30 C
Phnom Penh

ព្រះមហាក្សត្រ​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ឪពុក​ប្រកាស​ផ្ទេរ​តំណែង​ឱ្យ​កូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បាន​ទូល​ថ្វាយ​ស្នើសុំ​ទៅ​ព្រះអង្គ ក្រោយពី​លាលែង​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។

ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ត្រាស់​បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដើម្បី​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧។

ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ចាត់តាំង​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្ដី​អនុម័ត​ទុកចិត្ត​ពី​រដ្ឋសភា ដែល​ព្រះរាជក្រឹត្យ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក បាន​ប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ផ្ទេរ​តំណែង​នេះ​ឲ្យ​កូនប្រុស​ឡើង​កាន់​តំណែង​ជំនួស​វិញ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​៧ សីហា នេះ​ថា លោក​សម្រេច​ចិត្ត​លះបង់​អំណាច​បញ្ជា​របស់​ខ្លួន ដោយ​ផ្ទេរ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​នេះ ដើម្បី​ធានា​សេចក្តី​សុខសាន្ត​របស់​ជាតិ។

លោក​អះអាង​ថា ការ​លះបង់​តំណែង​នេះ​ទាំង​ដែល​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​ជាង ៣៨​ឆ្នាំ ដែល​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក និង​ជា​មេដឹកនាំ​ដែល​លោក ហ៊ុន សែន ខ្លួនឯង​អះអាង​ថា​ប្រកប​ដោយ​មហា​គុណធម៌​បំផុត​ផង​ដែរ។

លោក ហ៊ុន សែន ថា​លោក​នឹង​ក្លាយ​ជា​ឪពុក​នាយករដ្ឋមន្ត្រី​វិញ​ម្ដង បន្ទាប់ពី​កាន់​តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល ១៥​ថ្ងៃ​ទៀត។ លោក​ថា ទោះបីជា​លោក​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​កូនប្រុស​កាន់​ជំនួស​ក៏ដោយ ប៉ុន្តែ​អំណាច​របស់​លោក​មិនទាន់​ចប់​ត្រឹម​ហ្នឹង​នោះ​ទេ ដោយ​លោក​នឹង​បន្ត​ការងារ​ក្នុង​មុខនាទី​ផ្សេង​ទៀត​យ៉ាងតិច​ត្រឹម​ឆ្នាំ​២០៣៣ ដែល​ពេល​នោះ​លោក​នឹង​បំពេញ​ការងារ​ជាង​កន្លះ​សតវត្សរ៍។

បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​បញ្ជាក់​ថា បើ​គិត​ពី​ការងារ​ក្នុង​រដ្ឋាភិបាល​ចាប់តាំងពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ ក្នុង​មុខតំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី ជា​នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​នាយករដ្ឋមន្ត្រី​ត្រឹម​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នោះ​លោក​បាន​ធ្វើការ​រយៈពេល ៤៤​ឆ្នាំ ៧​ខែ ១៤​ថ្ងៃ ត្រូវ​ជា ៥៣៥​ខែ ២៣២៨​សប្តាហ៍ និង ១៦២៩៧​ថ្ងៃ។

លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​នាយករដ្ឋមន្ត្រី ហើយ​ផ្ទេរ​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​កម្ពុជា​បញ្ចប់​ការ​បោះឆ្នោត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ដោយ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង។

អវត្តមាន​បក្ស​ប្រឆាំង​នេះ ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​ក្រោម​បញ្ជា​លោក ហ៊ុន សែន បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម ដើម្បី​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ៤០​ឆ្នាំ​មក។

តែ​យ៉ាងណា ការ​ទទួល​បាន​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត នា​ពេល​នេះ ត្រូវ​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ថា​ជា​ការ​ដឹកនាំ​ផ្ដាច់ការ និង​ត​ពូជ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន និង​បក្ខពួក ដោយ​មិន​គិត​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ខណៈ​ក្រុម​មេដឹកនាំ និង​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ រួម​ទាំង​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​នាំគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​អបអរ​លោក ហ៊ុន ម៉ាណែត ព្រោងព្រាត។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាត បាន​លើកឡើង​ថា អាណត្តិ​មុន របប​លោក ហ៊ុន សែន ចំណែក​អាណត្តិ​នេះ គឺ​របប​លោក ហ៊ុន ម៉ាណែត។ លោក​ហៅ​រដ្ឋាភិបាល​ថ្មី​ដែល​មិន​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​ថា​ជា «របប»។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ថា លោក ហ៊ុន សែន ជា​ឪពុក​ជួយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទៅ​រៀន​នៅ​សាលា​បណ្ឌិតសភា​យោធា West Point សហរដ្ឋ​អាមេរិក ដោយ​មិន​មាន​ការ​ប្រឡង​ចូល​នោះ​ដូច​អ្នកដទៃ​ឡើយ។ ចំណែក​ការ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នា​ពេលនេះ ក៏​មិន​មែន​ឡើង​តាម​សមត្ថភាព​ខ្លួនឯង​នោះ​ទេ តែ​ឡើង​ទៅ​តាម​ជើងខោ​ឪពុក​របស់​ខ្លួន។ ដូច្នេះ​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​នា​ពេលនេះ​ខុស​ច្បាប់ បន្ទាប់ពី​លោក ហ៊ុន សែន ជា​ឪពុក បាន​ប្លន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា កន្លងទៅ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​នៃ​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​រដ្ឋសភា​ក៏​ខុស​ច្បាប់​ដែរ ដោយសារ​តែ​កើត​ចេញពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ ដូច្នេះ លោក​ថា​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ជា​តំណែង​ដែល​នាំ​មក​នូវ​ភាព​ក្ដៅ​ក្រហាយ​ដល់​ជាតិ ដែល​កើត​ពី​ផែនការ​ឧក្រិដ្ឋ​នយោបាយ​របស់​លោក ហ៊ុន សែន ជា​ឪពុក ក្នុង​គន្លង​រដ្ឋប្រហារ​អចិន្ត្រៃយ៍​នៃ​របប​ដឹកនាំ​សង្គម​បែប​ភេរវកម្ម​រដ្ឋ គឺ​ការ​ប្រើ​ឈ្មោះ​រដ្ឋ ធ្វើ​បាប គំរាមកំហែង បន្លាច​ពលរដ្ឋ និង​បំផ្លាញ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ។

យ៉ាងណា តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត នេះ លោក គឹម សុខ ថា​អាច​នឹង​ក្លាយ​ជា​មរតក​ចុងក្រោយ​នៃ​អំណាច​គ្រួសារ​ហ៊ុន គឺ​មាន​ន័យ​ថា អំណាច​គ្រួសារ​ហ៊ុន​នឹង​ត្រូវ​ចប់ ឬ​ដួល​រលំ​ត្រឹម​លោក ហ៊ុន ម៉ាណែត។ មួយ​វិញ​ទៀត វា​នឹង​ដល់​ទី​បញ្ចប់​ត្រឹម​ពេល​លោក ហ៊ុន សែន ធ្វើការ​លែង​កើត ពីព្រោះ​វា​ជា​របៀប​ឡើង​កាន់​តំណែង​ដែល​ដុត​កម្ដៅ​ផ្ទៃក្នុង​ជាតិ និង​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ ដែល​បុគ្គល​គ្មាន​សមត្ថភាព និង​គ្មាន​ឆន្ទៈ​ជាតិ​ដូច​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់​សភាពការណ៍​វិបត្តិ​បន្ត​ឡើយ។

លោក គឹម សុខ ថា​ការ​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ជា​ការ​ឡើង​ទៅ​ទទួល​ថ្ម​បាក់​ជំនួស​ឪពុក​ប៉ុណ្ណោះ ដែល​ជា​ទម្ងន់​ថ្ម​នៃ​វិបត្តិ​ឧក្រិដ្ឋកម្ម និង​គំនរ​ទណ្ឌកម្ម​របស់​អន្តរជាតិ​ប្រជាធិបតេយ្យ​ដែល​នឹង​ចៀស​មិន​ផុត​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស