មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន លោក ស ឡុងដេត ដែលបានរិះគន់រដ្ឋាភិបាលឯកបក្សនៅកម្ពុជា និងរងនូវការគំរាមកំហែងពីលោក ហ៊ុន សែន រួមទាំងមានបណ្តឹងជាប់ខ្លួនផងនោះ ពេលនេះលោកត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល បន្ទាប់ពីលោកបានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី និងព្រមចុះចូលជាមួយបក្សកាន់អំណាច។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអតីតមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ២រូប គឺលោក ស ឡុងដេត និងលោក ឡូញ តេត្រា ជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ទាប់ពីពួកគេប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី និងប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
ការតែងតាំងអតីតមន្ត្រីជាន់ខ្ពស់របស់បក្សភ្លើងទៀននេះ គឺជាលើកទីពីរហើយស្របពេលដែលមន្ត្រី និងសកម្មជនបក្សនេះកំពុងរងនូវការធ្វើទុក្ខបុកម្នេញពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាបន្តបន្ទាប់នៅពេលនេះ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ស ឡុងដេត បានចេញវីដេអូសុំទោសលោក ហ៊ុន សែន ព្រមទាំងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត។ លើសពីនេះ លោកក៏បានប្រកាសផ្តាច់ខ្លួនពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ បន្ទាប់ពីរងនូវការគំរាមកំហែងពីលោក ហ៊ុន សែន តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្តឹងរូបលោកពីបទ «បង្កចលាចល និងពីបទ ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីលោក ស ឡុងដេត បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដោយប្រកាសឱ្យអ្នកទាំងនោះរក្សាជំហររបស់ខ្លួនឲ្យបានរឹងមាំ ក្នុងនោះមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះក៏បានរិះគន់ពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ជុំវិញការគំរាមកំហែងមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន មិនមែនមានតែលោក ស ឡុងដេត ទេ គឺមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតដែលបានរងនូវការគំរាមកំហែងបែបនេះ ដោយអ្នកខ្លះកំពុងរងនូវការចោទប្តឹងតាមផ្លូវតុលាការ និងអ្នកខ្លះកំពុងរងនូវការឃុំខ្លួនក្នុងពន្ធនាគារ ដូចជាលោក គង់ គាំ លោក សុន ឆ័យ លោក ថាច់ សេដ្ឋា និងលោក ទាវ វណ្ណុល ជាដើម ប៉ុន្តែទោះជារងនូវការគំរាមកំហែងដោយការចោទប្តឹង ដោយការរឹបអូសយកទ្រព្យសម្បត្តិ និងការចាប់ដាក់គុកយ៉ាងណាក៏ដោយ ក៏មិនទាន់មាននរណាម្នាក់ប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅឡើយទេ។
ជាក់ស្តែង អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារនៅមន្ទីរឃុំឃាំងព្រៃស ចំណែកលោក សុន ឆ័យ កំពុងរងនូវបណ្តឹង និងត្រូវបានតុលាការរឹបអូសទ្រព្យសម្បត្តិ ចំណែកលោក គង់ គាំ ត្រូវលោក ហ៊ុន សែន រឹបអូសយកផ្ទះផងដែរ។
យ៉ាងណាក៏ដោយ ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ មានប្រភពខ្លះទម្លាយថា ក្រៅពីអ្នកចង់បានតំណែងតួនាទី ក៏មានអ្នកដែលត្រូវបក្សកាន់អំណាចគំរាមកំហែងឱ្យចុះចូលដែរ។ ជាក់ស្តែង ដូចជាលោក កែត ឃី មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ដែលបានប្រកាសចុះចូលកាលពីថ្មីៗនេះ ជាដើម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ត្អូញត្អែរកាលពីពេលថ្មីៗនេះថា ការគំរាមកំហែងក្នុងសមរភូមិនយោបាយកម្ពុជាតែងតែកើតមានគ្រប់អាណត្តិរាល់ពេលដែលការបោះឆ្នោតមកដល់ម្តងៗ ហើយការគំរាមកំហែងនេះតែងតែកើតឡើងនៅមុនពេលបោះឆ្នោតបន្តរហូតដល់ការបោះឆ្នោតត្រូវបានបញ្ចប់៕