សមត្ថកិច្ចខេត្តកំពត អះអាងថា ពលរដ្ឋជាច្រើនគ្រួសារបានបន្តដាក់បណ្ដឹងមកសមត្ថកិច្ច ដោយប្ដឹងក្រុមហ៊ុន ពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលធ្វើឲ្យពួកគេខាតបង់ទឹកប្រាក់ជាង ២១លានដុល្លារ ខណៈតុលាការកំពុងសាកសួរអ្នកឧកញ៉ារូបនេះ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ ខែសីហា នេះថា គិតត្រឹមថ្ងៃទី០៩ ខែសីហា នេះ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋដែលបានប្ដឹងក្រុមហ៊ុន ពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង ជាង ១ពាន់ (១១០៥) បណ្ដឹងទៅហើយ។
ប្រភពដដែលបញ្ជាក់ថា បណ្ដឹងទាំងជាង ១ពាន់នេះគិតជាទឹកប្រាក់ដែលក្រុមពលរដ្ឋអះអាងនោះថាមានចំនួនជាង ២១លានដុល្លារអាមេរិក (២១០៧៨៩៦០ដុល្លារ)។
ពលរដ្ឋរងគ្រោះបន្តដាក់បណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត នេះ ស្របពេលតុលាការកំពុងសាកសួរអ្នកឧកញ៉ា ហ៊ី គឹមហុង និងក្រុមអង្គរក្សចំនួន ១៣នាក់ទៀត ករណីឆបោកពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពត ដោយគិតជាទឹកប្រាក់មានចំនួនរាប់លានដុល្លារអាមេរិកក្នុងគម្រោងអចលនទ្រព្យ។
អ្នកឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្សត្រូវបានប៉ូលិសរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែសីហា នេះពាក់ព័ន្ធនឹងករណីឆបោកពលរដ្ឋនៅខេត្តកំពត ជាង ៧០០គ្រួសារ ដែលពលរដ្ឋបានវិនិយោគប្រាក់រាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យជាមួយក្រុមហ៊ុននេះ។
បើតាមអ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ប៉ូលិសចាប់ខ្លួនអង្គរក្សទាំង ១៣នាក់របស់អ្នកឧកញ៉ាទៅជាមួយដែរ ដោយសារតែពួកគេបានរារាំងដីកាចាប់ខ្លួនរបស់តុលាការ និងប៉ុនប៉ងប្រើអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់។
លោក ហ៊ី គឹមហុង ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ បន្ទាប់ពីលោក ហ៊ុន សែន ទូលថ្វាយដើម្បីស្នើសុំពីព្រះអង្គ។
តែយ៉ាងណា ករណីអ្នកឧកញ៉ា និងឧកញ៉ារំលោភកិច្ចសន្យា មិនមែនមានតែអ្នកឧកញ៉ា ហ៊ី គឹមហុង នោះទេ ក្នុងនោះក៏មានឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែរ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចកម្ពុជានៅមិនទាន់ហ៊ានចាត់វិធានការច្បាប់លើឧកញ៉ារូបនេះនៅឡើយទេ បើទោះបីពលរដ្ឋបាននាំគ្នាតវ៉ា និងប្ដឹងរូបលោកពីបទរកស៊ីលក់ផ្ទះល្វែងខ្យល់ និងការបោកប្រាស់ទំនុកចិត្តរបស់ពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់បែបណាក៏ដោយ៕