ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបនាយករដ្ឋមន្ត្រីតពូជថ្មី លោក ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើបញ្ហាជាច្រើនដែលជាប្រយោជន៍រួម។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៧ កញ្ញា នេះថា លោក Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អរបស់លោក ហ៊ុន ម៉ាណែត ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក អំឡុងពេលលោក ហ៊ុន ម៉ាណែត ទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងបូរីញូវយ៉ក កាលពីពេលថ្មីៗនេះ។
លោកបន្តថា សហរដ្ឋអាមេរិកកត់សម្គាល់ឃើញភាពជាដៃគូជាបន្តរបស់កម្ពុជាលើបញ្ហាសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក ដែលរួមមានការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើង ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្ដីពីវិបត្តិនៅប្រទេសភូមា ជាដើម។
នៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត ដែរនោះ លោកឯកអគ្គរដ្ឋទូត Murphy បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា ដែលគេអាចមើលឃើញតាមរយៈជំនួយបរទេសចំនួន ៣ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។
ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញនូវកម្មវិធីជំនួយបរទេសមួយចំនួនរបស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃជំនួយជារួមដែលមានសារសំខាន់សម្រាប់សុខភាពរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែលោក Murphy ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋានដែលចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ហើយលោកឯកអគ្គរដ្ឋទូតបានសម្ដែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបេសកកម្មរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិកនៅកម្ពុជា។
លោក Murphy បានសុំឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយបានកត់សម្គាល់ឃើញពីសារសំខាន់នៃជំហរស្មោះត្រង់ជាសាធារណៈរបស់លោក ហ៊ុន ម៉ាណែត ក្នុងការប្រឆាំងនឹងបទល្មើសជាសកលនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អាចបញ្ជាក់ថា អាមេរិកនៅរក្សាជំហរដដែល ដែលជំរុញឲ្យកម្ពុជាវិលទៅកាន់ប្រជាធិបតេយ្យ ប៉ុន្តែក៏បានបង្ហាញសញ្ញាហត់នឿយខ្លះដែរនៅពេលមេដឹកនាំនយោបាយធំៗដែលជាបង្អែកប្រជាធិបតេយ្យនៅកម្ពុជា មិនធ្វើសកម្មភាពឲ្យសកម្មនៅសមរភូមិនយោបាយកម្ពុជា ខណៈមេដឹកនាំនយោបាយខ្លះប្រើការសម្ងំស្ងៀមជាយុទ្ធសាស្ត្រទៅវិញ៕