32 C
Phnom Penh

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បណ្តាល​ឱ្យ​ទឹក​លិចលង់​ខណ្ឌ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​កក្កដា មាន​កម្ពស់​រហូត​ដល់ ១៥៣​មិល្លីម៉ែត្រ ដែល​ជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ បណ្តាល​ឲ្យ​ទឹក​លិចលង់​នៅ​តំបន់​មួយ​ចំនួន​នៅ​ខណ្ឌ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​រថយន្ត និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​លិច​ទឹក​គាំង​ម៉ាស៊ីន​លែង​ដំណើរការ។

រាជធានី​ភ្នំពេញ​ដែល​រង​នូវ​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហោះ​ព្រោងព្រាត​នូវ​ទីតាំង​ស្ទើរតែ​គ្រប់​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ហូរ​កាត់​តាម​ដងផ្លូវ និង​ក្នុង​ផ្ទះ ក្នុង​នោះ​ឡាន និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​លិច​ទឹក​បណ្តាល​ឱ្យ​គាំង​ម៉ាស៊ីន​លែង​ដំណើរការ ដូចជា​នៅ​ម្តុំ​មុខ​ព្រះបរមរាជវាំង នៅ​ម្តុំ​ផ្លូវ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ម្តុំ​ស្តុប​ផ្សារ​ដេប៉ូ និង​តាម​ទីកន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ក្នុង​នោះ​រថយន្ត​ខ្នាត​តូច​ខ្លះ​ត្រូវ​អណ្ដែត​ទៅ​តាម​ទឹក​ហូរ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អះអាង​កាលពី​ថ្ងៃ​ចន្ទ ទី​៣ កក្កដា ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​កក្កដា មាន​កម្ពស់​រហូត​ដល់ ១៥៣​មិល្លីម៉ែត្រ​ដែល​ជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បាន​បណ្តាល​ឲ្យ​ទឹក​លិចលង់​នៅ​តំបន់​មួយ​ចំនួន​នៅ​ខណ្ឌ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ខណ្ឌ​សែនសុខ ខណ្ឌ​មានជ័យ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ពោធិ៍សែនជ័យ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសាស្ត្រ​ទន្លេបាសាក់​ចតុមុខ​ដែល​មាន​ទីតាំង​នៅ​ម្តុំ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា សម្រាប់​ថ្ងៃ​អង្គារ​នេះ​កម្ពស់​ទឹក​ក្នុង​ទន្លេ​នៅ​មុខ​ព្រះបរមរាជវាំង​មាន​កម្ពស់ ២​ម៉ែត្រ និង ៣៦​សង់ទីម៉ែត្រ ដែល​មាន​ការ​កើនឡើង​ជាង​កាលពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ទៅ​កម្ពស់ ០,០៨​សង់ទីម៉ែត្រ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ជក់​ថា កម្ពស់​ទឹក​ក្នុង​ទន្លេ​នៅ​ខាងមុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ពុធ នេះ នឹង​កើន​ឡើង​ដល់ ២​ម៉ែត្រ និង ៤៧​សង់ទីម៉ែត្រ ខណៈ​ថ្ងៃ​ព្រហស្បតិ៍ នឹង​កើនឡើង​ដល់ ២​ម៉ែត្រ និង ៥៩​សង់ទីម៉ែត្រ ដោយឡែក​កម្ពស់​ទឹក​នៅ​ថ្ងៃ​សុក្រ នឹង​កើន​ឡើង​ដល់​ទៅ ២​ម៉ែត្រ និង ៧០​សង់ទីម៉ែត្រ​ឯណោះ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ដែរ​ថា រាជធានី​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​តំបន់​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ពី​តិច​ទៅ​មធ្យម​ដោយ​ផ្នែក​ខ្លះ ព្រមទាំង​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ទីក្រុង​ភ្នំពេញ​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​បឹងទំពន់ បាន​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​រៀបរាប់​អំពី​ស្ថានភាព​ទឹក​ថា គិត​ត្រឹម​ម៉ោង ១១​ថ្ងៃ​ត្រង់ ថ្ងៃទី​៤ ខែ​កក្កដា នេះ ស្ថានភាព​ទឹក​នៅ​លើ​ផ្លូវ 69BT សង្កាត់​បឹងទំពន់ មិន​ទាន់​ស្រក​នៅឡើយ​ទេ ដែល​បណ្តាល​ឲ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ និង​បង្ក​ការ​ខូចខាត​ទៅ​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​យ៉ាង​ធ្ងន់ធ្ងរ។

លោក កែប ជុតិមា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ព្រឹក​ថ្ងៃទី​៤ ខែ​កក្កដា នេះ​ថា លោក​កោតសរសើរ​ដល់​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ទឹក​ស្រក​យ៉ាង​លឿន។

បឹង​ធម្មជាតិ​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​បឹងកក់ បឹង​ជើងឯក បឹងទំពុន និង​បឹង​តាមោក ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កន្លែង​ស្តុក​ទឹក​ស្អុយ និង​រំដោះ​ទឹក​ដែល​ហូរ​ចេញពី​ទីក្រុង​អំឡុង​ពេល​ភ្លៀង​ធ្លាក់​នា​រដូវវស្សា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បឹង​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ឱ្យ​ក្រុមហ៊ុន បុគ្គល​មាន​អំណាច និង​ស្ថាប័ន​រដ្ឋ សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដែល​ពួកគេ​នាំគ្នា​លុប​បឹង​ទាំងនោះ​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ទឹកជំនន់​ក្នុង​ទីក្រុង​គ្មាន​កន្លែង​ហូរ​ចេញ​ទាន់​ពេលវេលា។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​កាលពី​ពេល​កន្លងទៅ​ថា ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​មិនមែន​ដោយសារ​លុប​បឹង​នោះ​ទេ មូលហេតុ​គឺ​ដោយសារ​មុខ​ទឹក​ដែល​ហូរ​ចេញ​មាន​ទំហំ​តូច ហើយ​ហូរ​មិនទាន់ និង​ដោយសារ​សំរាម​កកស្ទះ​ក្នុង​លូ ជាដើម ទើប​បណ្តាល​ឱ្យ​លិច​ទីក្រុង​ភ្នំពេញ​ពេល​ភ្លៀង​ខ្លាំង​ម្តងៗ​ដូច​សព្វថ្ងៃ​នេះ។

អង្គការ​សមាគម​ធាងត្នោត បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​កន្លងទៅ​ថា បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច ទាំង​ធំ សរុប​មាន​ចំនួន ២៦​បឹង ក្នុង​នោះ​មាន​ដូចជា​បឹងកក់ បឹង​សាឡាង បឹង​តាមោក និង​បឹងទំពុន ជាដើម ខណៈ​បឹង ១៦ ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លុប​បាត់​ទាំងស្រុង រីឯ​បឹង ១០ ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​លុប​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ពី​សំណាក់​អ្នក​មាន​អំណាច ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ងាយ​នឹង​រង​នូវ​ការ​ជន់​លិច​ទាំង​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ផ្សេងៗ។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ធ្លាប់​បាន​ចេញ​លិខិត​មួយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់​កាលពី​ពេល​កន្លងទៅ​ថា ទឹក​អាច​ជន់​លិច​ទីក្រុង​ភ្នំពេញ គឺ​បណ្តាល​មកពី​ការ​ចាក់​ដី​លុប​បឹង និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​ជាដើម។

ប៉ុន្តែ​លិខិត​ព្រមាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ប្រសិទ្ធភាព​ឡើយ ត្បិត​ការ​ចាក់​ដី​លុប​បឹង​បិទ​ផ្លូវ​ទឹក ការ​រំលោភ​ច្រាំង​ទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​នានា នៅតែ​បន្ត​កើត​មាន​ដដែល​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស