សហគមន៍រងគ្រោះដីធ្លីនៅខេត្តកោះកុង បន្តស្នើទៅលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជាបន្តវេនពីឪពុក ឲ្យជួយអន្តរាគមន៍ដោះលែងតំណាងពួកគេចំនួន ៩នាក់ដែលកំពុងជាប់ពន្ធនាគារដោយសារបញ្ហាដីធ្លីឲ្យមានសេរីភាពវិញ។
ការស្នើនេះ បន្ទាប់ពីសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនតំណាងសហគមន៍រងគ្រោះដីធ្លីទាំង ៩នាក់ទៅឃុំនៅពន្ធនាគារខេត្តកោះកុង កាលពីចុងខែមិថុនា ឆ្នាំ២០២៣។ គិតចាប់តាំងពីថ្ងៃចាប់ និងឃុំខ្លួនមកដល់ពេលនេះ តំណាងសហគមន៍ដីធ្លីទាំង ៩នាក់ដែលសកម្មចេញទាមទារយុត្តិធម៌ និងដំណោះស្រាយដីធ្លីបានជាប់ឃុំជិត ២ខែហើយ។
ជុំវិញរឿងនេះ សហគមន៍តានី១៩៧ សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដោយបន្តទទូចទៅលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ទៅតុលាការដោះលែងតំណាងទាំង ៩នាក់ដែលកំពុងជាប់ពន្ធនាគារខេត្តកោះកុង ដោយសារបញ្ហាវិវាទដីធ្លី ឲ្យមានសេរីភាពវិញ។
ការស្នើសុំរបស់សហគមន៍តានី១៩៧ កាលពីថ្ងៃទី២៦ ខែសីហា នេះ ដោយភ្ជាប់ជាមួយនឹងបដាស្នើសុំ និងរូបថតតំណាងទាំង ៩នាក់ ដែលត្រូវបានតុលាការខេត្តកោះកុង ឃុំខ្លួននៅក្នុងពន្ធនាគារ បន្ទាប់ពីពួកគេចេញទាមទារដំណោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយជាង ១០ឆ្នាំមកនេះ។
ប្រជាសហគមន៍តានី១៩៧ ថាពួកគេទាំង ៣ឃុំក្នុងនោះមានឃុំដងពែង ឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានរងនូវភាពអយុត្តិធម៌ដោយបាត់បង់ដីធ្លីអាស្រ័យផល ដោយសារតែបុគ្គលមានអំណាចម្នាក់ដែលបានរំលោភយកដីធ្លីពួកគេតាំងពីឆ្នាំ២០០៧ ហើយគិតមកដល់បច្ចុប្បន្ន ពួកគេមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
ក្រៅពីមិនទទួលបានដំណោះស្រាយហើយ តំណាង ៩នាក់ដែលជាប់ឃុំ ក្នុងនោះមានលោកស្រី ដេត ហ៊ួរ លោកស្រី ផាវ ញ៉ើង លោក ហេង ជែ លោក សុខ ជៃ លោកស្រី យី គន្ធា លោក ឡាំង ជៀវ និងលោកស្រី ទិន តាំង ជាដើម។
ការចាប់ខ្លួនតំណាងសហគមន៍រងគ្រោះដីធ្លីទាំង ៩នាក់នេះ អំឡុងពេលពួកគេបាននាំគ្នាឡើងមកភ្នំពេញដាក់ញត្តិនៅក្រសួងយុត្តិធម៌ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ឲ្យជួយរកកិច្ចអន្តរាគមន៍ទៅតុលាការខេត្តកោះកុង ទម្លាក់ចោលបទចោទប្រកាន់លើអ្នកភូមិ ៣០នាក់ដែលត្រូវបានឧកញ៉ា ២នាក់ប្ដឹងពួកគេ បន្ទាប់ពីរំលោភដីធ្លីពួកគេធ្លាប់អាស្រ័យនោះ។ ក្រុមពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយក្រុមឧកញ៉ាទាំងពីរនាក់នេះបានរំលោភដីធ្លីពួកគេដែលបានអាស្រ័យផលតាំងពីដូនតាមកម្ល៉េះ។
កាលពីសប្តាហ៍មុន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ក៏បានស្នើទៅរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅខេត្តកោះកុង បច្ចុប្បន្នដែលកំពុងជាប់ពន្ធនាគារ ៩នាក់ ឲ្យមានសេរីភាពវិញផងដែរ៕