26.3 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ឃុំ​ខ្លួន​ឪពុក​លោក ស៊ន តារា ថា​ជា​ល្បិចកល​នយោបាយ​កខ្វក់​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា ជា​ល្បិចកល​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន ដើម្បី​ទុក​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ក្រាប​ក្រុម​ប្រឆាំង​មិន​ឱ្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន គឺជា​បទ​ចោទ​ប្រឌិត​ឡើង​ដោយ​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​ការពិត​នៃ​ការ​ចាប់​ខ្លួន​នេះ គឺ​ក្រោម​ហេតុផល​នយោបាយ​ដែល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ​ឡើង​ទាំងអស់។

លោក អ៊ុំ សំអាន លើកឡើង​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​ប្រព្រឹត្ត​លើ​ក្រុម​ប្រឆាំង និង​សកម្មជន​សង្គម​ដទៃ​ទៀត បាន​នាំ​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​បែកបាក់​សាមគ្គី​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​អ្នក​ទាំងនោះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​ភាព​អយុត្តិធម៌​ដែល​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​នោះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​ក្រោម​បញ្ជា​លោក ហ៊ុន សែន ដោះលែង​លោក សុខ ស៊ុនណារ៉េត និង​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ រួម​ទាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​រួម​គ្នា​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​រហូត​ឈាន​ទៅ​ដល់​ការ​បង្រួបបង្រួម​ស្មារតី​ជាតិ​តែ​មួយ។

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ មិថុនា នេះ អំពី​ការ​បើក​សវនាការ​លើ​សំណុំរឿង​លោក សុខ ស៊ុនណារ៉េត នៅ​ថ្ងៃទី​៩ ខែ​កក្កដា ខាងមុខ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ត្រូវ​បាន​ប្រព្រឹត្ត កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤»

លោក សុខ ស៊ុនណារ៉េត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ជិត​មុខ​ទីបញ្ជាការ​យោធភូមិភាគ​៤ កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខណៈ​ពេល​ដែល​គាត់​បាន​បើក​រថយន្ត​ទៅ​ជួប​មេបញ្ជាការ​រង​យោធភូមិភាគ​៤ តាម​ការ​ណាត់​ជួប​នោះ។

ក្រោយ​ចាប់​ខ្លួន នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជូន​ខ្លួន​លោក សុខ ស៊ុនណារ៉េត ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ «ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន» ប៉ុន្តែ​លោក សុខ ស៊ុនណារ៉េត បាន​ប្រកែក​មិន​ទទួលស្គាល់​ការ​ចោទប្រកាន់​នេះ​ឡើយ។

លោក សុខ ស៊ុនណារ៉េត គឺជា​ឪពុក​បង្កើត​របស់​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ន តារា។ ជា​រៀង​រាល់​ថ្ងៃ លោក ស៊ន តារា ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ពី​ប្រទេស​បារាំង។ ចំណែក​ឪពុក​របស់​លោក គឺ​លោក សុខ ស៊ុនណារ៉េត ធ្លាប់​ធ្វើ​ជា​ទាហាន​សឹក​រង​ខេត្ត​កំពង់ស្ពឺ និង​ធ្លាប់​មាន​តួនាទី​ជា​នាយរង​សេនាធិការ​ផង​ដែរ ប៉ុន្តែ​លោក​បាន​ចូលនិវត្តន៍​កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត គ្រាន់តែ​ប្រើ​លេស​ដើម្បី​ដាក់​សម្ពាធ​លើ​លោក ស៊ន តារា ឱ្យ​ឈប់​រិះគន់ ហើយ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ មិនមែន​ព្រោះតែ​មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស