អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា គ្រោងនឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវារំឭកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពអធិកអធមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានពន្យារពេលលើកទៅប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ជំនួសវិញ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ពិធីអបអរសាទរទិវារំឭកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នឹងត្រូវលើកទៅប្រារព្ធនៅដើមខែតុលា ឆ្នាំ២០២៣ ខាងមុខ ក្រោមព្រះរាជាធិបតីនៃព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការអស់រយៈពេល ៣០ឆ្នាំគត់ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រវត្តិសាស្ត្រដែលច្បាប់កំពូលរបស់កម្ពុជាមួយនេះត្រូវបានអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរ។
ប្រភពដដែលលើកឡើងថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលធ្វើឱ្យប្រជារាស្ត្រខ្មែរទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០លើករួចមកហើយ និងត្រូវគេមើលឃើញថា ការធ្វើវិសោធនកម្មទាំងនោះសុទ្ធសឹងតែដើម្បីការកេងចំណេញផលប្រយោជន៍នយោបាយរបស់បក្សកាន់អំណាចប៉ុណ្ណោះ ក្នុងនោះ៖
- លើកទី១ កែប្រែនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ស្ដីពីការធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី។
- លើកទី២ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ ស្ដីពីការបង្កើតស្ថាប័នព្រឹទ្ធសភា។
- លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ ស្ដីពីការថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងការប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ។
- លើកទី៤ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៥ ស្ដីពីការកែប្រែកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភា។
- លើកទី៥ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ ជុំវិញការកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលពី ២ ភាគ ៣ មកជា ៥០ភាគរយបូក១។
- លើកទី៦ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៨ ស្ដីពីការកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីកម្ពុជា។
- លើកទី៧ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ដីពីការផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
- លើកទី៨ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ដីពីការប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
- លើកទី៩ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីការកំណត់ឲ្យមេដឹកនាំកំពូលទាំង ៤រូប គឺប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្ត្រី) ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ដោយមិនត្រូវមានសញ្ជាតិបរទេសឡើយ។
- លើកទី១០ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស្ដីពីការធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ កញ្ញា នេះថា ខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ឆ្នាំ១៩៩៣ បានកប់បាត់ក្នុងក្រអូមមាត់នៃជនល្មោភអំណាចនិយមទៅហើយ។ ជាក់ស្ដែង ប្រជាពលរដ្ឋខ្មែរដែលគ្រាន់តែប្រើសិទ្ធិអហិង្សាទាមទារយុត្តិធម៌ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលអង្គការរដ្ឋត្រូវតែដោះស្រាយនោះ ក៏ត្រូវក្រុមបក្ខពួកលោក ហ៊ុន សែន ចាប់បញ្ជូនចូលគុកទាំងគ្មានកំហុសដែរនាពេលកន្លងមក។
លោក ម៉ែន ណាត លើកឡើងថា ខ្លឹមសារច្បាប់ខ្លះ ដូចជាបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសនៃក្រមព្រហ្មទណ្ឌ មានលក្ខណៈផ្ទុយស្រឡះពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ ដែលចែងអំពីការបើកលំហសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ជាងនេះទៀត ខ្លឹមសារក្រមព្រហ្មទណ្ឌក្នុងផ្នែកទី៣ ស្ដីពីបទញុះញង់ គឺបង្កើតឡើងក្នុងចេតនាដើម្បីបម្រើនយោបាយបុគ្គលអំណាចនិយមសុទ្ធសាធ។ ករណីនេះមិនទាន់និយាយឲ្យលម្អិតដល់ច្បាប់ផ្សេងទៀតដែលក្រុមលោក ហ៊ុន សែន កែសម្រួល និងរៀបចំធ្វើឡើងទាំងមិនស្របនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ ដើម្បីគាបសង្កត់សិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីគ្រាន់តែការពារផែនការអំណាចគ្រួសារត្រកូល «ហ៊ុន» ផង។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពានក្រោមរូបភាពវិសោធនកម្មដើម្បីកែប្រែខ្លឹមសារដើមជាច្រើនលើកច្រើនសាដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ក្នុងល្បិចកលឱ្យបុរសខ្លាំងនៅកម្ពុជារូបនេះអាចក្តោបក្តាប់អំណាចបានពេញដៃ និងបន្តអំណាចនេះទៅកូនខ្លួនឯងទៅថ្ងៃមុខ។
ប្រភពដដែលបានលើកឡើងថា ក្រោយពីការវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់មកនេះ បានបង្ហាញឱ្យឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានបន្តធ្លាក់ចុះជាលំដាប់ ខណៈការដឹកនាំក៏ត្រូវគេមើលឃើញថា បានឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៀត ស្ថាប័នដែលជាសសរស្ដម្ភទាំងបីរបស់ជាតិ ដូចជា ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ បានក្លាយជាឧបករណ៍នយោបាយរបស់អ្នកកាន់អំណាចទាំងស្រុង ជាពិសេសក្រោយការរៀបចំអំណាចក្នុងរដ្ឋាភិបាលអាណត្តិទី៧ ក្រោយការបោះឆ្នោតមិនត្រឹមត្រូវកាលពីចុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

