មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ឯកភាពនឹងការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ នេះ ថាជារឿងល្អ ដើម្បីផ្តល់ភាពងាយស្រួលទៅដល់ស្ថាប័នពាក់ព័ន្ធនានា ដូចជាអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នព័ត៌មានឯករាជ្យនានា។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា ថា ការបង្កើតឱ្យមានក្រុមអ្នកនាំពាក្យជួយសម្រួលការងារនាយករដ្ឋមន្ត្រីបែបនេះ គឺស្ថិតក្នុងបំណងពីរ គឺ៖
- ទី១ អាចជាការបែងចែកបុណ្យស័ក្តិតួនាទីឱ្យបក្ខពួករបស់ខ្លួនដើម្បីកុំឱ្យមានទំនាស់ផ្ទៃក្នុងព្រោះតែការផ្តល់ឋានៈបុណ្យស័ក្តិមិនគ្រប់គ្នា។
- ចំណែកទី២ អាចជាការបង្កើតឡើងដើម្បីជួយសម្រួលការងារនាយករដ្ឋមន្ត្រីទៅដល់ស្ថាប័នពាក់ព័ន្ធដែលចង់បានការឆ្លើយតបពីនាយករដ្ឋមន្ត្រីតាមរយៈក្រុមអ្នកនាំពាក្យទាំងនេះ ចៀសវាងដូចពេលកន្លងមកដែលអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានឯករាជ្យនានាពិបាកក្នុងការទទួលបានការឆ្លើយតបពីនាយករដ្ឋមន្ត្រីនោះ។
លោក មាជ សុវណ្ណារ៉ា អះអាងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត បង្កើតក្រុមអ្នកនាំពាក្យនេះដើម្បីជួយសម្រួលដល់ការធ្វើទំនាក់ទំនងជាមួយបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីដូចបានលើកឡើងក្នុងសេចក្តីសម្រេចរបស់ខ្លួនមែននោះ គឺជារឿងគួរឱ្យអបអរសាទរបំផុត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក្នុងបំណងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយស្ថាប័ននានាសម្រាប់រដ្ឋាភិបាលដែលខ្លួននឹងត្រូវដឹកនាំនៅពេលនេះ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជាដែលទើបនឹងត្រូវលើកបន្តុបលោក ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីឱ្យធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី ដែលមានលោក មាស សុភ័ណ្ឌ ជាប្រធាន។
សេចក្តីសម្រេចនេះបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីមានភារកិច្ចដូចជាសម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី ធ្វើការទំនាក់ទំនងជាមួយបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងត្រូវធ្វើការទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីផងដែរ។
ជាងនេះទៀត ក៏ដើម្បីស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេលតាមការប្រគល់ពីនាយករដ្ឋមន្ត្រីថែមទៀត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា ដែរថា ប្រសិនបើការបង្កើតក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីនេះដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ព័ត៌មានចំពោះបញ្ហាដែលកើតឡើងជូនទៅប្រជាពលរដ្ឋ គឺជារឿងល្អដែលត្រូវអបអរសាទរ ប៉ុន្តែបើបង្កើតក្រុមអ្នកនាំពាក្យនេះឡើងដើម្បីការគេចវេះរបស់នាយករដ្ឋមន្ត្រីចំពោះបញ្ហានានាដែលបានកើតឡើង នោះគឺជារឿងដែលគួរឱ្យសោកស្តាយទៅវិញប៉ុណ្ណោះ។
លោក សេក សុជាតិ ត្អូញត្អែរថា បើប្រៀបធៀបការងាររបស់ក្រសួងនីមួយៗជាមួយនឹងចំនួនមន្ត្រីរដ្ឋាភិបាលដែលមានដល់ទៅជាង ១៥០០នាក់ (១៥៤៣នាក់) សម្រាប់រដ្ឋាភិបាលថ្មីនេះ គឺជាចំនួនច្រើនលើសលប់ទៅហើយ ប៉ុន្តែប្រសិទ្ធភាពការងារគេនៅមិនទាន់ដឹងនៅឡើយថា តើពួកគេអនុវត្តបានកម្រិតណានោះ។
លោក សេក សុជាតិ បញ្ជាក់ថា នៅពេលនេះការព្រួយបារម្ភរបស់ពលរដ្ឋគឺនៅត្រង់ថា តើមន្ត្រីថ្មីទាំងនេះអាចនឹងប្រព្រឹត្តអំពើពុករលួយ ដើម្បីធ្វើមានធ្វើបានក្នុងតំណែងថ្មីៗដែលពួកគេនឹងដឹកនាំសម្រាប់អាណត្តិថ្មីនេះដែរឬក៏អត់ប៉ុណ្ណោះ ព្រោះថាអំពើពុករលួយនៅកម្ពុជាសព្វថ្ងៃនេះត្រូវគេមើលឃើញថា កំពុងរីកធំធាត់ចាក់ឫសយ៉ាងជ្រៅនៅតាមស្ថាប័នរដ្ឋជាច្រើនអាណត្តិមកហើយនោះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទំនងជាមិនអាចដឹកនាំកម្ពុជាទៅរកភាពល្អប្រសើរជាងលោក ហ៊ុន សែន ទេ ព្រោះថាប្រព័ន្ធដឹកនាំដែលលោក ហ៊ុន សែន បានរៀបចំទុកឱ្យ គឺជាប្រព័ន្ធដឹកនាំបែបគ្រួសារនិយមប៉ុណ្ណោះ មិនមែនជាប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យនោះទេ ដូច្នេះអ្វីៗដែលគាត់រៀបចំនៅពេលនេះ គឺគ្រាន់តែធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែការពិត គឺជាការរៀបចំខ្សែបណ្ដាញដើម្បីតែអំណាច និងផលប្រយោជន៍ក្រុមគ្រួសារបក្ខពួករបស់ពួកគេទៅវិញប៉ុណ្ណោះ៕