30 C
Phnom Penh

ប្រមុខ​ការទូត​អាមេរិក​ទៅ​ទីក្រុង​គៀវ ប្រកាស​ពី​ជំនួយ​ថ្មី​ជាង ១​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៦ កញ្ញា នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​ដែល​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់ និង​ធ្វើ​សេចក្ដី​រាយការណ៍ គឺ​ទី​១ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទៅ​ដល់​ទីក្រុង​គៀវ ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​ទៅ​ឱ្យ​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី និង​ទី​២ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​អ៊ុយក្រែន ខណៈ​អ្នកស្រី Mette Frederiksen ក៏​លើក​ឡើង​អំពី​ជំនួយ​របស់​ប្រទេស​ដាណឺម៉ាក ផង​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​រដ្ឋធានី​គៀវ នៅ​ថ្ងៃ​ពុធ ទី​៦ កញ្ញា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន ហើយ​លោក​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ជំនួយ​ទំហំ​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​សម្រាប់​អ៊ុយក្រែន។

ក្រសួង​ការបរទេស​អាមេរិក បាន​ឱ្យ​ដឹង​ថា លោក Blinken បាន​ទៅ​ដល់​រដ្ឋធានី​របស់​អ៊ុយក្រែន ហើយ​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក អ្នកស្រី Bridget Brink។

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​បង្ហើប​ថា លោក​រដ្ឋមន្ត្រី Blinken នឹង​ប្រកាស​ជំនួយ​ថ្មី​ទៀត​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ទំហំ​ច្រើន​ជាង ១​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ទៀត​របស់​ប្រមុខ​ការទូត​រូប​នេះ​នៅ​ក្រុង​គៀវ។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ ហើយ​របស់​លោក Blinken ទៅ​កាន់​ប្រទេស​អ៊ុយក្រែន គិត​ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​បាន​ផ្ទុះឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ដំណើរ​ទស្សនកិច្ច​នេះ​ទៀត​របស់​កំពូល​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​រូប​នេះ កើត​មាន​ឡើង​រយៈពេល​ជិត ៦​ខែ​ក្រោយពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​បំពេញ​ទស្សនកិច្ច​ទៅ​ទីក្រុង​គៀវ ក្នុង​ឱកាស​ខួប ១​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ខណៈ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ត្រូវ​ការ​ជួយ​ជាបន្ទាន់​ទាំង​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌ ប្រទេស​ជាង ៥០ ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ប្រជាជន​អ៊ុយក្រែន។ សម្រាប់​សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ធំ​ជាងគេ​ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន។ សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​រយៈពេល ២​ឆ្នាំ ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ នូវ​សាច់ប្រាក់ ១១​ម៉ឺន ៣០០​លាន​ដុល្លារ។

ក្នុង​ជំនួយ​យោធា បើ​រាប់​ពី​ជំនួយ​ដែល​លោក Blinken ប្រកាស​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ក្រុង​គៀវ នៅ​ថ្ងៃ​នេះ​នូវ​សាច់ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​នេះ នាំ​ឱ្យ​ប្រទេស​មហាអំណាច​នេះ​ផ្ដល់​ជំនួយ​យោធា​ជាង ៤​ម៉ឺន ៥​ពាន់​លាន​ដុល្លារ និង​ជំនួយ​មនុស្សធម៌​ជាង ២​ម៉ឺន​លាន​ដុល្លារ។

កាលពី​ថ្ងៃទី​៤ កញ្ញា ក្រសួង​យុត្តិធម៌​ប្រទេស​អ៊ុយក្រែន ប្រកាស​ថា ទ្រព្យសម្បត្តិ​របស់​សែស្រឡាយ និង​បក្ខពួក​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិក​ជាង ១​ពាន់​លាន​ដុល្លារ ត្រូវ​បាន​រឹបអូស​ដើម្បី​យក​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។

កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​អ៊ុយក្រែន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​របស់​ប្រទេស។

សារ​របស់​លោក បៃដិន បាន​បញ្ជាក់​ឡើងវិញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​បុព្វហេតុ​នៃ​ប្រជាជន​អ៊ុយក្រែន ដែល​កំពុង​តស៊ូ​ដោយ​ការ​ធ្វើ​ពលិកម្ម​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

លោក បៃដិន សន្យា​ថា​នឹង​បន្ត​ជួយ​អ៊ុយក្រែន រហូត​រំដោះ​បាន​វិញ​នូវ​សេរីភាព​របស់​ខ្លួន។ លោក បៃដិន ក៏​បាន​លើកឡើង​ផង​ដែរ​ការ​ដែល​សហរដ្ឋ​អាមេរិក​បើក​ភ្លើង​ខៀវ​ឱ្យ​ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន។ លោក​សង្ឃឹម​ថា អ៊ុយក្រែន​នឹង​ទទួល​បាន F-16 ពី​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken ទៅ​ដល់​ក្រុង​គៀវ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក អ្នកស្រី Mette Frederiksen ដែល​សន្យា​ថា​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ក៏​មាន​វត្តមាន​ផង​ដែរ។ ក្រោយពី​ជួប​លោក ហ្សេឡនស្គី និង​ក្រោយពី​បាន​ទៅ​កាន់​វិហារ​គ្រឹះ​នៅ​ក្នុង​សង្កាត់​បូឆា ជា​ទីតាំង​រូបថត​នៃ​ជនស៊ីវិល​ស្លាប់​ដោយសារ​កងទ័ព​រុស្ស៊ី​សម្លាប់ អ្នកស្រី Mette Frederiksen បាន​ទៅ​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ទៅ​កាន់​សមាជិក​អ៊ុយក្រែន។

អ្នកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក បាន​លើកឡើង​អំពី​ការ​សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន។ អ្នកស្រី​ក៏​បាន​កោតសរសើរ​ជា​ខ្លាំង​នូវ​វីរភាព​របស់​ប្រជាជន​អ៊ុយក្រែន និង​សមាជិក​សភា​អ៊ុយក្រែន ដែល​បាន​សាមគ្គី​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន និង​ប្រយុទ្ធ​ការពារ​ទឹកដី​ប្រទេស​អ៊ុយក្រែន ពី​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។

នេះ​ជា​លើក​ទី​៣ ហើយ​ដែល​អ្នកស្រី Mette Frederiksen នាយករដ្ឋមន្ត្រី​ប្រទេស​ដាណឺម៉ាក ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​មហាអំណាច​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស