប៉ុន្តែ​អ្នក​ណា​ក៏ដោយ​ដែល​ផ្ដាច់​ខ្លួន​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺ​នឹង​ត្រូវ​បាន​លើកលែង​ទោស​ទាំងអស់។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​បង្ក​ទំនាស់​នយោបាយ​ខ្វែង​គំនិត​គ្នា​រវាង​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​មិន​ដែល​ចំណេញ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ឡើយ ប៉ុន្តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ក្នុង​កិច្ចការ​នយោបាយ​របស់​ពួកគេ តែងតែ​ឈ្លោះ​គ្នា បើ​ទោះបីជា​ជម្លោះ​នោះ​នាំ​ឱ្យ​ជាតិ​បែកបាក់ និង​នាំ​ឱ្យ​ប្រទេស​ជាតិ​ជួប​វិបត្តិ​យ៉ាងណា​ក៏ដោយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា លោក​មិន​បាន​កាត់​សេចក្តី​ថា​ជម្លោះ​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ទម្រង់​អ្វី ឬ​ដើម្បី​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​គិត​ទៅ​លើ​ហេតុផល​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​លោក សម រង្ស៊ី ព្រមទាំង​ការ​សម្រេច​ផ្ដន្ទាទោស​ពី​សំណាក់​តុលាការ គួរ​ណាស់​តែ​រដ្ឋាភិបាល​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​ពេល​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ទាមទារ​ចង់​ចូល​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ ដែល​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ផ្ដន្ទាទោស​លើ​លោក សម រង្ស៊ី ទៅ​តាម​ការ​ចោទប្រកាន់​របស់​តុលាការ ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​ប្រឹង​ទប់ស្កាត់​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​ទៅវិញ។

លោក មាជ សុវណ្ណារ៉ា សួរ​ថា តើ​ការ​ធ្វើ​បែប​នេះ​ក្នុង​បំណង​អ្វី?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ត្អូញត្អែរ​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ លោក​ពិត​ជា​មិន​យល់​ទេ ហើយ​ក៏​រឹតតែ​មិន​ដឹង​ថា​ពួកគេ​បាន​គិតគូរ​ពី​ប្រយោជន៍​ជាតិ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​ជម្លោះ​ឆ្លើយឆ្លង​គ្នា​របស់​ពួកគេ​តាំងពី​ដើម​រហូត​ដល់​ពេល​នេះ គ្មាន​ចំណេញ​អ្វី​បន្តិច​សោះ​សម្រាប់​ប្រទេស​ជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សម្លឹង​មើល​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​ធំ​ជាង​អ្វីៗ​ទាំងអស់ ដូច្នេះ​ជម្លោះ​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​មិនមែន​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទេ គឺ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​ជម្លោះ​បែប​នេះ​ពួកគេ​បាន​ធ្វើ​រាប់​សិប​ឆ្នាំ​មក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស