31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ព្រមាន​មន្ត្រី​ជំនាញ​ដែល​មិន​ចេញ​បកស្រាយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ភ្លាមៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត បាន​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា​ដែល​មិន​ចេញ​បកស្រាយ ដើម្បី​ឆ្លើយតប​ឲ្យ​បញ្ហា​ភ្លាមៗ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​នោះ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ នា​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​លើក​ជា​សំណួរ​ថា តើ​ចង់​ឲ្យ​លោក​ជា​នាយករដ្ឋមន្ត្រី​ក្លាយ​ទៅ​ជា​អ្នក​នាំពាក្យ​ឲ្យ​គ្រប់​អង្គភាព​ស្ថាប័ន​ទាំងអស់ ឬ​យ៉ាង​ណា ទើប​មន្ត្រី​ជំនាញ​ទាំងនោះ​មិន​ព្រម​ចេញ​បកស្រាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។

លោក​ចាត់ទុក​ការ​មិន​ចេញ​បកស្រាយ​ដោយ​រង់ចាំ​តែ​នាយករដ្ឋមន្ត្រី​មាន​ចំណាត់ការ​នេះ ថា​នឹង​ធ្វើ​ឲ្យ​បញ្ហា​នោះ​ផ្ទុះឡើង​កាន់តែ​ធំ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា លោក​ចង់​ឲ្យ​មន្ត្រី​ទាំងនោះ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ពលរដ្ឋ ជាជាង​រង់ចាំ​លោក​ចេញ​បកស្រាយ និង​ចាត់​វិធានការ។

ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត នេះ បន្ទាប់ពី​ពលរដ្ឋ​បាន​ចេញ​ប្រតិកម្ម​ចំពោះ​រឿង​រដ្ឋាភិបាល​ក្បាល​ធំ ដំឡើង និង​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​លើ​មុខទំនិញ​ផ្សេងៗ បញ្ហា​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ករណី​ថៃ សាងសង់​ប្រាសាទ​យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត ជាដើម។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កាលពី​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រហែល ១​សែន​នាក់​ត្រូវ​បាន​គេ​ប្រើប្រាស់ លក់ និង​ជួញដូរ​បន្ត ដើម្បី​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ តុលា នេះ​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បន្ទោស​មន្ត្រី​អ្នក​នាំពាក្យ​ទាំងនោះ​ទេ ព្រោះ​វិបត្តិ​ធំៗ​ទាំងនោះ​សុទ្ធតែ​ជា​ចំណង​ដែល​ចង​យ៉ាង​ណែន​ដោយ​គ្រួសារ​ហ៊ុន ដើម្បី​រក្សា​អំណាច​គ្រួសារ។

លោក​បន្ត​ថា មិន​មែន​មន្ត្រី​នាំពាក្យ​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មិន​ចេះ​ឆ្លើយ​នោះ​ទេ ប៉ុន្តែ​ឆ្លើយ​ការពិត ពួកគេ​ខ្លាច​បកស្រាយ ឬ​បំភ្លឺ​ទៅ​មហាជន ដោយ​ខ្លាច​ប៉ះ​ចំ​គ្រួសារ​ត្រកូល​ហ៊ុន ដូច្នេះ​ពួកគេ​ត្រូវ​រក​វិធី​ដោះសា​គ្រប់​ពេល ហើយ​ពេលណា​រក​ចម្លើយ​ដោះសា​មិន​បាន គឺ​មាន​តែ​នៅ​ស្ងៀមស្ងាត់​អ៊ីចឹង​ហើយ។

លោក គឹម សុខ អះអាង​ថា រាល់​វិបត្តិ​ទាំងអស់​កើតឡើង​ពី​គ្រួសារ​ហ៊ុន ហើយ​គ្មាន​មន្ត្រី​នាំពាក្យ​ណា​មាន​សមត្ថភាព​ឆ្លើយ​គ្រប់​ពេល​នោះ​ទេ ពីព្រោះ​បើ​ឆ្លើយ​ខុស​ចិត្ត​គ្រួសារ​ហ៊ុន នោះ​ពួកគេ​នឹង​វ័ណ្ឌក​ខ្លួនឯង។ ហេតុ​នេះ​ហើយ​មាន​តែ​លោក ហ៊ុន ម៉ាណែត ត្រូវ​ហត់​បន្តិច​ហើយ ក្នុង​ការ​ចេញ​ដោះសា​ដោយ​ខ្លួនឯង គឺ​ដោះសា មិនមែន​ដោះស្រាយ និង​បកស្រាយ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស