នៅអាស៊ីអាគ្នេយ៍មានបុរសខ្លាំងដែលកំពុងកាន់អំណាចយ៉ាងតិច ២រូប ដោយមិនបានរាប់បញ្ចូលមេរដ្ឋប្រហារនៅប្រទេសភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នោះទេ។ បុរសខ្លាំង ២រូបនេះត្រូវបានអ្នកសង្កេតការណ៍នយោបាយ និងក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិដាក់រហស្សនាមថាជាបុរសខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។
បុរសខ្លាំង ២រូបនេះ ម្នាក់ជានាយករដ្ឋមន្ត្រីនៃរាជាណាចក្រថៃ និងម្នាក់ទៀតជានាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានព្រំដែនជាប់គ្នា។
លោក ហ៊ុន សែន គិតមកដល់ឆ្នាំ២០២៣ នេះ លោកកាន់អំណាចជិត ៤០ឆ្នាំហើយ។ លោកជានាយករដ្ឋមន្ត្រីតាមរយៈការតោងអំណាចបានចុងក្រោយនៅក្នុងការបោះឆ្នោតសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
ការបោះឆ្នោតនៅពេលនោះ បក្សប្រជាជនកម្ពុជារបស់លោកពុំមែនជាបក្សឈ្នះឆ្នោតនោះទេ តែលោក ហ៊ុន សែន ដាក់គំនាបទៅលើអតីតព្រះមហាក្សត្រ ដោយចល័តទ័ពធ្វើអបគមន៍បំបែកទឹកដីនៅភាគខាងកើតប្រទេស ជាការប្រឆាំងលទ្ធផលបោះឆ្នោត ព្រោះតែលោកមិនទទួលស្គាល់បរាជ័យរបស់បក្សលោកនោះទេ។
ទីបំផុត ព្រះមហាក្សត្រនរោត្តម សីហនុ នៅពេលនោះបានសម្របសម្រួលដោយសម្រេចបង្កើតសហនាយករដ្ឋមន្ត្រី ២រូប ដែលលោក ហ៊ុន សែន ផ្ទាល់ជានាយករដ្ឋមន្ត្រីទី២។ ចាប់ពីពេលនោះហើយដែលលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីរហូតដល់ពេលនេះ។
លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសដែលក្រុមបក្សប្រឆាំងមិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតម្ដងណានោះទេ។ ការបោះឆ្នោតក្រោយឆ្នាំ១៩៩៣ ស្ថិតនៅក្រោមស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដែលក្រុមបក្សប្រឆាំងចោទស្ថាប័នមួយនេះថាស្ថិតនៅក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា។ តែនេះជារឿងនយោបាយរបស់ប្រទេសកម្ពុជា។
ចំណែករឿងនយោបាយនៅប្រទេសថៃ វិញនៅពេលនេះ មើលទៅខុសគ្នានឹងស្ថានភាពនយោបាយនៅកម្ពុជា។
លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីដែលតោងអំណាចតាំងពីគាត់លើកខ្លួនឯងជានាយករដ្ឋមន្ត្រីតាមរយៈការលើកទ័ពទៅទីក្រុងបាងកក ធ្វើរដ្ឋប្រហាររំលាយគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រជាធិបតេយ្យរបស់គណបក្សភឿថៃ ដែលដឹកនាំដោយអ្នកស្រី យីងឡាក់ នៅឆ្នាំ២០១៤។ បុរសនេះព្យាយាមក្រាញអំណាចបាន ៤ឆ្នាំទៀតនៅក្នុងការបោះឆ្នោតសភានៅក្នុងឆ្នាំ២០១៩ ដែលបក្សរបស់លោក គឺបក្សប៉ាល្ល័ង្គប្រាចារ៉ាត់ ពុំមែនជាបក្សឈ្នះឆ្នោតនោះទេ។ តែលោកតោងអំណាចបានដោយជោគជ័យដោយសារសមាជិកព្រឹទ្ធសភាប្រថាប់ត្រាជួយលើកគាត់ឡើងកាន់តំណែងដ៏កំពូលមួយនេះ។ ឥឡូវនេះ លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីចាំផ្ទះនៃរាជាណាចក្រថៃ។
កាលពីថ្ងៃទី៨ មិថុនា លោក ប្រាយុទ្ធ បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតដែលជាការជម្រះមន្ទិលសង្ស័យមួយចំនួនរបស់មជ្ឈដ្ឋាននៅក្នុងរាជាណាចក្រនេះ ដោយលោកបញ្ជាក់ថា ពេលវេលាដែលលោកឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត គឺអស់ហើយនៅពេលនេះ។
លោកបានបញ្ជាក់ដូចនេះនៅចំពោះមុខអ្នកសារព័ត៌មាននៅទីក្រុងបាងកក។ នៅចំពោះមុខអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានបញ្ជាក់ថា លោកកំពុងតែរង់ចាំផ្ទេរតំណែងទៅឲ្យរដ្ឋាភិបាលថ្មី បើរដ្ឋាភិបាលនោះកើតចេញរូបរាងហើយនោះ។
ជាមួយគ្នានេះ លោក ប្រាយុទ្ធ ក៏បានបញ្ជាក់ជាថ្មីថា លោកសូមធានាក្នុងការផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលថ្មី ដោយលោកសន្យាថានឹងមិនមានបំណង ឬក៏ផែនការដើម្បីក្រាញអំណាចនោះទេ។ លោកបន្តថា លោកប្រកាន់ជំហរទៅតាមគោលការណ៍ប្រជាធិបតេយ្យដោយទុកតម្លៃនៃកិត្តិយសរបស់លោកជាធំ គឺមិនត្រូវធ្វើខ្លួនជាអ្នកនយោបាយដែលមានមហិច្ឆតាកាន់អំណាចហួសហេតុនោះទេ។
មេទ័ពថៃរូបនេះបានដឹកនាំទ័ពចូលទៅទីក្រុងបាងកក នៅដើមខែមីនា ហើយភ្លាមៗនោះលោកឆក់យកអំណាចពីគណបក្សភឿថៃ ដែលដឹកនាំដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានពួកយោធាធ្វើរដ្ឋប្រហារឆ្នាំ២០០៦។ លោក ប្រាយុទ្ធ ក្រោយពីប្លន់អំណាចបានពីរដ្ឋាភិបាលស៊ីវិលនៃគណបក្សភឿថៃ បានហើយនោះ លោកក៏លើកខ្លួនឯងឡើងជានាយករដ្ឋមន្ត្រីដែលគេហៅថាមេដឹកនាំរដ្ឋាភិបាលពួកយោធា។
លោក ប្រាយុទ្ធ បានបន្តរកមធ្យោបាយដើម្បីក្រាញអំណាចបន្តទៀតជាមួយនឹងការបង្កើតគណបក្សប៉ាល្ល័ង្គប្រាចារ៉ាត់ ហើយចូលរួមការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៩។
នៅក្នុងការបោះឆ្នោតនេះ លោក ប្រាយុទ្ធ និងគណបក្សរបស់លោកពុំមែនជាគណបក្សឈ្នះឆ្នោតនោះទេ តែលោកនៅតែកាន់អំណាចជានាយករដ្ឋមន្ត្រីបានទៀតជាមួយនឹងការបោះឆ្នោតនៃក្រុមសមាជិកសភា ២៥០រូប ដែលត្រូវបានជ្រើសតាំងឡើង ហើយសមាជិកព្រឹទ្ធសភានេះសុទ្ធសឹងជាសម្ព័ន្ធភាពរបស់ពួកយោធា។
ឥឡូវនេះ លោក ប្រាយុទ្ធ បានថ្លែងដោយទទួលស្គាល់ថា បក្សរបស់លោក គឺបក្សថៃរួបរួមជាតិអស់ប្រជាប្រិយភាពនៃការគាំទ្ររបស់ប្រជាជនថៃហើយ។
បក្សថៃរួបរួមជាតិនេះ បានអាសនៈសភាចំនួន ៣៦អាសនៈប៉ុណ្ណោះក្នុងអាសនៈសរុប ៥០០អាសនៈ ហើយសូម្បីតែមណ្ឌលបោះឆ្នោតនៅទីក្រុងបាងកក ដែលមាន ៣៣អាសនៈ ក៏គណបក្សលោករកមួយអាសនៈមិនបានផងដែរ គឺធ្លាក់ទៅគណបក្សប្រឆាំងទាំងអស់។
គណបក្សប្រឆាំងដែលបានអាសនៈច្រើនជាងគេ គឺមាន ២គណបក្ស។ គណបក្សចលនាឆ្ពោះទៅមុខ បាន ១៥១អាសនៈ និងគណបក្សភឿថៃ បាន ១៤១អាសនៈ។ គណបក្សប្រឆាំងពីរនេះហើយដែលមានសិទ្ធិមុនគេក្នុងការរៀបចំបង្កើតរៀបចំរដ្ឋាភិបាល។
កាលពីថ្ងៃពុធសប្ដាហ៍មុននេះ មេដឹកនាំចលនាឆ្ពោះទៅមុខ គឺលោក លឹមចារឿរ៉ាត់ បានបើកកិច្ចប្រជុំជាមួយនឹងសម្ព័ន្ធភាព ៧គណបក្សទៀត ក្នុងនោះមានគណបក្សភឿថៃ ផងដែរ ដើម្បីកំណត់ការបង្កើតគណៈរដ្ឋមន្ដ្រីនៃរដ្ឋាភិបាលចម្រុះ។ ប៉ុន្តែអាសនៈសរុបនៃសម្ព័ន្ធភាពរដ្ឋាភិបាលនេះ គឺមានតែ ៣១២អាសនៈប៉ុណ្ណោះ។ ក្រុមចម្រុះនេះត្រូវរកអាសនៈបន្ថែមទៀតយ៉ាងតិច ៦៤អាសនៈ ដើម្បីបង្គ្រប់ ៣៧៦សំឡេងនៃសភាជាន់ទាប និងជាន់ខ្ពស់ដែលមាន ៧៥០រូប។
មកដល់ពេលនេះ សមាជិកព្រឹទ្ធសភាដែលមាននិន្នាការទៅរកពួកយោធា មិនទាន់មិនត្រូវបានគេរំពឹងថាគាំទ្រលើសលប់បេក្ខភាពនាយករដ្ឋមន្ត្រី លោក ភីថា លឹមចារឿរ៉ាត់ ដែលមកពីគណបក្សចលនាឆ្ពោះទៅមុខនៅឡើយនោះទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ សមាជិកព្រឹទ្ធសភាដែលបង្ហាញជំហរក្នុងការគាំទ្រលោក ភីថា ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី គឺមានតែ ២០សំឡេងតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍មើលឃើញថា បើលោក ភីថា បើមិនទទួលបានការគាំទ្រគ្រប់គ្រាន់ទេនោះ គឺលោកនឹងត្រូវអស់សិទ្ធិឈរជាបេក្ខជននាយករដ្ឋមន្ត្រីទៀតហើយ នៅខណៈដែលបុរសវ័យ ៤២ឆ្នាំរូបនេះក៏កំពុងស្ថិតនៅក្នុងការគំរាមកំហែងប្ដឹងពីក្រុមអ្នកនយោបាយរបស់ពួកយោធា ដែលចោទថាលោក ភីថា មានភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្រុងបាងកក ដែលច្បាប់បោះឆ្នោតរបស់រាជាណាចក្រថៃ ហាមបេក្ខជននាយករដ្ឋមន្ត្រី ឬអ្នកតំណាងរាស្ត្រជាប់ពាក់ព័ន្ធនឹងមុខជំនួញមួយនេះ។
តែបែបនេះក្ដី បើលោក ភីថា ពុំមានឱកាសឡើងជានាយករដ្ឋមន្ត្រី គឺតំណែងនេះអាចនឹងធ្លាក់លើបេក្ខភាពម្នាក់មកពីគណបក្សភឿថៃ ប៉ុន្តែអ្នកសង្កេតការណ៍គិតថា បើបក្សភឿថៃ អស់លទ្ធភាពទៀតនោះ វានឹងចូលទៅដល់ក្រុមសម្ព័ន្ធភាពនៃពួកយោធាវិញម្ដង ហើយពេលនោះមានការចោទសួរថា តើលោក ប្រាយុទ្ធ មានឱកាសទៀតដែរឬទេដើម្បីតោងអំណាចជាថ្មីម្ដងទៀត។
ប៉ុន្តែក្រុមយុវជនថៃ នៅទីក្រុងបាងកក ដ៏លើសលប់ព្រមានងើបឡើងប្រឆាំងនឹងពួកយោធាដែលព្យាយាមបង្កើតសម្ព័ន្ធភាពដើម្បីបន្តក្រាញអំណាច។
ក្រុមយុវជនថៃ ដែលមកពីគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានព្រមានរួចស្រេចហើយថា ពួកគេនឹងប្រមូលកម្លាំងយុវជននៅទូទាំងក្រុងបាងកក ធ្វើការតវ៉ាតាមដងផ្លូវដាក់សម្ពាធទៅព្រឹទ្ធសភា ឱ្យគោរពឆន្ទៈរបស់ប្រជាជនដោយមិនត្រូវរកលេសដើម្បីឲ្យពួកយោធាបន្តកាន់អំណាចទៀតនោះទេ។
ទំនងដោយមើលឃើញពីការងើបឡើងប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមយុវជននៅក្នុងក្រុងបាងកក នេះហើយ ដែលអាចរុញទឹកចិត្តលោក ប្រាយុទ្ធ បង្ហាញជំហរចង់បោះបង់ចោលមហិច្ឆតាក្រាញអំណាច គឺដូចគេថា អតីតមេរដ្ឋប្រហាររូបនេះកំពុងស្ថិតលើវិថីនៃការចុះចាញ់នឹងព្រហ្មលិខិត៕