ប្រមុខរដ្ឋាភិបាលអូស្ត្រាលី រំលឹកនាយករដ្ឋមន្ត្រីថ្មីកម្ពុជា លោក ហ៊ុន ម៉ាណែត ថា អូស្ត្រាលីធ្លាប់បានជួយកម្ពុជាស្វែងរកសន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូច្នេះនៅពេលនេះរដ្ឋាភិបាលអូស្ត្រាលី ក៏នឹងទន្ទឹងរង់ចាំជួយកម្ពុជាលើកិច្ចសហប្រតិបត្តិការនេះបន្តទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានផ្ញើលិខិតមួយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងមែលប៊ន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក៏ជាថ្ងៃរំលឹកខួបលើកទី៥០ ក្នុងឋានៈជាដៃគូសន្ទនារបស់អូស្ត្រាលីជាមួយអាស៊ានផងដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី បានរំលឹកក្នុងលិខិតអញ្ជើញរបស់ខ្លួនអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការជួយជ្រោមជ្រែងកម្ពុជាស្វែងរកសន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការទន្ទឹងរង់ចាំជួយកម្ពុជាលើកិច្ចសហប្រតិបត្តិការនេះបន្តទៀត។
លោក Anthony Albanese បញ្ជាក់ថា អូស្ត្រាលីមានមោទនភាពដែលក្លាយជាដៃគូសន្ទនាដំបូងរបស់អាស៊ាន ហើយអូស្ត្រាលី ក៏នឹងប្ដេជ្ញាធ្វើឱ្យស៊ីជម្រៅក្នុងការចូលរួមរវាងកម្ពុជា និងអូស្ត្រាលី នៅក្នុងតំបន់ ការកសាងមូលដ្ឋានគ្រឹះនៃអាស៊ាន-អូស្ត្រាលី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
ការរំលឹកអំពីការជ្រោមជ្រែងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយកម្ពុជាស្វែងរកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ ធ្វើឡើងស្របពេលដែលកម្ពុជានៅពេលនេះកំពុងរងនូវការរិះគន់ជុំទិសអំពីការធ្វើឱ្យធ្លាក់ចុះនូវប្រជាធិបតេយ្យ និងការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សរហូតមក។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ កញ្ញា នេះថា ការរំលឹកអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់នាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺជាសញ្ញាបង្ហាញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងនាមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ចំពោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលកំពុងធ្លាក់ចុះនៅកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលឲ្យដឹងទៀតថា ការរំលឹករបស់រដ្ឋាភិបាលអូស្ត្រាលី នៅពេលនេះ មិនមែនជារឿងហួសហេតុនោះទេ ប៉ុន្តែជារឿងត្រឹមត្រូវ និងចំពេលបំផុត ត្បិតក្រោយការបង្កើតរដ្ឋាភិបាលថ្មីកន្លងមកនេះ គេនៅមិនទាន់ឃើញមានការបើកលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋឱ្យមានភាពល្អប្រសើរជាងរដ្ឋាភិបាលចាស់នៅឡើយទេ ប៉ុន្តែបែរជាកំពុងអនុវត្តការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋដូចរដ្ឋាភិបាលចាស់ទៅវិញ។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅពេលនេះ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាគួរតែបង្ហាញពីគោលជំហររបស់ខ្លួនឱ្យបានច្បាស់លាស់អំពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីឱ្យប្រទេសដែលជាដៃគូក្នុងតំបន់ឃើញច្បាស់នូវជំហររបស់ខ្លួន ព្រោះថាសព្វថ្ងៃនេះ អ្នកទោសមនសិការ អ្នកទោសនយោបាយ រួមទាំងមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ជាដើម នៅតែបន្តរងនូវការគាបសង្កត់សិទ្ធិសេរីភាពទាំងអយុត្តិធម៌ដដែល ដែលជាមូលហេតុធ្វើឱ្យប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យកាន់តែព្រួយបារម្ភពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅពេលនេះ។
ប្រធានសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម លោក ហុង លីម បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថា កម្ពុជានឹងក្លាយជារបបផ្ដាច់ការ បន្ទាប់ពីលោក ហ៊ុន សែន ត្រួតត្រាដោយប្រើកណ្ដាប់ដៃដែកអស់រយៈពេល ៣៨ឆ្នាំ និងផ្ទេរអំណាចឱ្យកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដឹកនាំបន្តទៀត បើទោះបីជាលោក ហ៊ុន ម៉ាណែត ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីប្រទេសលោកសេរីក៏ដោយ។
ជុំវិញបញ្ហានេះ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ប្រទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា ថា ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតត្បិតនានាមិនអាចឱ្យពលរដ្ឋកម្ពុជាទទួលបានព័ត៌មាន មិនអាចបញ្ចេញមតិរបស់ពួកគេដោយសេរី និងមិនមានជម្រើសពិតប្រាកដនោះ៕