29 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ច្បាប់​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​វិញ​នៅតែ​គ្មាន​ប្រសិទ្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ច្បាប់​របស់​ប្រទេស​កម្ពុជា​មួយ​ភាគ​ធំ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ ចំណែក​ការ​ជំរុញ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​មន្ត្រី​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​គោរព​ច្បាប់ ក៏​ជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅតែ​មិន​ទាន់​មាន​ប្រសិទ្ធភាព។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា ដើម្បី​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គឺ​មាន​តែ​ប្រើ​វិធានការ​ដាក់​ពិន័យ និង​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​រំលោភ​ច្បាប់ ដោយ​ការ​អនុវត្ត​ខុស​តួនាទី​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ព្រមាន​ទៅ​ដល់​មន្ត្រី​ខិលខូច​ផ្សេង​ទៀត ដើម្បី​កុំ​ឱ្យ​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត ដោយ​សំអាង​ថា​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់ ជាដើម។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅតែ​មាន​ភាព​ធូរ​រលុង​ទៅ​លើ​សែស្រឡាយ ក្រុម​បក្ខពួក ដូច​ដែល​ធ្លាប់​កើតមាន​នា​ពេល​កន្លងមក រហូត​រង​នូវ​ការ​រិះគន់​ដែល​មាន​ជា​ហូរហែ​មក​នោះ គឺ​មាន​ន័យ​ថា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នៅតែ​មិន​អាច​ធានា​បាន​នូវ​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​ដដែល ហើយ​ពលរដ្ឋ​ក៏​នឹង​កាន់តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល​ថែម​ទៀត បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​នូវ​ការ​អនុវត្ត​ច្បាប់​ទៅ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​យ៉ាងណាក៏ដោយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ថា​រដ្ឋាភិបាល​ចាស់​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ប្រើ​កណ្ដាប់ដៃ​ដែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅតែ​គ្មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ដដែល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​របស់​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​កម្រិត​ទាប ដែល​គេ​បាន​រក​ឃើញ​ក្នុង​របាយការណ៍​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) កាលពី​ពេល​កន្លងទៅ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ណែនាំ​ឱ្យ​មន្ត្រី​តុលាការ និង​ស្ថាប័ន​យុត្តិធម៌​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​គុណភាព​យុត្តិធម៌​ជូន​ពលរដ្ឋ​ឱ្យ​បាន​គ្រប់ៗ​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ណែនាំ​ឱ្យ​មន្ត្រី​តុលាការ និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​យុត្តិធម៌​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​គុណភាព​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ពន្លឿន​ការ​ដោះស្រាយ​សំណុំរឿង​ប្រកប​ដោយ​តម្លាភាព និង​សុចរិតភាព ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ថ្មី ជាពិសេស​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ក្នុង​ការ​ចាត់ការ​លើ​សំណុំរឿង​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​តម្លាភាព​ជាទីបំផុត។

លោក កើត រិទ្ធ បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​បាន​កំណត់​ទិសដៅ​កែទម្រង់​ក្នុង​វិស័យ​យុត្តិធម៌ ដែល​ជា​អាទិភាព​សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ ក្នុង​នោះ​គឺ​ខិតខំ​កែប្រែ​ក្នុង​ប្រព័ន្ធ​តុលាការ និង​រៀបចំ​យន្តការ​ថ្មី​កែទម្រង់​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ដោយ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​នៃ​ការ​សម្រុះសម្រួល ផ្សះផ្សា ជាដើម។

ជាង​នេះ​ទៀត ត្រូវតែ​អនុវត្ត​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​ថ្មី​ដោយ​ការ​ជំរុញ និង​ពន្លឿន​សំណុំរឿង​ក្តី​នៅ​តាម​តុលាការ​ដែល​កកស្ទះ និង​ត្រួតពិនិត្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ សំដៅ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ និង​លើក​កម្ពស់​តម្លាភាព សុចរិតភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។

ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កាលពី​ពេល​កន្លង​ទៅ​នោះ លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អណាធិបតេយ្យ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង​បី​របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​យុត្តិធម៌​នឹង​កើតមាន​សម្រាប់​តែ​បក្ខពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ស្លូតត្រង់​នឹង​ក្លាយ​ជា​ជនរងគ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ទាំងស្រុង។

គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារតែ​គេ​រក​ឃើញ​ថា​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស