27 C
Phnom Penh

លោក ហ្សេឡេនស្គី នឹង​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​លោក​ត្រូវ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

តែ​ជាមួយ​នឹង​វត្តមាន​របស់​លោក ហ្សេឡេនស្គី នៅ​ក្រុង​វ៉ាស៊ីនតោន ក៏​ចំ​ពេល​សភា​ទាំង​ពីរ​របស់​អាមេរិក ជជែក​ដេញដោល​គ្នា​ពី​ការ​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ថែម​ទៀត​សម្រាប់​អ៊ុយក្រែន ក្នុង​ទំហំ​សាច់ប្រាក់ ២៤​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា។

ប្រភព​ដដែល​នេះ លោក ហ្សេឡេនសី្គ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន នៅ​ឯ​សេតវិមាន នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ ចំណែក​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វិមាន Capitol ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើឡើង​ក្រោយ​ពេល​លោក​ចេញពី​សេតវិមាន។

លោក បៃដិន បាន​ស្នើសុំ​ឱ្យ​សភា​ទម្លាក់​កញ្ចប់​ថវិកា​សរុប ២៤​ពាន់​លាន​ដុល្លារ​សម្រាប់​គាំទ្រ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង ១៣,១​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​យោធា និង ៨,៥​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌។

រដ្ឋការ​របស់​លោក បៃដិន នៅ​សល់​ពេល​មិន​ច្រើន​ទៀត​ទេ​ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ជា​ថ្មី​នេះ គឺ​ឱ្យ​បាន​មុន​ថ្ងៃទី​៣០ ខែ​កញ្ញា នេះ ដែល​ជា​ការ​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាល ខណៈ​សហរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

លោក ហ្សេឡេនស្គី ក៏​ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២។ តែ​លើក​នេះ មេដឹកនាំ​ប្រទេស​អ៊ុយក្រែន លោក ហ្សេឡេនស្គី ត្រូវ​គេ​រំពឹង​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ប្រសិនបើ​លោក ហ្សេឡេនស្គី មាន​វត្តមាន​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អំឡុង​លោក​មក​កាន់​សហរដ្ឋ​អាមេរិក គឺជា​លើក​ទី​១ ចាប់តាំងពី​រុស្ស៊ី បង្ក​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ហើយ​មក​ដល់​ពេលនេះ សង្គ្រាម​ឈាន​ដល់​ខែ​ទី​១៩ ហើយ។

គេ​រំពឹង​ថា សារ​របស់​លោក ហ្សេឡេនស្គី ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ទទូច​សុំ​សមាជិក​សភា​ប្រទេស​មហាអំណាច​នេះ​ជួយ​ប្រជាជន​អ៊ុយក្រែន រហូត​ដល់​រុស្ស៊ី​បញ្ចប់​សង្គ្រាម ហើយ​ដក​ទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន។

សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ជួយ​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈពេល ២​ឆ្នាំ ពី​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​ទំហំ​សាច់ប្រាក់ ១១​ម៉ឺន ៣០០​លាន​ដុល្លារ​អាមេរិក។

មក​ដល់​ពេលនេះ រដ្ឋការ​របស់​លោក បៃដិន បាន​ប្រើប្រាស់​អស់ ៧​ម៉ឺន ៦០០​លាន​ដុល្លារ​អាមេរិក​ហើយ។ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន​រំលឹក​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន។

សារ​របស់​លោក បៃដិន បាន​បញ្ជាក់​ឡើងវិញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក ក្នុង​ការ​គាំទ្រ​បុព្វហេតុ​នៃ​ប្រជាជន​អ៊ុយក្រែន ដែល​កំពុង​តស៊ូ​ដោយ​ការ​ធ្វើ​ពលិកម្ម ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ លោក បៃដិន សន្យា​ថា​នឹង​បន្ត​ជួយ​អ៊ុយក្រែន រហូត​រំដោះ​បាន​វិញ​នូវ​សេរីភាព​របស់​ខ្លួន។

វត្តមាន​របស់​លោក ហ្សេឡេនស្គី នៅ​សេតវិមាន អាច​រំពឹង​ថា​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន​រូប​នេះ​នឹង​រំលឹក​លោក បៃដិន ដែល​បាន​សន្យា​ផ្ដល់​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​លោក​សង្ឃឹម​ថា​កងទ័ព​អ៊ុយក្រែន នឹង​បាន​ប្រើ​យន្តហោះ F-16 ដើម្បី​ការពារ​ដែនអាកាស​របស់​ខ្លួន។

រដ្ឋការ​លោក បៃដិន បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន។ ទាំង​ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ រួម​នឹង​ប្រទេស​ន័រវែស នឹង​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន នៅ​ដើម​ឆ្នាំ​២០២៤។

តែ​សម្រាប់​អ្នក​សង្កេតការណ៍ វត្តមាន​លោក ហ្សេឡេនស្គី នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដំបូង​របស់​អង្គការ​ពិភពលោក​នេះ ដែល​មាន​វត្តមាន​វីរជន​សង្គ្រាម​ថ្លែង​សេចក្ដី​សុន្ទរកថា​នៅ​ចំពោះ​មុខ​មេដឹកនាំ​ប្រទេស​ជា​ស​សមាជិក​អង្គការ​នេះ ១៩៣​ប្រទេស ប៉ុន្តែ​គ្មាន​ទេ​វត្តមាន​លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ជា​អ្នក​បញ្ឆេះ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​អរិយធម៌ ប្រពៃណី សាសនា​ដូច​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស