វេទិកាពលរដ្ឋគាំទ្រក្រុមហ៊ុនមេតា ផ្អាកដំណើរការទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ដោយសារមេដឹកនាំរូបនេះតែងតែយកទំព័រហ្វេសប៊ុកដើម្បីប្រើវោហារសាស្ត្រហិង្សាគំរាមសម្លាប់ពលរដ្ឋ សកម្មជនប្រជាធិបតេយ្យ និងអ្នកនយោបាយគូប្រជែង រួមទាំងញុះញង់បំបែកបំបាក់សង្គមផងដែរ។
សេចក្តីថ្លែងការណ៍របស់វេទិកាពលរដ្ឋចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយចាត់ទុកការបិទហ្វេសប៊ុករបស់លោក ហ៊ុន សែន នាពេលនេះថាជាវិធានការរឹតត្បិតមជ្ឈមណ្ឌល ឬឃ្លាំងព័ត៌មានហិង្សា ចរិតជាឃាតករ ដែលជាសត្រូវនៃដំណើរការប្រជាធិបតេយ្យ។ មួយវិញទៀត វិធានការរបស់ក្រុមហ៊ុនមេតា ដែលបានផ្អាកហ្វេសប៊ុកលោក ហ៊ុន សែន នេះ ជាការរួមចំណែក ព្រមទាំងបានកែលំអយ៉ាងធំដល់ស្ថានភាពឥតសណ្ដាប់ធ្នាប់នៃនយោបាយកម្ពុជា និងបំបាក់ឲ្យអាម៉ាស់យ៉ាងដំណំនូវក្រុមបុគ្គលដែលបំពានច្បាប់តាមទំនើងចិត្ត ដើម្បីតែប្រយោជន៍អំណាចរបស់ខ្លួន។
វេទិកាពលរដ្ឋបានហៅវិធានការរបស់ក្រុមហ៊ុនមេតា (Meta) ថាជាការវាយបំបាក់ចរិតហិង្សារបស់លោក ហ៊ុន សែន និងធ្វើឲ្យបណ្ដាញហ្វេសប៊ុកកាន់តែមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋខ្មែរឲ្យប្រើប្រាស់ដោយប្រកាន់គោលការណ៍សីលធម៌ និងមិនសូវខ្លាចពីការគំរាមកំហែងដូចកន្លងមក។
ប្រភពដដែលថា នៅក្នុងបរិបទនេះ វាក៏ជាការលើកទឹកចិត្តពលរដ្ឋខ្មែរឲ្យកាន់តែមានកម្លាំងចិត្តបង្កើនការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីតស៊ូមតិប្រឆាំងអំពើអយុត្តិធម៌ដែលកំពុងកើតជាគំនរវិបត្តិសង្គមធំឡើងៗនៅប្រទេសកម្ពុជា។
ក្រៅពីគាំទ្រហើយ អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប សេង ក៏បានអំពាវនាវទៅក្រុមហ៊ុនមេតា (Meta) កំណត់លក្ខខណ្ឌឲ្យបានច្បាស់លាស់ចំពោះហ្វេសប៊ុក ដោយឲ្យលោក ហ៊ុន សែន ធ្វើកិច្ចសន្យាឈប់ប្រើពាក្យអសីលធម៌ ការញុះញង់បំបែកបំបាក់សង្គម វោហារហិង្សា ការគំរាមធ្វើទុក្ខបុកម្នេញ និងការគំរាមសម្លាប់ជាដើម មុននឹងប្រគល់ផេក (Page) ហ្វេសប៊ុកផ្លូវការរបស់គាត់ឲ្យគាត់ប្រើប្រាស់ប្រក្រតីវិញ។
ចំណែកសកម្មជនអង្គការចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បានសរសេរលើហ្វេសប៊ុករបស់ខ្លួនហាក់ចំអកទៅកាន់រដ្ឋមន្ត្រីនៅតាមក្រសួង និងស្ថាប័នរដ្ឋថា កញ្ញាមិនហ៊ានគេងទេ ដោយរង់ចាំមើលក្រសួងនានាចេញញត្តិគាំទ្រលោកនាយករដ្ឋមន្ត្រី បន្ទាប់ពីហ្វេសប៊ុកលុបទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលមានអ្នកតាមដានចំនួន ១៤លាននាក់ក៏ដោយ។
ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រលោក ហ៊ុន សែន និងអ្នកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែលទទួលបានតួនាទី តំណែង បាននាំគ្នាចេញប្រតិកម្ម ហើយចង់ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសឈប់ប្រើប្រាស់ហ្វេសប៊ុក បន្ទាប់ពីក្រុមហ៊ុនមេតា (Meta) ផ្អាកទំព័រហ្វេសប៊ុកលោក ហ៊ុន សែន មិនឲ្យដំណើរការរយៈពេលកន្លះឆ្នាំនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើហ្វេសប៊ុកនាថ្ងៃទី៣០ មិថុនា នេះថា បច្ចុប្បន្នពលរដ្ឋខ្មែរបានប្រើប្រាស់ ឬលេងបណ្ដាញសង្គមហ្វេសប៊ុកច្រើនលើសលប់ជាងគេ ដូច្នេះប្រសិនបើបិទទាំងមិនបានពិចារណាដិតដល់នោះ លោកថាវាអាចមានផលជះមកខ្លួនកាន់តែខ្លាំង។
លោកថា រដ្ឋាភិបាលត្រូវទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមបន្តទៀត ចំណេញជាងការបិទដោយមិនបានពិចារណា។
បន្ទាប់ពីក្រុមហ៊ុនមេតាផ្អាកទំព័រហ្វេសប៊ុក បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈដោយឈប់ប្រើប្រាស់ហ្វេសប៊ុក ហើយងាកមកប្រើ TikTok របស់ចិន និងតេឡេក្រាមរបស់រុស្ស៊ី វិញ ក្រោមលេសថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលមានអ្នកតាមដានជាង ១៤លានាក់ ត្រូវបានក្រុមហ៊ុនមេតា (Meta) ផ្អាកដំណើរការរយៈពេលកន្លះឆ្នាំ បន្ទាប់ពីមានសំណើរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយនេះ៕