29 C
Phnom Penh

លោក ហ៊ុន សែន ថា​មាន​អ្នក​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា ប៉ុន្មាន​ថ្ងៃ​មុន មាន​អ្នក​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​រដ្ឋសភា​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន ថ្លែង​ថា បច្ចុប្បន្ន​លោក​ងាក​មក​ប្រើ TikTok, Telegram និង Twitter ប៉ុន្តែ​សម្រាប់​ហ្វេសប៊ុក​វិញ លោក​មិន​ប្រើ​ទៀត​ឡើយ។ ដូច្នេះ បើ​មាន​ឈ្មោះ​របស់​លោក​ប្រើ​ហ្វេសប៊ុក​ដោយ​ចូល​ទៅ​ខមិន (comment) ជាមួយ​អ្នក​ផ្សេង​នោះ វា​មិនមែន​ជា​អាខោន ឬ​ជា​គណនី​របស់​លោក​នោះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​លោក​មិន​ប្រើ​ហ្វេសប៊ុក​បន្ត​ទៀត ដោយសារ​ប៉ុន្មាន​ថ្ងៃ​មុន​មាន​អ្នក​ប៉ុនប៉ង​សម្លាប់​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​តាមរយៈ​ហ្វេសប៊ុក។ លើស​ពី​នេះ លោក​ក៏​ដាក់​ជា​សំណួរ​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​ជុំវិញ​រឿង​អ្នក​គំរាម​សម្លាប់​កូនប្រុស​របស់​លោក​ផង​ដែរ ខណៈ​កន្លងមក លោក ហ៊ុន សែន ថា​គ្រាន់តែ​លោក​ប្រើ​សម្ដី​ព្រមាន​ទៅ​ក្រុម​ប្រឆាំង​តាមរយៈ​ហ្វេសប៊ុក ដោយ​ឲ្យ​ជម្រើស​ទៅ​ពួកគេ​ថា ផ្លូវច្បាប់ និង​ការ​ប្រើ​ដំបង ពួកគេ​យក​មួយ​ណា បែរ​ជា​ក្រុមហ៊ុន​ហ្វេសប៊ុក​យក​ជា​មូលហេតុ ហើយ​បិទ​អាខោន​ហ្វេសប៊ុក​របស់​លោក​ចោល​ទៅវិញ។

ចំណែក​ករណី​របស់​លោក​វិញ លោក ហ៊ុន សែន ចោទ​ថា ក្រុម​បក្ស​ប្រឆាំង​គំរាម​សម្លាប់​លោក និង​លោក ហ៊ុន ម៉ាណែត បែរ​ជា​ក្រុមហ៊ុន​ហ្វេសប៊ុក​មិន​មាន​វិធានការ​ដោះស្រាយ ឬ​ផ្ដល់​យុត្តិធម៌​ដល់​លោក និង​កូនប្រុស​របស់​លោក​នោះ​ឡើយ ខណៈ​តំណាង​ហ្វេសប៊ុក​ដែល​ត្រូវ​លោក​បណ្ដេញ​ចេញពី​កម្ពុជា ក៏​មិនទាន់​មក​ដោះស្រាយ​ដែរ។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ហ៊ុន សែន បាន​ចោទប្រកាន់​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​បាន​បិទ​អាខោន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ធ្វើឡើង​ក្នុង​ចេតនា​បំផ្លាញ​លោក មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដោយ​ដាក់​ជា​សំណួរ​ថា តើ​អ្នក​ណា​ហ៊ាន​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត នោះ? លោក​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ​ថា​មកពី​លោក​ភ័យ​ខ្លាច​រឿង​បែប​នេះ​កើត​មាន​នៅ​ថ្ងៃ​ក្រោយ ដែល​ចេញពី​ស្នាដៃ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គឹម សុខ ថា​លោក ហ៊ុន សែន ទំនង​ជា​ដឹង​អត្តសញ្ញាណ​អ្នក​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​មិន​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ លោក គឹម សុខ បាន​លើក​ជា​សំណួរ​ថា តើ​អ្នក​គំរាម​នោះ​ជា​នរណា? តើ​ជា​ចារកម្ម​វៀតណាម​ឬ ទើប​លោក ហ៊ុន សែន មិន​ហ៊ាន​ប៉ះ?

លោក គឹម សុខ អះអាង​ថា ការ​ថ្លែង​ដដែលៗ​អំពី​ការ​គំរាម​សម្លាប់​លោក ហ៊ុន ម៉ាណែត នេះ អាច​ជា​ការ​ទទួលស្គាល់​ក្នុង​អារម្មណ៍​របស់​លោក ហ៊ុន សែន ដែល​គាត់​កំពុង​រុញ​ឲ្យ​កូនប្រុស​របស់​គាត់​ទទួល​បន្ទុក​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​ការពារ​ឧក្រិដ្ឋកម្ម​គ្រួសារ​ហ៊ុន ហើយ​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​ថ្ងៃ​ណា​មួយ ដោយសារតែ​ចៅហ្វាយ​ចាស់​មិន​សប្បាយ​ចិត្ត ហើយ​ផ្ទៃក្នុង​ហ៊ាន​ប្រឆាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស