38 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​ពី​ដែន​គម្រប​ព្រៃឈើ​ជាង​១​ម៉ឺន​ម៉ែត្រ​ក្រឡា​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រគល់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេខ្លោង​រំលោភ​ច្បាប់​កាត់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​កាត់​ឆ្វៀល​ដី​ចេញ​ពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា ឬ ១​ហិកតារ ២១​អា ៦១​សង់ទីអា ក្នុង​ខេត្ត​ព្រះសីហនុ ប្រគល់​ជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ។

លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​រំលោភ​ច្បាប់​លុប​បឹង​កាត់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ពេលនេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ និង​អ្នកស្រី ថោង សុជាតា ធ្វើជា​កម្មសិទ្ធិ​តាម​សំណើ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

ការ​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា តំបន់​អភិរក្ស​នានា​នៅ​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​មាន​អំណាច និង​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​ជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា និង​អ្នក​មាន​ទ្រព្យធន​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ជាង ៧០០​ហិកតារ (៧៣១​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី គឺ​លោក យឹម លក្ខណ៍ ធ្វើជា​កម្មសិទ្ធិ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​សម្រេច​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក «TP Moral Group Co. Ltd.(TPMG)» របស់​ឧកញ៉ា ឃុន សៀ ទំហំ​ជាង ១​ពាន់​ហិកតារ (១៤៦៧​ហិកតារ) ស្ថិត​ក្នុង​ខេត្ត​កែប ធ្វើជា​កម្មសិទ្ធិ​ឯកជន​ផង​ដែរ ដើម្បី​អភិវឌ្ឍ​គម្រោង​វិនិយោគ​ទីក្រុង​រណប និង​តំបន់​ទេសចរណ៍​ពិសិដ្ឋ។

ទាក់ទិន​នឹង​ករណី​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជីង សុភាព ឧកញ៉ា ជីង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែ​មាន​ចំណែក​ទទួល​បាន​ដី​ទាំងនោះ។

ជាក់ស្តែង ឧកញ៉ា ជីង សុគន្ធាវី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​ឧកញ៉ា ជីង សុភាព ហៅ​យាយ​ភូ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ឡៅ ម៉េងឃិន មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​រដ្ឋ​ជាច្រើន​កន្លែង​តាម​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដូចជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ខេត្ត​កែប ទំហំ ២៩​ហិកតារ និង​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង ២០០​ហិកតារ (២២១​ហិកតារ និង ៩៤​អា) ក្នុង​ខេត្ត​កំពង់ស្ពឺ ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ៧០​ហិកតារ និង​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ជាង ៦០០​ហិកតារ (៦៤៩​ហិកតារ) ក្នុង​ខេត្ត​កំពង់ឆ្នាំង ជាដើម។

ក្រៅពី​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សែស្រឡាយ​ខ្លួនឯង​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​ផ្តល់​ដី​នៅ​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ផង​ដែរ។ ជាក់ស្តែង ក្រុមហ៊ុន Union Development Group (UDG) ទទួល​បាន​ដី​សម្បទាន​ជាង ៣​ម៉ឺន​ហិកតារ (៣៦០០០​ហិកតារ) កាលពី​ឆ្នាំ​២០០៨ សម្រាប់​ជួល​រយៈពេល ៩៩​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ ហើយ​ព្រៃឈើ​ក្នុង​តំបន់​នោះ​រង​នូវ​ការ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ យុវជន​ស្រឡាញ់​បរិស្ថាន បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ដកហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​នានា​ពី​វិស័យ​ឯកជន​ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្នុង​នោះ ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ក្រុម​យុវជន​ទាំងនោះ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស