ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចោទថាប្រទេសថៃ ជាមជ្ឈមណ្ឌលចែកចាយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញធំបំផុតនៅតំបន់អាស៊ី ខណៈកម្ពុជាគឺជាប្រទេសរងគ្រោះពីប្រទេសថៃ តែប៉ុណ្ណោះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រីថៃ ជុំវិញជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅថ្ងៃទី២៧ មិថុនា ថា ប្រទេសថៃ មានជើងហោះហើរត្រង់តភ្ជាប់ទៅប្រទេសនានា ហើយក៏បាននាំយកជនឆបោកទាំងនោះចូលប្រទេសរបស់ខ្លួនដែរ មុននឹងជនឆបោកទាំងនោះឆ្លងចូលទៅប្រទេសដទៃ។
លោក ហ៊ុន សែន ចាត់ទុកការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលថាកម្ពុជា គឺជាសម្បុកឧក្រិដ្ឋជនឆបោក គឺជាការបៀមឈាមព្រួសដាក់កម្ពុជាប៉ុណ្ណោះ ត្បិតក្រុមឧក្រិដ្ឋជននៅតាមព្រំដែនជាមួយប្រទេសភូមា និងនៅតាមព្រំដែនជាមួយឡាវ សុទ្ធសឹងតែប្រទេសថៃ ជាអ្នកផ្គត់ផ្គង់ទាំងអស់ ដូចជា អគ្គិសនី និងបណ្ដាញអ៊ីនធឺណិត ជាដើម។
លោក ហ៊ុន សែន បញ្ជាក់ថា សូម្បីប្រទេសម៉ាឡេស៊ី ក៏មានគម្រោងធ្វើរបងជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់គ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ ដែរ។ ករណីនេះមានន័យថា ប្រទេសថៃ គឺជាសម្បុកឧក្រិដ្ឋជនដ៏ធំក្នុងការចែកចាយក្រុមឧក្រិដ្ឋជនទៅប្រទេសជិតខាងនោះ។
កាលពីថ្ងៃទី២៣ មិថុនា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានចោទកម្ពុជា ថាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែនដែលធ្វើឱ្យប្រទេសថៃ ខាតបង់ទឹកប្រាក់ជាង ៦០០ពាន់លានបាតក្នុង ១ឆ្នាំៗ ដែលថៃ ត្រូវដាក់ចេញនូវយុទ្ធសាស្ត្របោសសម្អាតក្នុងរយៈពេល ៣ខែបន្ទាប់នេះ។
នាយករដ្ឋមន្ត្រីថៃ រូបនេះអះអាងថា ប្រទេសថៃ បានចាត់វិធានការរឹតបន្តឹងបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋជនបោកប្រាស់ដែលត្រូវបានរកឃើញក្នុងប្រទេសកម្ពុជា ដូចជា ការផ្ដាច់អគ្គិសនី ផ្តាច់បណ្ដាញអ៊ីនធឺណិត រួមទាំងបណ្ដាញអ៊ីនធឺណិតអូសក្រោមសមុទ្រទៅកាន់ខេត្តព្រះសីហនុ ជាដើម។ ជាងនេះទៀត រដ្ឋាភិបាលថៃ នឹងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ និងមេទ័ពខ្មែរដែលតម្កល់នៅធនាគារថៃ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ រួមទាំងឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់ប្រភេទមកកម្ពុជា ថែមទៀត។ លើសពីនេះ ប្រទេសថៃ នឹងសម្របសម្រួលជាមួយប្រទេសដទៃ និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀត ដើម្បីរុះរើបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដោយយកប្រទេសថៃ ធ្វើជាទីតាំងមជ្ឈមណ្ឌលប្រតិបត្តិការក្នុងតំបន់តែម្តង។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ការប្រកាសបិទច្រកព្រំដែនពីសំណាក់នាយករដ្ឋមន្ត្រីថៃ ក្រោមលេសទប់ស្កាត់ឧក្រិដ្ឋកម្ម និងការឆបោកតាមអនឡាញដែលបានលើកឡើងថា រកឃើញនៅកម្ពុជានោះ គ្រាន់តែធ្វើឡើងបន្ទាប់ពីក្រុមយោធាបានប្រកាសបិទព្រំដែនដោយឯកតោភាគីក្រោយទំនាស់ព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះ ដែលមិនមែនជាចេតនាពិតប្រាកដក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែននោះឡើយ។
ជុំវិញបញ្ហានេះ កាសែត The Bangkok Post ចេញផ្សាយអត្ថបទកាលពីដើមសប្តាហ៍នេះថា កាលពីដើមខែមីនា ឆ្នាំ២០២៥ អង្គការសហប្រជាជាតិ បានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលថៃ ឱ្យបំភ្លឺលើចំណុចសំខាន់ជាច្រើន ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន ដោយផ្ដោតលើស្ត្រី និងកុមារក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។
កាសែត The Bangkok Post បញ្ជាក់ថា អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលចែកចាយជនរងគ្រោះទៅកាន់មជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសជិតខាង ជាពិសេសនៅតំបន់ព្រំដែនជាមួយរដ្ឋការ៉ែន (Karen) នៃប្រទេសភូមា ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

