29 C
Phnom Penh

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង ៩​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប្រមាណ ២​ខែ។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៩ សីហា នេះ បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​សំណុំរឿង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា នេះ។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកនាង យី ធីម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​សម្រេច​ឲ្យ​តំណាង​ពួកគាត់​ទាំង ៩​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកនាង​ថា​ក្នុង​ចំណោម​តំណាង ៩​នាក់​នេះ លោកស្រី ផាវ ញ៉ើង និង​តំណាង​ម្នាក់​ទៀត ពួកគាត់​មិន​ទាន់​ដឹង​តុលាការ​ដោះលែង​ឬ​អត់​នោះ​ទេ។ ពួកគាត់​ទាំង​ពីរ​នាក់​នៅ​មាន​ជាប់​បណ្ដឹង​ករណី​ផ្សេង​ទៀត បន្ទាប់ពី​បាន​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ និង​យុត្តិធម៌​សម្រាប់​អ្នក​ភូមិ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី។

អំឡុង​ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​នា​ថ្ងៃទី​២៩ សីហា ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​នៅ​ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ក៏​បាន​នាំគ្នា​ឡើង​ទៅ​ប្រមូលផ្ដុំ​នៅ​ខាងមុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ ៩​នាក់​ឲ្យ​មាន​សេរីភាព​វិញ។

តំណាង​ពួកគេ​ទាំង ៩​នាក់ ក្នុង​នោះ​មាន​អ្នកស្រី ដេត ហួ អ្នកស្រី យឿន ខ្មៅ លោក សុខ ជៃ លោក ហេង ជ័យ តំណាង​សហគមន៍​១៧៥ អ្នកស្រី ផាវ ញ៉ើង អ្នកស្រី យី គន្ធា តំណាង​សហគមន៍​៩៥៥ អ្នកស្រី ទិន តាំង និង​លោក ឡាំង ជៀវ។

ប្រជាពលរដ្ឋ​ទៅ​ប្រមូលផ្ដុំ​តវ៉ា និង​ឃ្លាំមើល​សវនាការ​នៅ​ខាងមុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ប្រមាណ ១០០ នាក់​ដោយ​មកពី ៣​ឃុំ ក្នុង​នោះ​មាន​ឃុំ​ជីខលើ ឃុំ​ដងពែង ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នា​ថ្ងៃ​ទី​២៩ សីហា នេះ​ដែរ​ថា ដោយ​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​សហគមន៍​ដីធ្លី ៩​នាក់​នៅ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជួបជុំ​គ្រួសារ និង​មាន​សេរីភាព​វិញ។

លោក​បញ្ជាក់​ថា ទោះបីជា​លោក​ត្រូវ​គេ​ជេរ​ស្ដី រិះគន់ និង​ចោទប្រកាន់​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ទទួល​បាន​សេរីភាព​របស់​តំណាង​សហគមន៍​ទាំង ៩​នាក់។

លោក ថេង សាវឿន ថា​មូលហេតុ​ដែល​លោក​លើកឡើង​បែប​នេះ ដោយសារ​លោក​បាន​ដឹង​អំពី​ស្ថានភាព​នៃ​អ្នក​ធ្លាប់​ជាប់​ឃុំ។ ដូច្នេះ ការ​ជួយ​អន្តរាគមន៍​ដល់​តំណាង​សហគមន៍​ទាំង ៩​នាក់ វា​ជា​ទំនួល​ខុសត្រូវ​គិតគូរ​សម្រាប់​សមាជិក​ខ្លួន​ដោយ​មិន​អាច​ឲ្យ​ពួកគាត់​ជួប​រង​ការ​លំបាក​នោះ​ទេ​ក្នុង​នាម​មេដឹកនាំ​ម្នាក់។

តែ​យ៉ាងណា សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង មិនមែន​ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នោះ​ទេ កាលពី​ថ្ងៃទី​២៦ ខែ​សីហា ពួកគេ​ក៏​បាន​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ ៩​នាក់​ដែរ ប៉ុន្តែ​មក​ដល់​ពេលនេះ មិន​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​លោក ហ៊ុន ម៉ាណែត នៅឡើយ បើ​ទោះបីជា​ជម្លោះ​ដីធ្លី​នេះ​បាន​កើតឡើង​តាំងពី​ជំនាន់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​ដឹកនាំ​មក​ម្ល៉េះ។

ការ​ចាប់​ខ្លួន​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​នេះ អំឡុង​ពេល​ពួកគេ​បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ ដើម្បី​ស្នើ​ទៅ​រដ្ឋមន្ត្រី​យុត្តិធម៌​លោក កើត រិទ្ធ ឲ្យ​ជួយ​រក​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​អ្នក​ភូមិ ៣០​នាក់​ដែល​ត្រូវ​បាន​ឧកញ៉ា ២​នាក់​ប្ដឹង​ពួកគេ បន្ទាប់ពី​រំលោភ​ដីធ្លី​ពួកគេ​ធ្លាប់​អាស្រ័យ​នោះ។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ ដោយ​ក្រុម​ឧកញ៉ា​ទាំង​ពីរ​នាក់​នេះ​បាន​រំលោភ​ដីធ្លី​ពួកគេ​ដែល​បាន​អាស្រ័យ​តាំងពី​ដូនតា​មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស