គណបក្សភ្លើងទៀន នឹងត្រូវរំលាយចោលពីឆាកនយោបាយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីកម្ទេចកេរដំណែលរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី តាមការបញ្ជារបស់លោក ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមួយរូប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី១៥ សីហា នេះថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងពិនិត្យលើនីតិវិធីដើម្បីឈានទៅរកការរំលាយគណបក្សភ្លើងទៀនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ការរំលាយបក្សប្រឆាំងមួយនេះ ដោយសារលោក ហ៊ុន សែន មិនចង់ឱ្យមានគណបក្សដែលជាមរតករបស់លោក សម រង្ស៊ី នៅសេសសល់ និងដើម្បីផ្តាច់ឫសគល់ក្រុមប្រឆាំងឱ្យអស់ពីកម្ពុជា ក្នុងចេតនាធានានូវអំណាចកូនប្រុសរបស់គាត់ដែលនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនាពេលដ៏ខ្លីខាងមុខនេះ។
មន្ត្រីរូបនោះអះអាងថា នៅមុនការបោះឆ្នោត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែរ ប៉ុន្តែត្រូវលោក ហ៊ុន សែន គំរាម និងព្រមានធ្ងន់ៗរហូតលោក ស ខេង មិនអាចជួយឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងយុទ្ធនាការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះបាន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនោះបញ្ជាក់ថា បន្ទាប់ពីគណបក្សភ្លើងទៀនអវត្តមានក្នុងការបោះឆ្នោត លោក ហ៊ុន សែន កំពុងរៀបចំបង្កើតសេណារីយ៉ូឱ្យមានគណបក្សនយោបាយតូចៗ ដើម្បីជួយលំអបក្សកាន់អំណាចក្នុងផែនការជំនួសគណបក្សភ្លើងទៀន ដែលគេត្រៀមនឹងរំលាយនោះ ព្រោះថាលោក ហ៊ុន សែន មិនចង់ឱ្យគណបក្សណាមួយដែលជាមរតករបស់លោក សម រង្ស៊ី អាចមានឥទ្ធិពលក្នុងការរៀបចំយុទ្ធសាស្ត្រនយោបាយឱ្យលោក សម រង្ស៊ី នោះឡើយ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក សេង សារី បានប្រាប់សារព័ត៌មានក្នុងស្រុកថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន មិនត្រឹមតែមានចេតនាដាក់លោក សម រង្ស៊ី ឱ្យនៅឯកា ហើយបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចេតនាក្នុងការកម្ទេចឫសគល់គណបក្សសង្គ្រោះជាតិ អ្នកគាំទ្រគណបក្ស និងគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យថែមទៀត។
ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បើលោក ហ៊ុន សែន រំលាយគណបក្សភ្លើងទៀន គឺរំលាយបានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែលោក ហ៊ុន សែន មិនអាចរំលាយបេះដូងពលរដ្ឋដែលស្រឡាញ់គណបក្សភ្លើងទៀន និងស្រឡាញ់លោក សម រង្ស៊ី បានឡើយ។ ជាងនេះទៀត ការរំលាយនេះ គឺរឹតតែធ្វើឱ្យពលរដ្ឋឃើញពីអំពើអាក្រក់របស់លោក ហ៊ុន សែន កាន់តែខ្លាំងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បុរសខ្លាំងក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន ធ្លាប់បានព្រមានគណបក្សភ្លើងទៀន ក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ថា គណបក្សភ្លើងទៀននឹងរងនូវការរំលាយ ដើម្បីផ្តាច់ឫសគល់ក្រុមជ្រុលនិយមឱ្យអស់ពីកម្ពុជា បន្ទាប់ពីលោករកឃើញថា បក្សនេះមានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការបំផ្លាញការបោះឆ្នោតរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី តាមរយៈក្រុមមួយក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមឈ្មោះថា «សប្បាយ» កាលពីចុងខែកក្កដា កន្លងទៅនេះ។
លោក ហ៊ុន សែន គំរាមថា បើលោក សម រង្ស៊ី ព្រមានថាហ៊ានលើកកាំបិតកាប់លោកទៅហើយនោះ លោកក៏មិនញញើតលើកកាំបិតកាប់អ្នកគាំទ្ររបស់លោក សម រង្ស៊ី វិញដែរ ព្រោះថាភស្តុតាងមានគ្រប់គ្រាន់ហើយ។
គណបក្សភ្លើងទៀន តែងបញ្ជាក់ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាឡើយ ខណៈជំហររបស់ខ្លួន គឺធ្វើសកម្មភាពនយោបាយដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាដទៃទៀត ព្រមទាំងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃផងដែរ៕