26 C
Phnom Penh

CCFC ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​មាន​សេរីភាព​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្នើ​ទៅ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ ៩​នាក់ ឲ្យ​មាន​សេរីភាព​វិញ។

ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ដើម្បី​បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ឪពុក​ចាប់ពី​ខែ​សីហា ឆ្នាំ​២០២៣។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​លើកឡើង​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា គិត​មក​ដល់​ពេលនេះ ពលរដ្ឋ​ដែល​កំពុង​ជាប់​បណ្ដឹង​តុលាការ​ដោយសារ​បញ្ហា​ដីធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​សរុប ១៨៧​នាក់ ខណៈ​ពលរដ្ឋ​ចំនួន ៩​នាក់​នៅ​ខេត្ត​កោះកុង កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បញ្ហា​ដីធ្លី។

លោក​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជួយ​អន្តរាគមន៍​ក្នុង​ការ​ដោះលែង និង​លើកលែង​ការ​ចោទប្រកាន់​ដល់​តំណាង​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​កំពុង​ជាប់​ពន្ធនាគារ​ទាំង ៩​នាក់​នៅ​ខេត្ត​កោះកុង ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ ដើម្បី​ឲ្យ​ពួកគេ​មក​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​វិញ។

លោក ថេង សាវឿន ថា​ការ​ជួយ​អន្តរាគមន៍​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នេះ វា​ជា​ការ​បញ្ចេញ​ស្នាដៃ​ក្នុង​នាម​ជា​រដ្ឋាភិបាល​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ហើយ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ទាំងអស់​នោះ​ចូលរួម​ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី​ទាំង ៥ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ផង​ដែរ។

ចំណែក​ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង វិញ ក៏​បាន​នាំគ្នា​ដាក់​ប្រូហ្វាល់​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ពួកគេ​ដោយ​ភ្ជាប់​ជាមួយ​រូបថត និង​ឈ្មោះ​អ្នក​ទាំង ៩​នាក់​ផង​ដែរ។

ផ្ទាំង​រូបភាព​តំណាង​ពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង។

កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា សាលាដំបូង​ខេត្ត​កោះកុង បាន​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៩​នាក់​នៅ​ពន្ធនាគារ​ខេត្ត​នេះ ដោយ​តុលាការ​ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​នាំ​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី។

កូន​របស់​លោកស្រី ផាវ ញ៉ើង ដែល​បាន​ជួប​ម្ដាយ​នៅ​ពន្ធនាគារ បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៧ ខែ​សីហា នេះ​ថា ម្ដាយ​បាន​ផ្តាំ​ឲ្យ​ខ្លួន​លក់​សត្វ​ដែល​លោកស្រី​បាន​ចិញ្ចឹម​កន្លងមក ដើម្បី​ដោះស្រាយ​ជីវភាព និង​បង់​រំលស់​ទៅ​ធនាគារ។

កូន​របស់​លោកស្រី ផាវ ញ៉ើង ថា​ទោះបីជា​ម្ដាយ​របស់​ខ្លួន​បាន​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​វិវាទ​ដីធ្លី​ក៏ដោយ ប៉ុន្តែ​គ្រួសារ​របស់​គាត់​មិន​អាច​លក់​ឧត្តមគតិ​ឆន្ទៈ​ជាដាច់ខាត។

ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នេះ បន្ទាប់ពី​ក្រុម​ពលរដ្ឋ​ទាំង ៩​នាក់ រួម​ទាំង​សមាជិក​មួយ​ចំនួន​ទៀត បាន​នាំគ្នា​ជិះ​រថយន្ត​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួង​យុត្តិធម៌​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ស្ថាប័ន​នេះ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សមាជិក​ពួកគាត់​ចំនួន ៣០​នាក់​ដែល​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី។

គិត​ចាប់​តាំងពី​ចុង​ខែ​មិថុនា ដល់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ តំណាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ទាំង ៩​នាក់​ជាប់​ពន្ធនាគារ​រយៈពេល​ជិត ២​ខែ​មក​ហើយ ខណៈ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ក៏​មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​ដែរ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កោះកុង រួម​មាន​លោកស្រី ផាវ ញ៉ើង លោកស្រី ដេត ហួរ លោក ហេង ជ័យ និង​លោក សុខ ជ័យ ជាដើម។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា លី យ៉ុងផាត់ ចាប់ពី​ឆ្នាំ​២០០៦ និង​២០០៧ មក​ម្ល៉េះ ដោយ​ក្រុម​ឧកញ៉ា​ទាំង​ពីរ​នាក់​នេះ​បាន​រំលោភ​ដីធ្លី​ពួកគេ​ដែល​បាន​អាស្រ័យ​តាំងពី​ដូនតា​មក​ម្ល៉េះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស