40.5 C
Phnom Penh

កូន​អ្នកស្រី ម៉ែន សំអន និង​កូន​លោក ប្រាក់ សុខុន ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​និង​រដ្ឋមន្ត្រី ខណៈ​កូនៗ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​របស់​អ្នកស្រី ម៉ែន សំអន និង​កូន​របស់​លោក ប្រាក់ សុខុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប រួម​ទាំង​កូន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​ផ្សេងៗ​ផង​ដែរ។

ក្នុង​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពី​គ្នា​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ប្រាក់ សោភ័ណ្ឌ ជា​អភិបាល​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​នេះ​តទៅ។ លោក ប្រាក់ សោភ័ណ្ឌ ជា​កូនប្រុស​របស់​លោក ប្រាក់ សុខុន ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​កូនប្រុស​ពៅ​របស់​លោក ប្រាក់ សុខុន ម្នាក់​ទៀត គឺ​លោក ប្រាក់ ដាវីដ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណៈ​កូនប្រសា​របស់​លោក គឺ​លោក ហ៊ែម វណ្ណឌី ឡើង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

ចំណែក​ព្រះរាជក្រឹត្យ​មួយ​ទៀត​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​បរមនាថ នរោត្ដម សីហមុនី នៅ​ថ្ងៃ​ដដែល ព្រះអង្គ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ប៉េង ពោធិ៍សា ជា​អភិបាល​ខេត្ត​ស្វាយរៀង ចាប់ពី​ថ្ងៃ​នេះ​តទៅ។

លោក ប៉េង ពោធិ៍សា ជា​កូន​របស់​អ្នកស្រី ម៉ែន សំអន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង។ លោកស្រី ម៉ែន សំអន ក៏​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ផង​ដែរ។ កូន​របស់​អ្នកស្រី​ម្នាក់​ទៀត គឺ​លោក ប៉េង ពោធិ៍នា បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ការ​តែងតាំង​កូន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​លោក ហ៊ុន ម៉ាណែត ទូល​ថ្វាយ​ទៅ​ព្រះអង្គ​ក្រោយពី​លោក​ទទួល​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២២ ខែ​សីហា។

មិន​មែន​តែ​កូន​របស់​អ្នកស្រី ម៉ែន សំអន និង​លោក ប្រាក់ សុខុន ដែល​ត្រូវ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត តែងតាំង​នោះ​ទេ ក៏​មាន​កូនប្រុស​ពៅ​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង គឺ​លោក ស រដ្ឋា ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ខណៈ​លោក ស សុខា ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ការ​តែងតាំង​កូនៗ និង​សាច់ញាតិ​នៅ​ក្នុង​ក្រសួង និង​ស្ថាប័ន​រដ្ឋ​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ហៅ​ការ​ដាក់​កូនៗ និង​សាច់ញាតិ​នេះ​ថា​ជា​ការ​បង្កើត​ប្រព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែល​អាក្រក់​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន។ មួយ​វិញ​ទៀត វា​ក៏​ជា​ការ​បង្កើត​ប្រព័ន្ធ​បក្ខពួក គ្រួសារ​និយម និង​សាច់ញាតិ​និយម ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នេះ លោក​ថា​មិន​បាន​ជួយ​ជាតិ​ឡើយ ផ្ទុយ​មក​វិញ គឺជា​រដ្ឋាភិបាល​ដែល​បំផ្លាញ​ប្រទេស​ជាតិ​បន្ថែម​ទៀត។

ក្រៅពី​តែងតាំង​កូនៗ​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ហើយ រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ នេះ​ដែល​ទើប​ឡើង​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ក៏​បាន​តែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​នៅ​តាម​ក្រសួង​រាប់​ពាន់​នាក់។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​តែងតាំង​នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​ធំ ហើយ​បង្កើត​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី និង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម មិន​មែន​កើត​មក​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​នោះ​ឡើយ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​កាលពី​ដើម​ឆ្នាំ​២០២៣ នេះ បាន​ដាក់​ចំណាត់ថ្នាក់​អំពើពុករលួយ​កម្ពុជា​ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​លេខ​រៀង​១៥០ ក្នុង​ចំណោម ១៨០​ប្រទេស ស្ថិត​ក្នុង​ចំណាត់ថ្នាក់​អាក្រក់​ទី​២ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អាក្រក់​ជាងគេ​លំដាប់​លេខ​៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ក្នុង​កម្រិត​ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ ឬ​អាក្រក់ ៥​ឆ្នាំ​ជាប់​គ្នា បើ​ទោះបីជា​កម្ពុជា​ទទួល​បាន​ពិន្ទុ​កើនឡើង​ពី ២០​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៨ ដល់ ២៤​ពិន្ទុ​ក្នុង​ឆ្នាំ​២០២២ ដែល​ពិន្ទុ ១០០ ជា​ចំណាត់ថ្នាក់​ពិន្ទុ​ល្អ គ្មាន​អំពើពុករលួយ។

របាយការណ៍​សកល​នោះ​បញ្ជាក់​ថា កត្តា​ដែល​នៅតែ​បន្ត​រារាំង​កម្ពុជា​មិន​ឲ្យ​ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​ចំណាត់ថ្នាក់​ល្អ គឺ​ការ​ខ្វះខាត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស