28 C
Phnom Penh

សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រៀម​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ថា​គណបក្ស​កម្លាំង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ក្បាលម៉ាស៊ីន​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី សម្រេច​លាឈប់​ពី​គណបក្ស​ចាស់​របស់​ខ្លួន និង​ត្រៀម​បង្កើត​បក្ស​ថ្មី​ដោយ​ខ្លួនឯង​ដែល​មាន​ឈ្មោះ​ថា «គណបក្ស​កម្លាំង​ជាតិ»។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី បាន​ប្រកាស​ដើរ​ចេញពី​គណបក្ស​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ថា ការ​លាលែង​នេះ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​លោក​បន្ថែម​ថា លោក​នឹង​បន្ត​សកម្មភាព​ជា​អ្នក​នយោបាយ​ទៅ​មុខ​ទៀត​ដដែល។

អតីត​ប្រធាន​បក្ស​ខេត្ត​នៃ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ធំ រូប​នេះ​លើកឡើង​ថា លោក​ក៏​អាច​នឹង​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស ព្រមទាំង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

បន្ទាប់ពី​ការ​ប្រកាស​លាឈប់​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច Fresh News បាន​ទម្លាយ​នូវ​លិខិត​ស្ដីពី​ការ​សុំ​បង្កើត​គណបក្ស​នយោបាយ​របស់​លោក ស៊ុន ចន្ធី ដែល​លោក​បាន​ត្រៀម​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ។

លិខិត​ស្ដីពី​ការ​សុំ​បង្កើត​គណបក្ស​នយោបាយ​ដែល​មាន​ហត្ថលេខា​របស់​លោក ស៊ុន ចន្ធី ចុះ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បញ្ជាក់​ថា លោក​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្ស​កម្លាំង​ជាតិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ចំនួន ៤​រូប​ហើយ​ដែល​បាន​ប្រកាស​ដើរ​ចេញពី​គណបក្ស​របស់​ខ្លួន ហើយ​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក កែត ឃី លោក ស ឡុងដេត និង​លោក ឡូញ តេត្រា ចំណែក​លោក ស៊ុន ចន្ធី បែរ​ជា​មាន​គម្រោង​បើក​គណបក្ស​ដោយ​ខ្លួនឯង​ទៅ​វិញ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ទាំង​មន្ត្រី​ជាន់ខ្ពស់ សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់។ ក្រោយ​ការ​ចុះចូល ពួកគេ​ទទួល​បាន​តំណែង​ខ្ពស់ៗ​ក្នុង​រាជរដ្ឋាភិបាល​ជា​ហូរហែ ដូចជា​លោក កែត ឃី លោក ស ឡុងដេត និង​លោក ឡូញ តេត្រា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ភ្លាមៗ ខណៈ​សមាជិក​បក្ស​កាន់​អំណាច​មួយ​ចំនួន​បាន​សម្ដែង​ការ​ខកចិត្ត​នឹង​បក្ស​របស់​ខ្លួន​ដែល​ផ្តល់​តួនាទី​ខ្ពង់ខ្ពស់​ដល់​ក្រុម​ប្រឆាំង​ដែល​ទើប​នឹង​ចុះចូល​ថ្មី​ទាំងនោះ។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ជាដើម បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​មាន​ការ​បាក់​ទឹកចិត្ត និង​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បក្ស​របស់​ខ្លួន​តែងតាំង​ក្រុម​ប្រឆាំង​ដែល​ទើប​នឹង​ចុះចូល ឱ្យ​កាន់​តំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ស្រប​ពេល​ដែល​ពួកគេ​ដែល​ជា​សមាជិក​ចាស់​ខំប្រឹង​ធ្វើការ​ជូន​គណបក្ស​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឹមតែ​ជា​ក្រុម​ការងារ​នៅ​មូលដ្ឋាន​ដដែល។

ប្រភព​ដដែល​ត្អូញត្អែរ​ថា នៅ​ពេល​ដែល​ក្រុម​ប្រឆាំង​នៅ​មាន​កម្លាំង​គាំទ្រ​ខ្លាំងក្លា​នៅ​មូលដ្ឋាន ពួកគេ​បាន​នាំគ្នា​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួកគេ​នៅ​មូលដ្ឋាន​បាន​ធ្វើការ​ទប់ទល់​នឹង​ការ​វាយប្រហារ​ទាំងនោះ​យ៉ាង​ស្វិតស្វាញ ដែល​ត្រូវ​ចំណាយ​ទាំង​ពេលវេលា ទាំង​លុយកាក់​ដើម្បី​ពង្រឹង​សមាជិក​របស់​ខ្លួន​ម្នាក់ៗ​កុំ​ឱ្យ​ពួកគេ​ជឿ​ការ​ឃោសនា​របស់​ក្រុម​ប្រឆាំង ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​នៅ​ពេល​ដែល​ពួក​អ្នក​ប្រឆាំង​ទាំងនោះ​ចុះចូល បែរ​ជា​ទទួល​បាន​តំណែង​ធ្វើ​ជា​មេ​របស់​ពួកគេ​ទៅវិញ។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មូលដ្ឋាន​ខាងលើ​បញ្ជាក់​ថា បើ​គង់តែ​បែប​នេះ​ដដែល ពួកគេ​សុខចិត្ត​ធ្វើ​ជា​ក្រុម​ប្រឆាំង​វិញ​ដើម្បី​មាន​ឱកាស​កាន់​តំណែង​ខ្ពស់ៗ នៅ​ពេល​ដែល​ពួកគេ​នាំគ្នា​ចុះចូល​ដូច​ក្រុម​ប្រឆាំង​ធ្វើ​នៅ​ពេលនេះ។

សមាជិក​បក្ស​កាន់​អំណាច​ទាំងនោះ​បន្ថែម​ថា សព្វថ្ងៃ​នេះ​សមាជិក​ខ្លះ​គេ​មិន​សូវ​ចុះ​ពង្រឹង​ក្រុម​ការងារ​ទេ ដោយ​ពួកគេ​និយាយ​ចំអក​ថា ទុក​ឱ្យ​ពួក​ប្រឆាំង​ដែល​បាន​តំណែង​ខ្ពស់ៗ​ទាំងនោះ​ធ្វើ​ការងារ​នេះ​វិញ​ចុះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​ឯករាជ្យ​លើកឡើង​ថា យុទ្ធសាស្ត្រ​ប្រមូល​ក្រុម​ប្រឆាំង​ឱ្យ​ចុះចូល​ដោយ​ការ​ផ្តល់​តំណែង​ចុង​អាណត្តិ​នេះ គឺ​ដើម្បី​កម្ទេច​ក្រុម​ប្រឆាំង​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្នង​អំណាច​ប៉ុណ្ណោះ ហើយ​អ្នក​ចុះចូល​ទាំងនោះ​នឹង​ត្រូវ​គេ​បោះបង់​ចោល​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្កើត​ឡើង ដូច្នេះ​ពួក​អ្នក​ចុះចូល​នៅតែ​គ្មាន​តម្លៃ​ដដែល​សម្រាប់​បក្ស​កាន់​អំណាច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស