35 C
Phnom Penh

ក្រុម​យុវជន​បរិស្ថាន​ដង្ហែ​ញត្តិ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ពី​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​បរិស្ថាន​ជាច្រើន​នាក់​ដង្ហែ​ញត្តិ​តាម​ដងផ្លូវ​យក​ទៅ​ដាក់​ជូន​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ​ដក​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ ពី​ក្រុមហ៊ុន Koh Kong SEZ របស់​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ការពារ​កោះ​មួយ​នេះ​ឱ្យ​ស្ថិត​នៅ​គង់វង្ស​ទៅ​ថ្ងៃ​មុខ។

ក្រុម​យុវជន​បរិស្ថាន​ប្រមាណ​ជា ២០​នាក់ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ដង្ហែ​ញត្តិ​ដោយ​ធ្វើ​ដំណើរ​ពី​ទីតាំង​ម្តុំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទៅ​កាន់​ទីស្ដីការ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​ជួយ​ពន្លឿន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​សុំ​ឱ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់​លើ​ក្រុម​យុវជន​បរិស្ថាន ដូចជា​កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និង​លោក យ៉ីម លាងហ៊ី ជាដើម ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ជុំវិញ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ​សព្វថ្ងៃ​នេះ។

យុវជន​ដែល​ពាក់​អាវ​មាន​ឆ្លាក់​អក្សរ​កោះកុង​ក្រៅ​ដូចៗ​គ្នា បាន​កាន់​បដា​ដែល​មាន​សរសេរ​អក្សរ​ធំៗ​ពណ៌​ខៀវ​លើ​ផ្ទាំង​ក្រណាត់​ពណ៌​ស ថា អនាគត​ឧទ្យាន​ជាតិ​សមុទ្រ​កោះកុង​ក្រៅ និង​នាំគ្នា​ស្រែក​ស្រុះៗ​គ្នា​តាមរយៈ​អាឃោសនសព្ទ​ក្នុង​អំឡុង​ពេល​ដង្ហែ​ញត្តិ​ថា ពួកគេ​ស្រឡាញ់​កោះកុង​ក្រៅ និង​សូម​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ជាដើម។

ការ​ដង្ហែ​ញត្តិ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ឱ្យ​បាន​ឆាប់​ក្នុង​បំណង​បញ្ចៀស​ការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​កោះ​មួយ​នេះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​មូលហេតុ​នាំ​ទៅ​រក​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​ការ​ដង្ហែ​ញត្តិ​នេះ ក្រសួង​ទេសចរណ៍​បាន​បដិសេធ​មិន​ទទួល​ញត្តិ​នេះ​ទេ ដោយ​លើក​មូលហេតុ​ថា​មិន​ពាក់ព័ន្ធ​នឹង​ក្រសួង ប៉ុន្តែ​បន្ទាប់ពី​ក្រុម​យុវជន​បរិស្ថាន​រង់ចាំ​អស់​រយៈពេល ៣០​នាទី ក្រសួង​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​យុវជន ១​រូប គឺ​កញ្ញា ភួន កែវរស្មី ចូល​ជួប​ដើម្បី​ដាក់​ញត្តិ​នោះ ហើយ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​ក៏​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ថ្នាក់លើ​ផង​ដែរ ចំណែក​ក្រសួង​បរិស្ថាន និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន មិនទាន់​មាន​ការ​ឆ្លើយតប​ចំពោះ​ញត្តិ​នេះ​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ក៏​ធ្លាប់​បាន​ចែក​លិខិត​ប័ណ្ណ​ទេសចរណ៍ និង​ក្រដាស​ព័ត៌មាន​ដែល​រៀបរាប់​អំពី​តំបន់​កោះកុង​ក្រៅ​ទៅ​កាន់​សាធារណជន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដកហូត​តំបន់​កោះកុង​ក្រៅ​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ តាមរយៈ​ការ​ដាក់​បញ្ចូល​តំបន់​នេះ​ឱ្យ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ផង​ដែរ ក្រោយពី​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន កោះកុង អេសអ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG SEZ Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​នា​ពេល​កន្លងមក។

កោះកុង​ក្រៅ ស្ថិត​នៅ​ក្នុង​ភូមិ​អាវឡាតាន់ ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង មាន​ទំហំ​ផ្ទៃដី ១០៣​គីឡូម៉ែត្រ​ក្រឡា ទទឹង​ប្រវែង ៧​គីឡូម៉ែត្រ បណ្តោយ ១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​ឆ្នេរ ៦​កន្លែង៖

  • ឆ្នេរ​ទី​១ ប្រវែង ១៨០០​ម៉ែត្រ
  • ឆ្នេរ​ទី​២ ប្រវែង ២០៥០​ម៉ែត្រ
  • ឆ្នេរ​ទី​៣ ប្រវែង ៧០០​ម៉ែត្រ
  • ឆ្នេរ​ទី​៤ ប្រវែង ៩០០​ម៉ែត្រ
  • ឆ្នេរ​ទី​៥ ប្រវែង ៧៥០​ម៉ែត្រ
  • និង​ឆ្នេរ​ទី​៦ ប្រវែង ៦៥០​ម៉ែត្រ ក្រៅពី​នេះ​ក៏​មាន​តំបន់​ទឹកធ្លាក់ ៩​កន្លែង និង​កូនភ្នំ​ជាច្រើន​ដែល​មាន​ចម្ងាយ​ត្រឹមតែ ៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​ខេមរភូមិន្ទ។

ជុំវិញ​ករណី​នេះ ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ពេល​កន្លងទៅ ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​ទៅ​ឱ្យ​ក្រុមហ៊ុន «កោះកុង អេសអ៊ីហ្ស៊ិត ខូអិលធីឌី (KOH KONG SEZ CO., LTD.)» របស់​ឧកញ៉ា លី យ៉ុងផាត់។

រហូត​មក​ដល់​ពេលនេះ កោះកុង​ក្រៅ នៅ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ណា​មួយ ឬ​អនុក្រឹត្យ​ណា​មួយ​បញ្ជាក់​ថា​កោះ​នេះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវ​គេ​រក​ឃើញ​ថា កោះ​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ផ្ដាច់មុខ​ដោយ​ស្ងាត់ៗ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ធ្វើការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០១៩ មក ដោយ​មិន​បាន​ធ្វើការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ជា​មុន និង​ប្រកាស​ប្រាប់​សាធារណជន​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស