31 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​បិទ​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា​បើ​ហ៊ាន​ជួយ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​ចោទ​ថា​បាន​សម្លាប់​មន្ត្រី​នៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ព្រមាន​បិទ​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា បើ​ពួកគេ​ហ៊ាន​ជួយ​ជនជាតិ​ម៉ុងតាញ៉ា ដែល​រត់ ឬ​កំពុង​ភៀស​ខ្លួន​នៅ​កម្ពុជា ដោយ​លោក​ចោទ​ថា ក្រុម​ជនជាតិ​ម៉ុងតាញ៉ា នេះ​ជា​អ្នក​បាញ់​សម្លាប់​អាជ្ញាធរ និង​មន្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។

ការ​គំរាម​បិទ​អង្គការ​អន្តរជាតិ​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នា​ភូមិ​រវៀង ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា។

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ក៏​បាន​បញ្ជា​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​កងទ័ព​ក្តី ជា​នគរបាល​ក្តី នៅ​ទិស​ភូមិភាគ​ទី​១ និង​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី រួម​ទាំង​ខេត្ត​ក្រចេះ ឲ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ដោយ​សហការ​ជាមួយ​នឹង​ភាគី​វៀតណាម ទប់ស្កាត់​ការ​ឆ្លងដែន​ខុស​ច្បាប់ ដើម្បី​កុំ​ឲ្យ​ក្រុម​ឧទ្ទាម (ជនជាតិ​ម៉ុងតាញ៉ា) មក​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា។

លោក​ថា បើ​ទោះបី​បច្ចុប្បន្ន​ជនជាតិ​ម៉ុងតាញ៉ា បាន​ចាកចេញ​ពី​កម្ពុជា​អស់​ហើយ​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ចូល​មក​ថ្មី​ទៀត លោក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​ទាំងនោះ​ទៅ​ឲ្យ​វៀតណាម​វិញ​ភ្លាម ដោយ​មិន​ឲ្យ​ពួកគេ​ស្នាក់នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ។

លោក ហ៊ុន សែន បាន​ព្រមាន​រំលាយ​អង្គការ​អន្តរជាតិ​ទាំងឡាយ​ដែល​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ជួយ​ជនជាតិ​ម៉ុងតាញ៉ា ដោយ​លោក​ចាត់ទុក​ការ​ជួយ​ជនជាតិ​ម៉ុងតាញ៉ា ថា​ជា​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ប្រជាជាតិ​វៀតណាម។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ ចាត់ទុក​ការ​ចោទ​របស់​លោក ហ៊ុន សែន លើ​ជនជាតិ​ម៉ុងតាញ៉ា ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​វៀតណាម​នោះ ថា​ជា​រឿង​ពិបាក​ជឿ​ខ្លាំង​ណាស់ ពីព្រោះ​ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​ដែល​រស់នៅ​ក្រោម​ការ​គំរាមកំហែង​រាល់​ថ្ងៃ​របស់​អាជ្ញាធរ​វៀតណាម ហើយ​ពួក​កុម្មុយនីស្ត​នេះ​ចូលចិត្ត​បំភ័ន្ត​ព័ត៌មាន​ធ្វើ​ជា​មធ្យោបាយ​កម្ចាត់​អ្នក​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ។

លោក​បន្ត​ថា ករណី​លោក ហ៊ុន សែន ព្រមាន​អង្គការ​អន្តរជាតិ​មិន​ឲ្យ​ជួយ​ជនជាតិ​ម៉ុងតាញ៉ា​នេះ គឺជា​ការ​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ផង និង​ជា​ការ​រំលោភ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ពីព្រោះ​សិទ្ធិ​នេះ​ធានា​ការពារ​ដោយ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ណា​មួយ​កាឡៃ​ព័ត៌មាន ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ។

លោក គឹម សុខ ហៅ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ថា​មាន​គោលដៅ​ជួយ​ទប់ស្កាត់​ព័ត៌មាន​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​ដែល​អាច​រាលដាល​ដល់​គាត់​ផង​ដែរ ពីព្រោះ​កាលណា​យុវជន​ជនជាតិ​ម៉ុងតាញ៉ា​មាន​ឱកាស​បាន​សិទ្ធិ​សេរីភាព​ក្រោម​ការ​ជ្រោមជ្រែង​ដិតដល់​របស់​អង្គការ​អន្តរជាតិ នោះ​គាត់​អាច​បកអាក្រាត​អំពី​ឧក្រិដ្ឋកម្ម​រំលោភ​សិទ្ធិមនុស្ស​របស់​វៀតណាម មក​លើ​ពួកគេ និង​មក​លើ​ជនជាតិ​ដើម​ភាគតិច​ផ្សេងៗ​ទៀត ព្រមទាំង​ការ​បំពាន​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជា​ម្ចាស់​ដើមកំណើត​ទឹកដី​កម្ពុជា​ក្រោម​របស់​ដូនតា​ខ្មែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ថា លោក ហ៊ុន សែន ភ័យខ្លាច​ថា​បើ​គាត់​មិន​ជួយ​បិទបាំង​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​វៀតណាម​ទេ វា​អាច​ធ្វើ​ឲ្យ​ធ្លាយ​រឿង​អាក្រក់​ជាច្រើន​ទៀត​នៃ​បណ្ដាញ​រំលោភ​សិទ្ធិមនុស្ស​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស