40 C
Phnom Penh

លោក ស ខេង ប្រកាស​ជំហរ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ដើម្បី​បញ្ចៀស​ការ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង បាន​ប្រកាស​ជំហរ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដើម្បី​បញ្ចៀស​ការ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ​ភ្ជាប់​ជាមួយ​បក្ស​ប្រឆាំង និង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ។

លោក ស ខេង កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ដែល​លោក​ចេញ​គាំទ្រ​ដូច្នេះ​ដោយសារតែ​អ្នក​មាន​និន្នាការ​ប្រឆាំង​នៅតែ​បន្ត​លើកឡើង​ដដែលៗ​តាមរយៈ​បណ្ដាញ​សង្គម និង​សារព័ត៌មាន​នានា ហើយ​ជាពិសេស​តាម​ការ​ឃោសនា​អកុសល ដោយ​ប្រតិដ្ឋ​នូវ​ព័ត៌មាន​ចោទប្រកាន់​លោក។

លោក ស ខេង ចោទ​ថា បណ្ដាញ​សារព័ត៌មាន​បាន​យក​ឈ្មោះ​លោក​ធ្វើ​ជា​ប្រធានបទ​នេះ​ក្នុង​បំណង​ដ៏​កខ្វក់​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោក​នៅតែ​បន្ត​គាំទ្រ និង​លើក​ទឹកចិត្ត​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី។

ក្រៅពី​ប្រកាស​ជំហរ​គាំទ្រ​ហើយ លោក​ក៏​អំពាវនាវ​ឲ្យ​ក្រុម​ជន​អគតិ និង​ទុច្ចរិត​ទាំងនោះ​បញ្ឈប់​ជា​បន្ទាន់​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​កម្ពុជា និង​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ័ន្តច្រឡំ​លើ​គោលការណ៍​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះជា​យ៉ាងណា​ក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ (PFOR) លោក ម៉ែន ណាត យល់​ថា ការ​ចេញ​សារ​របស់​លោក ស ខេង ដូច្នេះ​ទំនង​ជា​លោក ហ៊ុន សែន ដាក់​សម្ពាធ​លោក ស ខេង និង​អាច​ភ្ជាប់​លោក​ជាមួយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​បក្ស​ប្រឆាំង។

លោក​កត់សម្គាល់​ថា លោក ស ខេង ជា​មេដឹកនាំ​មាន​ការ​អធ្យាស្រ័យ​ច្រើន ដោយ​គាត់​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​គាត់​ក៏​ចង់​សម្របសម្រួល​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង ជាមួយ​អ្នក​ប្រជាធិបតេយ្យ ប៉ុន្តែ​ភាគី​លោក ហ៊ុន សែន មិន​ព្រម ហើយ​ក៏​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដោយ​ធ្វើការ​បង្ក្រាប​ទាំង​បក្ស​ប្រឆាំង និង​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​តាម​ទំនើង​ចិត្ត ដើម្បី​ផល​ប្រយោជន៍​ក្រុម​គ្រួសារ។

លោក ម៉ែន ណាត យល់​ថា លោក ស ខេង ហាក់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​គាត់ និង​ក្រុម​គ្រួសារ ដោយ​លោក ហ៊ុន សែន អាច​យក​លេស​មួយ​នេះ​មក​ដាក់​សម្ពាធ និង​គំរាមកំហែង​លើ​លោក ស ខេង ខណៈ​កន្លងមក លោក ហ៊ុន សែន ក៏​មិន​ដែល​បាន​គោរព​គោលការណ៍​ផ្ទៃក្នុង​របស់​គណបក្ស​នោះ​ដែរ។ ដូច្នេះ​ការ​ផ្ញើ​សារ​របស់​លោក ស ខេង នេះ ដើម្បី​ការពារ​ខ្លួន និង​សម្រាល​សម្ពាធ ដោយ​កុំ​ឲ្យ​ភាគី​លោក ហ៊ុន សែន និង​ភាគី​បក្ស​ប្រឆាំង​ចោទប្រកាន់​លើ​គាត់​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស