28 C
Phnom Penh

ក្រុម​ការងារ UN ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ (UN) ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​កញ្ញា សេង ធារី សញ្ជាតិ​ខ្មែរ-អាមេរិកាំង​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ដោយ​ចាត់ទុក​ថា​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។

សេចក្ដី​សម្រេច​មួយ​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​នៅ​ថ្ងៃទី​១២ កក្កដា នេះ បាន​លើកឡើង​ថា ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើឡើង​តាមរយៈ​ការ​រើសអើង​និន្នាការ​នយោបាយ និង​ការ​កាត់ក្ដី​ទាំង​ហ្វូង ដូច្នេះ​កញ្ញា សេង ធារី មិន​មាន​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​ខ្មែរ-អាមេរិក គឺជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ដោយ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ទាមទារ​គឺ​ជា​សិទ្ធិ ប៉ុន្តែ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​កម្ពុជា និង​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ។ លោក​ថា មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​កញ្ញា សេង ធារី បាន គឺ​ត្រូវ​ធ្វើ​តាម​នីតិវិធី​របស់​តុលាការ និង​ស្វែងរក​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក​តែប៉ុណ្ណោះ។

លោក ចារិត ហ្គិនស័រ (Jared Genser) មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ដែរ​ថា ទោះបីជា​ដឹងខ្លួន​ថា​នឹង​អាច​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​យ៉ាង​ណា​ក្ដី ក៏​កញ្ញា សេង ធារី នៅតែ​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ លោក​បន្ថែម​ថា កញ្ញា សេង ធារី គឺជា​វីរជន​ខ្មែរ-អាមេរិក​ដែល​ក្លាហាន​ហ៊ាន​ប្រឈម​នឹង​ការ​ឃុំ​ខ្លួន ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​នាង​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពិភពលោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៣ ខែ​មិថុនា លោក ហ៊ុន សែន បាន​លើកឡើង​ថា ជន​ជាប់​ឃុំ​រូប​ណា​ដែល​ត្រូវ​បាន​បរទេស​ស្នើសុំ​ឲ្យ​ដោះលែង គឺ​អ្នក​ជាប់​ឃុំ​នោះ​នឹង​នៅតែ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ លោក​អះអាង​ថា កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ នោះ នឹង​មិន​ត្រូវ​បាន​ដោះលែង ឬ​បន្ធូរ​បន្ថយ​ទោស​ឡើយ ពីព្រោះ​មាន​អន្តរាគមន៍​ពី​បរទេស។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទាក់ទង​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​មិន​ជោគជ័យ​របស់​លោក សម រង្ស៊ី កាលពី​ចុងឆ្នាំ​២០១៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស