26.9 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ប៉ុន្តែ​មិន​ត្រូវ​ដក​សញ្ជាតិ​ពី​ជនជាតិ​ឯង​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បង្ហាញ​ឯកភាព​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ដើម្បី​ធានា​ដល់​ការ​ការពារ​តម្លៃ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​លោក​មិន​ឯកភាព​នឹង​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ក្នុង​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ត្រឹមតែ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ដទៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​ចែង​ពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ទាំងនោះ​ឡើយ នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់។

លោក ហ៊ីង សុខសាន្ត លើកឡើង​ថា នៅ​ពេល​ដែល​ជនជាតិ​ដទៃ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ហើយ​ទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ខ្មែរ​នោះ គឺ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ​ដែល​ពួកគេ​ទទួល​បាន​យ៉ាង​ធ្ងន់ធ្ងរ ទោះ​ពួកគេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​ច្បាប់​សញ្ជាតូបនីយកម្ម ឬ​ក្រោម​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ក៏ដោយ។

លោក​បន្ថែម ផ្ទុយទៅវិញ សម្រាប់​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ឯង ពិត​មែន​តែ​មាន​ទោស​ធ្ងន់ ប៉ុន្តែ​មិន​គួរ​ត្រូវ​បាន​ដក​សញ្ជាតិ​ពី​ពួកគេ​នោះ​ទេ គួរតែ​ជំនួស​មក​វិញ​នូវ​ការ​ដាក់​ទោស​ទណ្ឌ​ក្នុង​កម្រិត​ផ្សេង ព្រោះ​ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​លើក​តម្លៃ​ចំពោះ​ជាតិ​សាសន៍​ខ្លួនឯង​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ច្រានចោល​នូវ​ការ​លើកឡើង​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​សំអាង​ថា​សហរដ្ឋ​អាមេរិក​មាន​ច្បាប់​ដក​សញ្ជាតិ​អាមេរិក​ពី​ជនជាតិ​អាមេរិកកាំង​ផង​ដែរ។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មិន​មាន​ច្បាប់​ដក​សញ្ជាតិ​ពី​ជនជាតិ​អាមេរិកកាំង​ឡើយ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មាន​ច្បាប់​ដក​សញ្ជាតិ​អាមេរិកាំង​ពី​ជនជាតិ​ដទៃ​ដែល​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង​តាម​វិធី​ក្លែងបន្លំ​ឯកសារ​សុំ​ចូល​សញ្ជាតិ ឬ​បាន​សញ្ជាតិ​ហើយ ទៅ​បម្រើ​របប​ផ្ដាច់ការ​ប្រមូលផ្ដុំ​ផ្ដាច់មុខ (totalitarianism)។

សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ដក​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​អនុម័ត​យល់ព្រម​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ក្រោម​សំឡេង​គាំទ្រ ៥៨ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​វត្តមាន​សរុប ៦០​រូប។

ក្រោយ​កិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ច្បាប់​ដក​សញ្ជាតិ​នេះ​ធ្វើឡើង​ដើម្បី​បន្សុទ្ធ​នូវ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជាតិ​មាតុភូមិ។ ពោល គឺ​ដើម្បី​លើក​កម្ពស់​ឧត្ដមគតិ​ជាតិ មនសិការ​ស្នេហា​ជាតិ និង​សេចក្ដី​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា។ ចំណុច​នេះ គេ​សួរ​ថា ចុះ​បើ​ប្រជាជន​កម្ពុជា​មិនមែន​ខ្មែរ​ពី​កំណើត ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ខ្មែរ ច្បាប់​ខ្មែរ​ដក​សញ្ជាតិ​ដូច​ខ្មែរ​ដែរ​ឬ​ទេ?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស