សមាគមអភិវឌ្ឍន៍យុវជនកម្ពុជា (YDA) លើកឡើងថា ការបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីប្រទេសកម្ពុជា អាចនឹងផ្តល់ផលអវិជ្ជមានសម្រាប់កម្ពុជាធ្ងន់ធ្ងរទៅថ្ងៃក្រោយ និងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាផងដែរ។
សមាគមអភិវឌ្ឍន៍យុវជនកម្ពុជា (YDA) អះអាងនៅថ្ងៃទី៥ កក្កដា នេះថា ការបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកបែបនេះ គឺជាគុណវិបត្តិសម្រាប់សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃក្រោយប៉ុណ្ណោះ ព្រោះថាបើគ្មានអ្នកតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាដើម្បីជួយក្រុមហ៊ុនធំបង្កើតគោលការណ៍ និងឧបករណ៍របស់ហ្វេសប៊ុកទេ អាជីវកម្ម និងស្ថាប័នផ្សេងៗអាចជួបបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការបង្កើត និងគ្រប់គ្រងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពទៅថ្ងៃមុខ។
សមាគមអភិវឌ្ឍន៍យុវជនកម្ពុជា លើកឡើងថា ការបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកបែបនេះ ក៏អាចបញ្ជូនសញ្ញាមួយទៅកាន់សហគមន៍អន្តរជាតិដែរថា កម្ពុជាមិនមានបរិយាកាសល្អសម្រាប់អាជីវកម្មដែលពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះទេ។ ជាងនេះទៀត ក៏អាចធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះកាន់តែលំបាកក្នុងការទទួលបានជំនួយចំពោះបញ្ហាបច្ចេកទេស ឬការប្តឹងតវ៉ាចំពោះបញ្ហានានាផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាចំនួន ២២នាក់ កាលពីថ្ងៃអង្គារ ទី៤ កក្កដា បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះបានព្យួរទំព័រហ្វេសប៊ុកផ្លូវការរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន កាលពីចុងខែមិថុនា កន្លងទៅនោះ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមេតាហ្វេសប៊ុក បានអំពាវនាវឲ្យព្យួរគណនីហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន រយៈពេល ៦ខែ ដោយអះអាងថា វីដេអូមួយដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកបានរំលោភគោលការណ៍សកលរបស់ក្រុមហ៊ុនមេតាហ្វេសប៊ុកធ្ងន់ធ្ងរ ជុំវិញការគំរាមកំហែងដោយហិង្សា។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមេតាហ្វេសប៊ុកបញ្ជាក់ថា ការព្យួរទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ បន្ទាប់ពីមានបណ្តឹងពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ពីការគំរាមកំហែង ដែលអាចនាំទៅដល់ការស្លាប់ពីសំណាក់លោក ហ៊ុន សែន តាមរយៈសុន្ទរកថាលើវេទិការបស់គាត់ជាបន្តបន្ទាប់ ដែលសុន្ទរកថាទាំងនោះបានបំពានលើគោលការណ៍របស់ក្រុមហ៊ុនមេតាហ្វេសប៊ុកយ៉ាងធ្ងន់ធ្ងរផងដែរ។
បន្ទាប់ពីចំណាត់ការរបស់ក្រុមហ៊ុនមេតាហ្វេសប៊ុក មេដឹកនាំខ្មែរលោក ហ៊ុន សែន បានប្រកាសលុបចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតែម្តង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែបន្ទាប់ពីបញ្ហាចម្រូងចម្រាសនេះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែក្រសួងការបរទេសកម្ពុជា សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចំនួន ២២នាក់ភ្លាមៗក្រោមលេសថា ក្រុមហ៊ុនហ្វេសប៊ុកគឺមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
បន្ទាប់ពីបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក បុរសខ្លាំងក្រាញអំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន សរសេរក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមបែបផ្ចាញ់ផ្ចាលកាលពីថ្ងៃទី៤ កក្កដា ថា មុខមនុស្សទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចូលស្រុកខ្មែរអស់មួយជីវិត ហើយនេះគឺជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា នេះថា ក្រុមហ៊ុនហ្វេសប៊ុកពិតជាមិនចង់ធ្វើឱ្យប៉ះពាល់ដល់លោក ហ៊ុន សែន ទេក្នុងនាមមេដឹកនាំខ្មែររូបនេះជាអតិថិជនរបស់គេ ប៉ុន្តែដើម្បីរក្សាគោលការណ៍សកលដោយអព្យាក្រឹត ពួកគេត្រូវតែព្យួរហ្វេសប៊ុករបស់គាត់ដាច់ខាត ព្រោះថានេះគឺជាគោលការណ៍ដែលត្រូវតែអនុវត្តចំពោះការរំលោភបំពានលើបម្រាមដែលក្រុមហ៊ុនបានដាក់ចេញ ខណៈលោក ហ៊ុន សែន បានប្រព្រឹត្តខុសនូវគោលការណ៍សកលនេះដោយខ្លួនឯងប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា នៅពេលដែលមេដឹកនាំខ្មែរលោក ហ៊ុន សែន មិនគោរពនូវគោលការណ៍សកលរបស់ក្រុមហ៊ុនដ៏ល្បីមួយនេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់ក្រុមហ៊ុនដទៃទៀតយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេខ្លាចរអាក្នុងការបោះទុនវិនិយោគនៅកម្ពុជាបន្តទៀត ព្រោះថាទង្វើរបស់លោក ហ៊ុន សែន នៅពេលនេះធ្វើឲ្យពួកគេដឹងយ៉ាងច្បាស់ថា ពួកគេនឹងមិនអាចការពារផលប្រយោជន៍របស់ខ្លួនតាមច្បាប់បានឡើយ ដែលសូម្បីតែក្រុមហ៊ុនហ្វេសប៊ុកល្បីល្បាញប៉ុណ្ណឹងហើយ នៅតែលោក ហ៊ុន សែន ហ៊ានបំពានច្បាប់របស់ក្រុមហ៊ុននេះទៀតនោះ។
ចំណែកសកម្មជនសហគមន៍ខ្មែរនៅក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោក មួង ណារ៉េត លើកឡើងនៅថ្ងៃនេះដែរថា ការផ្អាកគណនីហ្វេសប៊ុកជាបណ្ដោះអាសន្ន ឬជារៀងរហូត គឺជារឿងធម្មតា ដើម្បីជាការព្រមាន ឬពិន័យលើអ្នកប្រើប្រាស់ដែលបានប្រព្រឹត្តផ្ទុយពីគោលការណ៍សហគមន៍ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ឬជាការញុះញង់ឱ្យមានអំពើហិង្សា ឬគំរាមប្រើអំពើហិង្សាលើអ្នកដទៃ ជាដើម។
លោកបន្ថែមថា សូម្បីតែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ត្រូវក្រុមហ៊ុនហ្វេសប៊ុកបានផ្អាកគណនីហ្វេសប៊ុករបស់គាត់រយៈពេល ២ឆ្នាំដែរ បន្ទាប់ពីគេរកឃើញថា គាត់បានញុះញង់ឱ្យមានអំពើហិង្សា ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនបានធ្វើទុក្ខបុកម្នេញលើក្រុមហ៊ុនហ្វេសប៊ុកនោះទេ ពីព្រោះគេរកឃើញថា លោក ដូណាល់ ត្រាំ ពិតជាបានបំពានលើគោលការណ៍ក្រុមហ៊ុននេះមែន។
លោក មួង ណារ៉េត លើកឡើងថា ដោយឡែកប្រទេសកម្ពុជាវិញបែរជាដាក់មន្ត្រីក្រុមហ៊ុនហ្វេសប៊ុក ២២នាក់ក្នុងបញ្ជីខ្មៅដែលត្រូវបណ្ដេញចេញពីកម្ពុជាទៅវិញ ហើយក្នុងនោះក៏មានស្ត្រីដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផ្នែកការពារសិទ្ធិមនុស្សម្នាក់ផងដែរ គឺអ្នកស្រី Tawakkol Karman ស្របពេលដែលអ្នកទាំងនោះគ្មានកំហុសផងនោះ។
ការប្រព្រឹត្តខុសពីគោលការណ៍ក្រុមហ៊ុនហ្វេសប៊ុក ដែលរកឃើញដោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ គឺត្រូវរាយការណ៍ទៅក្រុមហ៊ុនហ្វេសប៊ុកធំឱ្យចាត់ការតាមច្បាប់ដោយគ្មានករណីលើកលែងឡើយ ក្នុងនោះគណនីហ្វេសប៊ុកដែលត្រូវផ្អាក និងបិទលែងឱ្យដំណើរការមានរហូតដល់ទៅជាង ១៣០០លានគណនីឯណោះកាលពីឆ្នាំ២០២១ កន្លងទៅ។
ការបិទគណនីអ្នកបំពានគោលការណ៍ក្រុមហ៊ុនបណ្ដាញសង្គមបែបនេះ មិនមែនមានតែក្រុមហ៊ុនហ្វេសប៊ុកទេ ក្នុងនោះបណ្ដាញសង្គម Twitter ក៏បានផ្អាក និងបិទគណនីដែលល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុនជាង ១៤លានគណនីផងដែរក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយលើសពីនេះទៀតនោះ គណនី Twitter របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ត្រូវបានក្រុមហ៊ុននេះបិទមិនឲ្យប្រើជារៀងរហូតផងដែរ ដោយសារតែគាត់បានបំពានគោលការណ៍សកលរបស់ពួកគេកាលពីឆ្នាំ២០២១ កន្លងទៅ៕