29 C
Phnom Penh

អ្នកវិភាគ​សង្ស័យ​លើ​ចំណាត់ការ​សមត្ថកិច្ច​ដែល​អាច​ឱ្យ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ចេញពី​កម្ពុជា​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ជា​រឿង​គួរ​ឱ្យ​សង្ស័យ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច​ខ្លាំង​បំផុត មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ត្រូវ​បាន​គេ​រំដោះ​ល្បី​ខ្ចរខ្ចាយ​ពេញ​ប្រទេស តែ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​ទប់ស្កាត់​រហូត​អាច​ឱ្យ​ឧក្រិដ្ឋជន​ដែល​មាន​ទោស​ជាង ៥០​ឆ្នាំ​ឆ្លងដែន​គេច​ខ្លួន​ចេញពី​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ សីហា នេះ​ថា ឧក្រិដ្ឋជន​ដែល​រំដោះ​អ្នកទោស​សុទ្ធតែ​នាំគ្នា​បិទ​មុខ​ជិត​ទាំងអស់ បែរ​ជា​សមត្ថកិច្ច​អាច​ចាប់​ខ្លួន​បាន ប៉ុន្តែ​អ្នកទោស​ដែល​អត្តសញ្ញាណ​របស់​គេ​ត្រូវ​គេ​ស្គាល់​ពេញ​ប្រទេស បែរ​ជា​ចាប់​ខ្លួន​មិន​បាន​ទៅវិញ។ ជាង​នេះ​ទៀត ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ថា​មនុស្ស​ដែល​ខ្លួន​ចាប់​បាន គឺជា​ក្រុម​ឧក្រិដ្ឋជន​រំដោះ​អ្នកទោស​នោះ នៅតែ​មិន​គួរ​ឱ្យ​ទុកចិត្ត​បាន​នៅឡើយ ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​បាន​ស្គាល់​មុខ​អ្នក​ទាំងនោះ​ពេល​ពួកគេ​ចូល​ទៅ​រំដោះ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​នោះ​ទេ ដូច្នេះ​អ្វីៗ​គឺ​នៅ​លើ​សមត្ថកិច្ច​ជា​អ្នក​អះអាង​ទាំងអស់។

លោក គឹម សុខ លើកឡើង​ថា តើ​មនុស្ស​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​ក្រុម​ឧក្រិដ្ឋជន​ដែល​ចូល​ទៅ​រំដោះ​អ្នកទោស​នោះ​ជា​មនុស្ស​ពិត ឬ​ជា​ការ​រៀបចំ​របស់​សមត្ថកិច្ច គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ ត្បិត​ចម្ងល់ គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​ពួកគេ​មិន​ឆ្លងដែន​ចេញពី​ប្រទេស​កម្ពុជា​ជាមួយ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន ត្បិត​ពួកគេ​ពាក់​របាំងមុខ​ទាំងអស់​គ្នា ដូច្នេះ​បើ​ពួកគេ​ឆ្លងដែន​ចេញ​ទៅ​ប្រទេស​ក្បែរ​ខាង ក៏​គ្មាន​អ្នក​ណា​ស្គាល់​ដែរ ព្រោះ​ថា​សូម្បីតែ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​គេ​ស្គាល់​មុខ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅតែ​អាច​ឆ្លងដែន​បាន ចុះ​ទម្រាំ​អ្នក​ដែល​ពាក់​របាំងមុខ​ទាំងនោះ រឿង​អី​ថា​ឆ្លងដែន​មិន​បាន។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​ឆ្លង​តាម​ច្រក​របៀង​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ នោះ​គឺ​រឹតតែ​ងាយស្រួល​ថែម​ទៀត ព្រោះ​ថា​ពួកគេ​មាន​គោលដៅ​ទៅ​រំដោះ​តែ​អ្នកទោស​ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​គ្មាន​ហេតុផល​អ្វី​ត្រូវ​នៅ​កម្ពុជា​ដោយ​មិន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​មេ​ឧក្រិដ្ឋជន​ដែល​ខ្លួន​បាន​រំដោះ​នោះ​ទេ ដូច្នេះ​រឿង​នេះ​បន្សល់​នូវ​ចំណុច​សង្ស័យ​ច្រើន​ណាស់​ជុំវិញ​ចំណាត់ការ​របស់​សមត្ថកិច្ច។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ មាន​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៥​នាក់​ប្រដាប់​ដោយ​អាវុធ បាន​សម្រុក​ចូល​ទៅ​គ្លីនិក​ព្យាបាល​ធ្មេញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​រំដោះ​អ្នកទោស​ជា​ជនជាតិ​ចិន ដែល​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​មាន​ឈ្មោះ​ថា Chen Hsin Han ក្រោយ​សមត្ថកិច្ច​បញ្ជូន​រូប​គេ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ខាងលើ​នោះ។

បន្ទាប់ពី​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ខាងលើ​ត្រូវ​បាន​រំដោះ នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ថា មេខ្លោង​ថ្នាំញៀន​ជនជាតិ​ចិន​ឈ្មោះ Chen Hsin Han ដែល​ក្រុម​ឧក្រិដ្ឋជន​រំដោះ​បាន​នោះ បាន​គេច​ខ្លួន​ចេញពី​កម្ពុជា​ហើយ។

លោក ម៉ក់ ជីតូ អះអាង​ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា​បាន​ដឹង​ទីតាំង​ប្រទេស​ដែល​មេខ្លោង​គ្រឿងញៀន​នោះ​រត់​ទៅ​លាក់​ខ្លួន​ហើយ និង​កំពុងតែ​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​តាម​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​តឹងរ៉ឹង​ឱ្យខាងតែ​បាន មិន​អាច​លើកលែង​បាន​ឡើយ ខណៈ​កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ក៏​កំពុង​សហការ​គ្នា​ដើម្បី​ស្រាវជ្រាវ​ផង​ដែរ។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រូប​នេះ​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ ឧក្រិដ្ឋជន​ស៊ីឈ្នួល​ចំនួន ៧​នាក់​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន ក្នុង​នោះ​មាន​ខ្មែរ​សញ្ជាតិ​អាមេរិក​ចំនួន ៦​នាក់ (កាន់​លិខិត​ឆ្លងដែន​អាមេរិក) និង​ជនជាតិ​ចិន​សញ្ជាតិ​អាមេរិក​ម្នាក់ (កាន់​លិខិត​ឆ្លងដែន​អាមេរិក​ដែរ) ហើយ​ពួកគេ​គឺជា​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ដោយ​រៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល ២​ខែ​មក​ហើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ករណី​រំដោះ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ​បាន​បន្សល់​នូវ​ចំណុច​សង្ស័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផង ពាក់ព័ន្ធ​នឹង​ការ​គប់គិត​របស់​មន្ត្រី​ពន្ធនាគារ​ផង ត្បិត​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​មុន​ដំបូង គឺ​មន្ត្រី​ពន្ធនាគារ បាន​អនុញ្ញាត​ឱ្យ​អ្នកទោស​គ្រឿងញៀន​ដល់​ទៅ​ជាង ៥០​ឆ្នាំ​ចេញ​មក​ខាងក្រៅ​ពន្ធនាគារ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន ដែល​មាន​សមត្ថកិច្ច​ការពារ​ត្រឹមតែ ៤​នាក់ ហើយ​ចេញ​មក​ខាងក្រៅ​ញឹកញាប់​ថែម​ទៀត។

ប្រភព​ដដែល​លើកឡើង​ពី​ចំណុច​សង្ស័យ​បន្ថែម​ថា បន្ទាប់ពី​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ត្រូវ​បាន​រំដោះ សមត្ថកិច្ច​កម្ពុជា​បែរ​ជា​អសមត្ថភាព​រារាំង​ពិរុទ្ធជន​មិន​ឱ្យ​ចាកចេញ​ពី​កម្ពុជា ស្រប​ពេល​ដែល​ឧក្រិដ្ឋជន​បាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​មុន​នឹង​រូប​គេ​រត់​គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​នោះ។

ជុំវិញ​ការ​រំដោះ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ មន្ត្រី​ពន្ធនាគារ​ដែល​បាន​ចុះហត្ថលេខា​ឯកភាព​ឱ្យ​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ ដូចជា​មន្ត្រី​ពេទ្យ​ពន្ធនាគារ​លោក ពៅ តុងហុង ប្រធាន​ការិយាល័យ​អគ្គានុរក្ស យឹម សុវណ្ណឡង់ឌី ប្រធាន​ពន្ធនាគារ​ខេត្ត លោក សី វណ្ណា និង​អនុប្រធាន​ពន្ធនាគារ​លោក ពេញ រិទ្ធ មិន​ទាន់​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ករណី​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ពួកគេ​កំពុង​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន​នេះ គេ​នៅ​មិន​ទាន់​ភ្លេច​ទេ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម។ ក្នុង​សំណុំ​រឿង​នេះ តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹមតែ​រយៈពេល ៤​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី និង​សម្រេច​ឲ្យ​ព្យួរ​ទោស​រយៈពេល ២​ឆ្នាំ​ផង​ដែរ។

យ៉ាងណាក៏ដោយ គេ​បាន​រក​ឃើញ​ថា អំឡុង​ពេល​ដែល​ឧកញ៉ា គិត ធាង ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ PJ បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ពិរុទ្ធជន​រូប​នេះ​នៅតែ​អាច​ដើរហើរ​សេរី​ក្រៅ​ច្បាប់​ដូច​ជន​គ្មាន​ទោស​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស