35 C
Phnom Penh

គណបក្ស​ភ្លើង​ទៀន​ខកចិត្ត​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​សុំ​ជួប​លោក ស ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន​សម្ដែង​ការ​ខកចិត្ត បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​លិខិត​របស់​គណបក្ស​នេះ​ដែល​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​បក្ស​ភ្លើង​ទៀន។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទទួល​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ពាក់ព័ន្ធ​ការ​រក​ដំណោះស្រាយ​ជុំវិញ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ។

ជាក់ស្ដែង កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​ថា​ខ្លួន​បាន​ដាក់​លិខិត​ដូច​គ្នា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ ដោយ​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​លិខិត​នេះ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ វិញ។

ប៉ុន្តែ​ក្រោយពី​បោះឆ្នោត​រួច​ហើយ បែរ​ជា​ក្រសួង​មហាផ្ទៃ​មិន​ទទួលយក​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ដាក់​ទៅ​កាលពី​ថ្ងៃទី​២ ខែ​សីហា ដោយ​ក្រសួង​ប្រាប់​ឲ្យ​គណបក្ស​ភ្លើង​ទៀន​រង់ចាំ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​ទៅវិញ។

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ការ​ដាក់​លិខិត​ស្នើសុំ​ជួប​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នា​ពេល​នេះ សុំ​ឲ្យ​លោក​ជួយ​ផ្ដល់​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ របស់​គណបក្ស​ភ្លើង​ទៀន។

លើស​ពី​នេះ គណបក្ស​ភ្លើង​ទៀន​ថា​ដើម្បី​ឲ្យ​ខ្លួន​យក​ឯកសារ​នោះ​មក​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាងមុខ។

ការ​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ទទួលស្គាល់ និង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រោម​ហេតុផល​ថា ឯកសារ​ដែល​គណបក្ស​នេះ​ដាក់​សុំ​ចុះបញ្ជី​មិនមែន​ជា​ឯកសារ​ច្បាប់​ដើម បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចេញ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ក៏ដោយ។

សូម​រំលឹក​ថា គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​ថា គណបក្ស​បាន​បាត់​ឯកសារ​ដើម​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ អំឡុង​ពេល​នៃ​ការ​ចម្រូងចម្រាស​គ្នា​រវាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អាជ្ញាធរ​គណបក្ស​កាន់​អំណាច ដោយ​គណបក្ស​ភ្លើង​ទៀន​បាន​ជ្រក​ក្រោម​ដំបូល​ជាមួយ​គ្នា​នោះ​ផង​ដែរ។

ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ជឿ​លើ​ការ​លើកឡើង​នេះ​ទេ ដោយ​លោក​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​ចុះបញ្ជី​ច្បាប់​ដើម​របស់​គណបក្ស​ភ្លើង​ទៀន ហើយ​មិន​អាច​ឲ្យ​គណបក្ស​នេះ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​នោះ គឺជា​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស