28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​កម្ពុជា​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​មែន​នោះ គឺ​មាន​ន័យ​ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង​ដូច្នោះ​ដែរ។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា ថា ការ​ព្រមាន​ដក​សញ្ជាតិ​ខ្មែរ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មិន​អាច​ធ្វើ​កើត​ទេ បើ​អ្នក​ទាំងនោះ​មាន​កំណើត​ជា​ជនជាតិ​ខ្មែរ លើកលែងតែ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​មធ្យោបាយ​ផ្សេងៗ​ប៉ុណ្ណោះ។

លោក វ៉ន ចាន់ឡូត អះអាង​ថា ជនជាតិ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ខុស​ពី​ជនបរទេស​មាន​សញ្ជាតិ​ខ្មែរ ព្រោះ​ជនជាតិ​ខ្មែរ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទឹកដី​កំណើត ភាសា វប្បធម៌ មនោសញ្ចេតនា ជាតិ​និយម និង​ស្នេហា​ជាតិ​របស់​ខ្លួន ដូច្នេះ​ការ​ព្រមាន​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​កំណើត​ខ្មែរ​បែប​នេះ មិន​ខុស​ពី​ប្រកាស​រំលាយ​ជាតិ​ខ្លួនឯង​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន យល់​ថា​ការ​ប្រព្រឹត្ត​ក្នុង​សម័យ​របប​ខ្មែរ​សាធារណរដ្ឋ លន់ នល់ កាត់​ក្តី​ដក​សញ្ជាតិ​ខ្មែរ​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ជា​ទង្វើ​មិន​ត្រឹមត្រូវ គាត់​ក៏​គួរតែ​ចៀសវាង​កុំ​ឱ្យ​អំពើ​បែប​នេះ​កើត​មាន​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​ដែរ។

ការ​អះអាង​របស់​លោក ចាន់ឡូត គឺ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចូល​ដៃ​ជាមួយ​ថៃ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ ជាពិសេស​គឺ​ក្រុម​ប្រឆាំង​តែម្តង។

ថ្លែង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ពិសេស​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថ្ងៃ នៅ​ថ្ងៃទី​២៧ មិថុនា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ដក​សញ្ជាតិ​ខ្មែរ បើ​មាន​ពលរដ្ឋ​ខ្មែរ​ណា​គប់គិត​ជាមួយ​ថៃ ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាស់​ព្រំដែន​ជាមួយ​គ្នា​នៅ​ពេលនេះ ជាពិសេស​គឺ​ក្រុម​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​តែម្តង។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការ​ដក​សញ្ជាតិ​ពលរដ្ឋ​កម្ពុជា​ណា​ដែល​គប់គិត​ជាមួយ​ថៃ បំផ្លាញ​ខ្មែរ ជាពិសេស​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។

លោក ហ៊ុន សែន បន្ត​ថា បើ​ពួកគេ​បាន​ជា​សហការ​ជាមួយ​ថៃ ទៅ​ហើយ ដូច្នេះ​គួរតែ​ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ​ចេញ ដោយ​ទុក​ឱ្យ​ថៃ បំពាក់​អាវុធ និង​សញ្ជាតិ​ថៃ ឱ្យ​ពួកគេ​មក​បាញ់​តទល់​ជាមួយ​ខ្មែរ​តែម្តង​ទៅ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា បើ​ថៃ អនុញ្ញាត​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ចូល​ទៅ​ដី​ថៃ ធ្វើ​សកម្មភាព​ប្រឆាំង​កម្ពុជា នោះ​គឺជា​ទង្វើ​រំលោភ​គោលការណ៍​អាស៊ាន មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងស្រុង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​ពេល​មាន​បញ្ហា​ព្រំដែន​នា​ពេលនេះ លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ចង់​ផ្សះផ្សា​ស្មារតី​ជាតិ​ទេ ប៉ុន្តែ​គាត់​បែរជា​ព្រមាន​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​ប្រឆាំង ដែល​គាត់​ចោទ​ដោយ​គ្មាន​មូលដ្ឋាន​ថា​ចូល​ដៃ​ជាមួយ​ថៃ ឈ្លានពាន​កម្ពុជា​ទៅវិញ។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កាណាដា លោក ម៉ោញ សារ៉ាត់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ មិថុនា នេះ​ថា បក្ស​ប្រឆាំង​គ្មាន​គោលការណ៍ ឬ​ផែនការ​នយោបាយ​សហការ​ជាមួយ​ថៃ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ទេ ព្រោះ​ថា​វា​ជា​ទង្វើ​មិន​សមស្រប​នឹង​ស្មារតី​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​ការ​រួបរួម​ជាតិ​ឡើយ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ចង់បាន គឺ​ការ​បង្រួបបង្រួម​ជាតិ ដោយ​ធ្វើការ​ផ្សះផ្សា​នយោបាយ ហើយ​អ្វី​ដែល​បក្ស​ប្រឆាំង​ចង់បាន​ទៀត​នោះ គឺ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ជាពិសេស​គឺ​បើក​ផ្លូវ​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​អាច​ចូល​ប្រទេស​កម្ពុជា​វិញ ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា និង​ឯកភាព​ជាតិ​ពិតប្រាកដ មិនមែន​ចេះ​តែ​បន្ត​ចោទ​គ្នា​ទៀត​នោះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស