28 C
Phnom Penh

លោក ហ៊ុន សែន គំរាម​លោក ស ឡុងដេត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​បន្ទាប់ពី​រក​វិធី​ចេញពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន គំរាម​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​កំពុង​រក​មធ្យោបាយ​ចាកចេញ​ពី​កម្ពុជា ដោយ​មាន​បំណង​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​ចាប់​ខ្លួន​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ព្រមាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា បើ​ទោះបីជា​លោក ស ឡុងដេត រត់​ទៅ​ដល់​ប្រទេស​ថៃ ក៏​លោក​អាច​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ជូន​ខ្លួន​មក​ទឹកដី​ខ្មែរ​វិញ​បាន​ដែរ ដូច្នេះ​មិន​ចាំបាច់​រត់​ទៅ​ណា​ទេ ហើយ​វិធី​ល្អ​បំផុត​នោះ គឺ​មាន​តែ​ត្រៀម​ខ្លួន​ចូល​ឆ្លើយ​នៅ​តុលាការ​ប៉ុណ្ណោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទម្លាយ​ថា កាលពី​យប់​ថ្ងៃទី​១២ មិថុនា លោក ស ឡុងដេត ព្យាយាម​រក​ច្រក​ចេញពី​កម្ពុជា​តាម​ច្រក​ព្រំដែន​ថ្មដា ខេត្ត​ពោធិ៍សាត់ និង​ច្រក​ព្រំដែន​ចាំយាម ប៉ុន្តែ​ផ្អែក​តាម​ដីកា​តុលាការ លោក ស ឡុងដេត នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ ប្រសិនបើ​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​ហ៊ាន​ចាកចេញ​ពី​កម្ពុជា។

កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ស ឡុងដេត បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ឆ្នាំ​២០២២ របស់​បក្ស​ភ្លើង​ទៀន ឲ្យ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ព្រោះ​ថា​ទោះបី​បក្ស​ភ្លើង​ទៀន ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាងមុខ​នេះ​ក៏ដោយ ក៏​គណបក្ស​ភ្លើង​ទៀន​នៅតែ​មាន​ឱកាស​ដណ្តើម​យក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០២៤ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ។

ក្នុង​កិច្ចប្រជុំ​នោះ លោក ស ឡុងដេត លើកឡើង​ថា មូលហេតុ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) រារាំង​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ គឺ​ដោយសារ​បក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ការ​ស្ទង់មតិ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​រហូត​ដល់​ទៅ​ជាង ៦០​អាសនៈ​ឯណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ត្រូវតែ​បិទ​ផ្លូវ​គណបក្ស​ភ្លើង​ទៀន​បែប​នេះ។

ក្រោយ​កិច្ចប្រជុំ​នេះ​បាន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​លោក ស ឡុងដេត ថា ការ​ជំរុញ​ឱ្យ​បង្កើត​ឃុំ​មួយ​ជា​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ឃុំ​មួយ​ទៀត​ជា​របស់​ភ្លើង​ទៀន​ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​រូប​នេះ គឺជា​អំពើ​ញុះញង់​ដែល​ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​១៣ មិថុនា នេះ លោក ស ឡុងដេត បាន​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ព្រមទាំង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។ លើស​ពី​នេះ លោក ស ឡុងដេត ក៏​បាន​ប្រកាស​ផ្ដាច់​ខ្លួន​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផង​ដែរ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​លោក ហ៊ុន សែន ចេញ​សារ​លើកលែង​ទោស​នៅឡើយ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ត្អូញត្អែរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​គំរាមកំហែង​ក្នុង​សមរភូមិ​នយោបាយ​កម្ពុជា​តែង​កើតមាន​គ្រប់​អាណត្តិ រាល់​ពេល​ដែល​ការ​បោះឆ្នោត​មក​ដល់​ម្តងៗ ហើយ​ការ​គំរាមកំហែង​នេះ​តែង​កើតឡើង​នៅ​មុន​ពេល​បោះឆ្នោត​បន្ត​រហូត​ដល់​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់។

មាត្រា ៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​ក្រោម​លេស​ការពារ​សន្តិភាព​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស