ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលសម្រាប់រដ្ឋាភិបាលថ្មីនេះ គ្រាន់តែជាការរៀបចំរបស់លោក ហ៊ុន សែន ដែលគាត់ធ្លាប់មានស្នាដៃក្នុងការចូលរួមរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ មិនមែនដោយសារលោក ជីវ កេង ជាមនុស្សដែលមានសមត្ថភាពធ្វើឱ្យប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជាធានានូវភាពយុត្តិធម៌នោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា ស្ថាប័នជាតិទាំង៣ ដូចជា ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន ជាអ្នកក្តោបក្តាប់សព្វថ្ងៃនេះ មិនអាចធានាគោលការណ៍នីតិរដ្ឋជូនពលរដ្ឋខ្មែរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបានទេ ព្រោះថាស្ថាប័នទាំងនេះត្រូវលោក ហ៊ុន សែន ទុកប្រើប្រាស់ជាឧបករណ៍នយោបាយរបស់គាត់ទៅហើយនោះ។
លោក ម៉ែន ណាត លើកឡើងថា ការតែងតាំងលោក ជីវ កេង ធ្វើជាប្រធានតុលាការកំពូល គឺជាសេណារីយ៉ូដែលលោក ហ៊ុន សែន រៀបចំឱ្យបម្រើនយោបាយរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដូច្នេះមានន័យថា ប្រព័ន្ធតុលាការដែលធ្លាប់តែអយុត្តិធម៌នាពេលកន្លងមក គឺនៅតែបន្តភាពអយុត្តិធម៌ដដែល ទោះរដ្ឋាភិបាលថ្មីនេះបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ ព្រោះថាប្រព័ន្ធដឹកនាំ គឺនៅតែស្ថិតក្រោមការក្តោបក្តាប់របស់លោក ហ៊ុន សែន ដដែល។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានស្នើទៅព្រះមហាក្សត្រឱ្យតែងតាំងលោក ជីវ កេង ធ្វើជាប្រធានតុលាការកំពូល កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
អគ្គលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះថា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានបើកកិច្ចប្រជុំមួយដែលដឹកនាំដោយព្រះមហាក្សត្រខ្មែរដោយផ្ទាល់ ដើម្បីពិនិត្យ សម្រេច និងតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលរបស់កម្ពុជា បន្ទាប់ពីលោកធ្វើជាប្រធានតុលាការកំពូលស្តីទីអស់រយៈពេលជាង ១ខែកន្លងមក។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ បានចេញលិខិតបង្គាប់ការមួយ ដោយដំឡើងលោក ជីវ កេង ដែលជាអនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជាប្រធានតុលាការកំពូលស្តីទី បន្ទាប់ពីប្រធានតុលាការកំពូលចាស់លោក ឌិត មន្ទី ត្រូវព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូល គឺបង្ហាញថាស្ថាប័នកំពូលៗទាំង ៤ របស់ជាតិ ដូចជា ស្ថាប័នតុលាការ ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា និងស្ថាប័នរដ្ឋាភិបាល បានធ្លាក់ទៅក្នុងដៃលោក ហ៊ុន សែន ទាំងស្រុងហើយនៅពេលនេះ ក្នុងន័យនេះ ក៏បង្ហាញឱ្យឃើញដែរថា ប្រទេសកម្ពុជាក៏បានធ្លាក់ចូលក្នុងការគ្រប់គ្រងក្នុងដៃត្រកូលហ៊ុនយ៉ាងណែនដែរ។
លោក គឹម សុខ លើកឡើងថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូលនេះ គឺមានន័យច្បាស់ណាស់ថា ផែនការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ពីលោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត គឺពួកគេបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសដែលនឹងត្រូវកាន់កាប់ផ្ដាច់មុខសម្រាប់តែក្រុមគ្រួសារហ៊ុនប៉ុណ្ណោះទៅថ្ងៃមុខ។
ចំណែកអតីតមន្ត្រីនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី ក៏បានលើកឡើងកាលពីពេលកន្លងទៅដែរថា ការរៀបចំផែនការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន នៅពេលនេះ មិនមែនដើម្បីតែឱ្យលោក ហ៊ុន ម៉ាណែត មានអំណាចពេញលេញក្នុងនាមជានាយករដ្ឋមន្ត្រីចាត់តាំងប៉ុណ្ណោះទេ គឺគាត់មានផែនការប្រមូលផ្ដុំអំណាចគ្រប់គ្រងប្រទេសទាំងមូលក្នុងដៃគាត់ពីលើព្រះមហាក្សត្រខ្មែរតែម្តង។
លោក មុំ អស្សនី បញ្ជាក់ថា ជាក់ស្តែងស្ថាប័នកំពូលរបស់ជាតិត្រូវគ្រួសារហ៊ុនគ្រប់គ្រងទាំងស្រុង ដូចជា ស្ថាប័នរដ្ឋាភិបាលត្រូវលោក ហ៊ុន ម៉ាណែត គ្រប់គ្រង ស្ថាប័នរដ្ឋសភាត្រូវអ្នកស្រី ប៊ុន រ៉ានី ជាអ្នកគ្រប់គ្រងតាមរយៈប្រធានរដ្ឋសភាថ្មីដែលជាមនុស្សជំនិតរបស់គាត់ គឺអ្នកស្រី ឃួន សុដារី ស្ថាប័នព្រឹទ្ធសភាត្រូវលោក ហ៊ុន សែន គ្រប់គ្រង ខណៈស្ថាប័នតុលាការក៏ត្រូវលោក ហ៊ុន សែន គ្រប់គ្រងតាមរយៈលោក ជីវ កេង នេះតែម្តង។
ការផ្លាស់ប្ដូរតួនាទី និងសមាសភាពមន្ត្រីរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ ត្រូវគេមើលឃើញថា សុទ្ធតែជារៀបចំចាត់ចែងរបស់លោក ហ៊ុន សែន ទាំងអស់ ដើម្បីធានាដល់ការគ្រប់គ្រងអំណាចរបស់គាត់ មិនមែនជាការរៀបចំដោយច្បាប់ដែលបានកំណត់នោះទេ ព្រោះថាពិតមែនតែស្ថាប័នរបស់រដ្ឋាភិបាលនីមួយៗមានឈ្មោះយន្តការ លិខិតគតិយុត្តិ ប៉ុន្តែមនុស្សដែលត្រូវបានតែងតាំងឱ្យចូលទៅដឹកនាំស្ថាប័នទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សក្រោមបង្គាប់បញ្ជារបស់គ្រួសារត្រកូលហ៊ុនទាំងអស់ ដូចជាលោក ជីវ កេង ដែលជាមនុស្សក្រោមបង្គាប់របស់លោក ហ៊ុន សែន ជាដើម៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

