30 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បន្ត​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពីរ​រូប​នៅ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​កសិករ​ក្រីក្រ​ខេត្ត​កោះកុង បន្ត​ទទូច​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្ត​នេះ ដើម្បី​ដោះលែង​សកម្មជន​ដីធ្លី ២​រូប និង​កូន​តូច​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាមួយ​ម្ដាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ពួកគេ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ​ដីធ្លី។

ការ​បន្ត​ទទូច​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ដីធ្លី​ចំនួន ៧​រូប​ក្នុង​ចំណោម ៩​រូប ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» នោះ ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ ២​រូប​ទៀត គឺ​លោកស្រី សេង លីន និង​លោកស្រី ផាវ ញ៉ើង កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅឡើយ។

ជុំវិញ​រឿង​នេះ ប្រជា​កសិករ​មកពី​តំបន់​ផ្សេងៗ​គ្នា​ស្ថិត​នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ដោយ​លើក​រូបថត និង​បដា​ដោយ​សរសេរ​ថា «លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន គ្មាន​កំហុស​នោះ​ទេ ដោយសារ​ពួកគាត់​គ្រាន់​តែ​ការពារ​ដី​ទុក​ឲ្យ​រដ្ឋ​តែប៉ុណ្ណោះ»។ លើស​ពី​នេះ ពួកគេ​ក៏​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួកគេ​ទាំង ២​រូប​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ពួកគេ​ក៏​បន្ត​អំពាវនាវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ដោះលែង​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ថា​ពួកគាត់​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​ខេត្ត​កោះកុង នោះ​ឡើយ។

ប្រជា​សហគមន៍​និយាយ​ថា គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ជាប់​ពន្ធនាគារ​រយៈពេល​ជាង ៣​ខែ​ហើយ (៩៤​ថ្ងៃ) បើ​ទោះបី​សកម្មភាព​របស់​ពួកគាត់​ធ្វើ​កន្លងមក​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​ក៏ដោយ។

តំណាង​សហគមន៍​ដីធ្លី លោកស្រី ហ៊ួរ ដេត បាន​សរសេរ​លើ​ហ្វេសប៊ុក​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ជំរុញ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ទម្លាក់​បទ​ចោទ និង​ដោះលែង​បងស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​មាន​សេរីភាព ដើម្បី​ពួកគាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ​ផង​ដែរ។

ចំណែក​កូនៗ​របស់​លោកស្រី ផាវ ញ៉ើង ក៏​បាន​ទទូច​អង្វរ​ទៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ជួយ​ជំរុញ​ទៅ​តុលាការ​ខេត្ត​កោះកុង ដោះលែង​ម្ដាយ​របស់​ពួកគេ និង​តំណាង​សហគមន៍​ដីធ្លី​លោកស្រី សេង លីន ផង​ដែរ។ ពួកគេ​ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ម្ដាយ ព្រមទាំង​ប្អូន​តូច និង​លោកស្រី សេង លីន ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ពួកគេ និង​អ្នក​រងគ្រោះ​ដីធ្លី​ផ្សេង​ទៀត។

សកម្មជន​ដីធ្លី​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល ដោយសារ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង ប្រកាស​សាលក្រម​លើ​បទ​ចោទ «បរិហារកេរ្តិ៍» នៅ​ថ្ងៃទី​០២ ខែ​សីហា ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤០​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ក្នុង​សហគមន៍​នា​ពេល​កន្លងទៅ។

ពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ​នៅ​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង តែងតែ​មក​នាំគ្នា​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ ដែល​បាន​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ចោទ​ថា​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគេ​ចាប់តាំងពី​ឆ្នាំ​២០០៧៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស