34 C
Phnom Penh

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កំណត់​ឱ្យ​មន្ត្រី​និង​ពលរដ្ឋ​ត្រូវតែ​ប្រើ​គោរមងារ​លោក ហ៊ុន ម៉ាណែត ឱ្យ​បាន​ត្រឹម​ត្រូវ​ជា​កំហិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា កំណត់​ឱ្យ​មន្ត្រី​រាជការ​សាធារណៈ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់ មន្ត្រី​នយោបាយ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​ពលរដ្ឋ​ទូទៅ ត្រូវតែ​ប្រើ​គោរមងារ និង​ឈ្មោះ​ទាំងស្រុង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ប្រើ​ពាក្យ «សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ជា​កំហិត។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ចំពោះ​លិខិត​បទដ្ឋាន​នានា​ត្រូវតែ​សរសេរ​គោរមងារ និង​ឈ្មោះ​ទាំងស្រុង​ត្រង់​ចំណុច​ចាប់ផ្តើម​ក្នុង​វាក្យខណ្ឌ​ទី​១ នៃ​លិខិត ប៉ុន្តែ​នៅ​ក្នុង​វាក្យខណ្ឌ​ទី​២ នៃ​លិខិត អាច​សរសេរ​បំព្រួញ​ត្រឹមតែ​ពាក្យ «សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ឬ​សម្តេច​ធិបតី» បាន ប៉ុន្តែ​នៅ​វាក្យខណ្ឌ​បញ្ចប់​ត្រូវតែ​សរសេរ​គោរមងារ និង​ឈ្មោះ​ទាំងស្រុង​ឡើងវិញ​ដូច​ក្នុង​វាក្យខណ្ឌ​ទី​២ នៃ​លិខិត​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​សុន្ទរកថា និង​ការ​ហៅ​ក្នុង​ការ​និយាយ ត្រូវតែ​អាន ឬ​ហៅ​ដូច​គ្នា​នឹង​ការ​សរសេរ​លិខិត​បទដ្ឋាន​ខាងលើ​ដែរ​នៅ​ចំណុច​ចាប់ផ្តើម ប៉ុន្តែ​សម្រាប់​ផ្នែក​បន្ត​រហូត​ដល់​ចប់​អត្ថន័យ អាច​អាន ឬ​ហៅ​ដោយ​បំព្រួញ​ខ្លី ដូចជា​នៅ​ក្នុង​វាក្យខណ្ឌ​ទី​២ នៃ​លិខិត​ខាងលើ​ដែរ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​តម្រូវ​ឱ្យ​ហៅ​គោរមងារ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ ធ្វើឡើង​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មជ្ឈដ្ឋាន​ទូទៅ​ដែល​មើល​ឃើញ​ថា ដើម្បី​តែ​លើក​តម្កើង​ខ្លួនឯង តែ​ជា​រឿង​ឥត​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា ការ​តម្រូវ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រើ​គោរមងារ​មេដឹកនាំ​បែប​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះ​ថា​ការ​ណែនាំ​បែប​នេះ​បាន​បន្ត​តាំងពី​លោក ហ៊ុន សែន នៅ​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ ដូច្នេះ​ក៏​អាច​ជា​ការ​បង្ហាញ​ដែរ​ថា ការ​ដឹកនាំ​នៅ​កម្ពុជា​នៅតែ​បន្ត​ក្នុង​ទម្រង់​ដឹកនាំ​ចាស់​ដដែល ទោះ​មាន​មេដឹកនាំ​ថ្មី​ក៏ដោយ។

ចំណែក​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា គោរមងារ​ដែល​ទទួល​បាន​ពី​ការ​បញ្ចេញ​ស្នាដៃ​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន គឺជា​កិត្តិយស​សម្រាប់​ជាតិ កិត្តិយស​សម្រាប់​បុគ្គល​ដែល​ទទួល​បាន​គោរមងារ និង​ជា​កិត្តិយស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ ដែល​បង្ហាញ​ថា ប្រទេស​នោះ​មាន​វីរបុរស​ដឹកនាំ ឬ​កសាង​ប្រទេស​ជាតិ​រហូត​ដល់​កម្រិត​ខ្ពង់ខ្ពស់​មួយ​ដែល​អាច​ទទួល​បាន​គោរមងារ​ដ៏​ស័ក្ដិសម​នឹង​ស្នាដៃ​របស់​ខ្លួន។

លោក​បន្ត​ថា ផ្ទុយទៅវិញ គោរមងារ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​នៅ​ពេលនេះ មិនមែន​ដោយសារ​គាត់​មាន​ស្នាដៃ​ដឹកនាំ ឬ​កសាង​ជាតិ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​គោរមងារ​ដែល​ទទួល​បាន​ដោយសារ​ឪពុក​របស់​គាត់​រៀបចំ​ឱ្យ​ប៉ុណ្ណោះ ដូច្នេះ​គោរមងារ​បែប​នេះ​មិន​ខុសពី​មនុស្ស​ម្នាក់​ដែល​ប្រឡង​មិន​ជាប់ តែ​ឪពុក​ជា​អ្នក​ផ្តល់​សញ្ញាបត្រ​ឱ្យ​នោះ​ទេ។

លោក អ៊ុំ សំអាន អះអាង​ថា នេះ​ជា​គំរូ​ដ៏​អាក្រក់​បំផុត​សម្រាប់​សង្គម​ជាតិ និង​បង្ហាញ​ពី​ការ​គ្រោះថ្នាក់​របស់​កម្ពុជា​ដែល​មាន​មេដឹកនាំ​គ្មាន​សមត្ថភាព​ផង​ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ព្រះរាជក្រឹត្យ​ដែល​ផ្តល់​គោរមងារ​ដល់​លោក ហ៊ុន ម៉ាណែត ជា​ព្រះរាជក្រឹត្យ​មួយ​មិន​មាន​បញ្ជាក់​ទីកន្លែង​នោះ​ទេ ដែល​ខុស​ពី​ព្រះរាជក្រឹត្យ​ផ្សេងៗ​ដែល​តែងតែ​បញ្ជាក់​ទីកន្លែង ដូចជា​ថា «ធ្វើ​នៅ​ព្រះបរមរាជវាំង» ជាដើម ក្នុង​នោះ ព្រះរាជក្រឹត្យ​ដែល​ផ្តល់​គោរមងារ​ដល់​លោក ហ៊ុន ម៉ាណែត នេះ មិន​ត្រឹមតែ​មិន​ដាក់​ទីតាំង​ទេ ថែមទាំង​ខុស​អក្ខរាវិរុទ្ធ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​គេ​សង្ស័យ​អំពី​ការ​ក្លែង​ព្រះរាជក្រឹត្យ​នេះ ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​ខ្មែរ​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

ដោយឡែក​អតីត​នាយក​វីអូឌី (VOD) លោក ប៉ា ងួនទៀង បាន​រិះគន់​ថា ការ​ផ្ដល់​គោរមងារ​ដូច​ដែល​លោក ហ៊ុន ម៉ាណែត ទទួល​នៅ​ពេលនេះ គ្រាន់តែ​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ផ្ដល់​តម្លៃ​ដល់​តួនាទី ដោយ​មិន​បាន​ផ្ដល់​តម្លៃ​លើ​ស្នាដៃ និង​សមិទ្ធផល​ដើម្បី​ប្រទេស​ជាតិ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​តម្លៃ​ទៅ​លើ​គោរមងារ និង​តំណែង​បែប​នេះ គឺ​មាន​តែ​ប្រទេស​កាន់​របប​ផ្ដាច់ការ​ដូចជា​កូរ៉េខាងជើង​តែប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនទាន់​មាន​ស្នាដៃ និង​សមិទ្ធផល​អ្វី​ទាល់​តែ​សោះ សូម្បីតែ​កន្លែង​ធ្វើការ និង​ការងារ​របស់​ខ្លួន​មិនទាន់​ស្គាល់​ច្បាស់​ផង ប៉ុន្តែ​បែរ​ជា​ទទួល​បាន​គោរមងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ឆាប់​រហ័ស​ទៅវិញ។

កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រោយពី​បង្កើត​រដ្ឋាភិបាល​បាន ៩​ថ្ងៃ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ដល់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ជា «សម្តេច​មហា​បវរ​ធិបតី» ដល់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «កិត្តិទេសាភិបាល​បណ្ឌិត» កាលពី​ដើម​ខែ​សីហា កន្លង​ទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស