38 C
Phnom Penh

លោក ពូទីន អញ្ជើញ​លោក បៃដិន ទៅ​ផឹក​តែ​ជាមួយ​លោក​នៅ​មូស្គូ​ដែល​ជា​ការ​ចំអក​លោក បៃដិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​គេ​ហៅថា កំពូល​បុរស​ខ្លាំង​នៅ​វិមាន​ក្រឹមឡាំង ដែល​ជា​អ្នក​បញ្ជា​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​បញ្ជូន​សារ​ចំអក​ឱ្យ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ សារ​របស់​លោក ពូទីន ដែល​ចំអក​ឱ្យ​លោក បៃដិន ត្រូវ​បាន​សារព័ត៌មាន Financial World ចុះផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​តុលា។

លោក ពូទីន បាន​បញ្ជូន​សារ​អញ្ជើញ​លោក ចូ បៃដិន ដោយ​ស្នើ​ឱ្យ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​មក​ក្រុង​មូស្គូ ដើម្បី​ជួបជុំ​អ្នក​ការទូត ហើយ​ផឹក​តែ​មួយ​ប៉ាន់​រួម​គ្នា ដែល​អ្នក​សង្កេតការណ៍​យល់​ថា​ជា​កាយវិការ​ដ៏​ល្អ​របស់​បុរស​ខ្លាំង​នៅ​រុស្ស៊ី។

ការ​ជួបជុំ​នេះ លោក ពូទីន ទំនង​ចង់​បង្ហាញ​នូវ​របៀបវារៈ​មួយ​ដ៏​សំខាន់​របស់​ក្រុង​មូស្គូ ដែល​ចង់​ឱ្យ​ក្រុង​វ៉ាស៊ីនតោន ដក​អាវុធ​របស់​អាមេរិក​ចេញពី​អ៊ុយក្រែន ហើយ​ជា​ការ​លើក​ទឹកចិត្ត​ទៅ​រក​ការ​ចរចា​សន្តិភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

តែ​ការ​សម្ដែង​របស់​លោក ពូទីន ត្រូវ​បាន​គេ​ដឹង​ថា នៅ​ពេល​លោក​ជួប​ជាមួយ​លោក ស៊ី ជីនពីង នៅ​វេទិកា​ស្ដីពី​ខួប ១០​ឆ្នាំ​នៃ​គម្រោង​អភិវឌ្ឍន៍​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន ហើយ​ឆ្លៀត​ពេល​នោះ លោក ពូទីន ក៏​ផ្ដើម​ចំអក​ឲ្យ​សហរដ្ឋ​អាមេរិក ជាពិសេស​លោក បៃដិន ដែល​សម្រេច​បញ្ជូន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ATACM ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​បើ​តាម​ដំណឹង​មក​ថា មីស៊ីល​នេះ​បាន​ចូល​ដល់​ទឹកដី​អ៊ុយក្រែន ដោយ​ស្ងាត់ៗ។

អ៊ុយក្រែន បាន​ប្រើប្រាស់​វា​នៅ​សមរភូមិ ដោយ​បាញ់​ចំ​គោលដៅ​ទៀត​ផង គឺ​បាញ់​ចំ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី ចំនួន ២​កន្លែង ដែល​បណ្ដាល​ឱ្យ​ឆេះ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី យ៉ាងតិច ៦​គ្រឿង។

សារ​របស់​លោក ពូទីន ដែល​បញ្ជូន​ទៅ​ឱ្យ​លោក បៃដិន បាន​រៀបរាប់​ដោយ​ចំអក​ថា បើ​រុស្ស៊ី​ចាញ់​សង្គ្រាម ហេតុ​អ្វី​បាន​ជា​អាមេរិក​បញ្ជូន​មីស៊ីល ATACM ទៅ​ឱ្យ​អ៊ុយក្រែន។

លោក​ថា យក​អាវុធ​នេះ​ត្រឡប់​ទៅ​វិញ​ទៅ និង​អាវុធ​ផ្សេងៗ​ទៀត​យក​វា​ទៅ​វិញ​ទៅ ហើយ​ផឹក​តែ​ជាមួយ​គ្នា វា​ល្អ​ជាង។ តែ​យ៉ាងណា ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​អរគុណ​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ជូន​មីស៊ីល ATACM មក​ឱ្យ​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​ទ័ព​អ៊ុយក្រែន​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក ហ្សេឡេនស្គី អះអាង​ថា មីស៊ីល​ដ៏​ទំនើប​នេះ​គឺជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​អាច​ធ្វើ​ឱ្យ​កងទ័ព​របស់​អ្នក​ឈ្លានពាន​បាក់​ទឹកចិត្ត ព្រោះ​គ្រាន់តែ​ ចាប់ផ្ដើម​ប្រើ​វា​ភ្លាម គឺ​បាញ់​ចំ​គោលដៅ​បាន​យ៉ាង​ល្អ។ លោក ហ្សេឡេនស្គី អះអាង​ថា សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ជួយ​អ៊ុយក្រែន រហូត​អ្នក​ឈ្លានពាន​បញ្ចប់​សង្គ្រាម។

មីស៊ីល ATACM ជា​មីស៊ីល​ដែល​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់​ទៅ ៣២០​គីឡូម៉ែត្រ។ វា​អាច​បំពាក់​ដោយ​គ្រាប់បែក​ចង្កោម​ទៀត​ផង។

គ្រាប់​មីស៊ីល​ដែល​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន វា​អាច​បាញ់​ចេញពី​កាណុង​នៃ​ប្រព័ន្ធ​កាំភ្លើង​ធំ​រ៉ុក្កែត HIMARS ដែល​អាវុធ​នេះ​ហើយ​បាន​វាយ​ឱ្យ​ទ័ព​រុស្ស៊ី​បាក់​ទ័ព​កាលពី​ខែ​តុលា ឆ្នាំ​២០២២ នៅ​សមរភូមិ​ភាគ​ខាងត្បូង និង​ភាគ​ឥសាន​ប្រទេស​អ៊ុយក្រែន។ រ៉ុក្កែត HIMARS ជា​អាវុធ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ GPS។

បច្ចុប្បន្ន អ៊ុយក្រែន​មាន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មាន ៣​ប្រភេទ គឺ​គ្រាប់​មីស៊ីល ATACM របស់​អាមេរិក គ្រាប់​មីស៊ីល Storm Shadow របស់​អង់គ្លេស និង​គ្រាប់​មីស៊ីល SCALP EG របស់​បារាំង តែ​មីស៊ីល​របស់​អង់គ្លេស និង​បារាំង ជា​មីស៊ីល​ដែល​បាញ់​ចេញពី​យន្តហោះ​ចម្បាំង។

នៅ​មុន​ការ​បញ្ជូន​មីស៊ីល​ទាំង ៣​ប្រភេទ​នេះ ក្រុង​មូស្គូ​តែងតែ​ព្រមាន​អាមេរិក អង់គ្លេស បារាំង និង​ក្រុម​ណាតូ តែ​ទីបំផុត ក្រុម​ប្រទេស​ណាតូ​នៅតែ​បញ្ជូន​អាវុធ​ទំនើបៗ​ទៅ​ឱ្យ​អ៊ុយក្រែន។

លោក ពូទីន ថ្លែង​ចំអក​ថា ទោះបី​អាមេរិក និង​សម្ព័ន្ធមិត្ត​បញ្ជូន​អាវុធ​ទំនើបៗ​ជាច្រើន​ទៀត​ជួយ​អ៊ុយក្រែន ក៏​ត្រឹមតែ​ធ្វើ​ឱ្យ​អ៊ុយក្រែន​នៅ​សល់​តែ​ផេះ​ប៉ុណ្ណោះ។ លោក​ថា លោក​ចង់​ប្រាប់​លោក បៃដិន ថា ដោយសារតែ​អ៊ុយក្រែន​មាន​អាវុធ​របស់​ពួក​ណាតូ​នេះ​ហើយ ដែល​អ៊ុយក្រែន​មិន​ធ្វើ​ដំណើរ​ទៅ​រក​តុ​ចរចា។

រហូត​មក​ទល់​ពេលនេះ លោក បៃដិន មិន​មាន​ប្រតិកម្ម​នឹង​សារ​ចំអក​របស់​លោក ពូទីន នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក លោក បៃដិន តែងតែ​វាយប្រហារ​លោក ពូទីន ថា លែង​សម​ជា​មេដឹកនាំ​ស្រប​ច្បាប់​របស់​រុស្ស៊ី​ទៀត​ហើយ ក៏​ព្រោះតែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។

កាលពី​ពេល​ថ្មីៗ​នេះ សភា​អឺរ៉ុប​បាន​ចេញ​ដំណោះស្រាយ ដោយ​អំពាវនាវ​សុំ​ឱ្យ​ប្រទេស​ទាំងអស់​ផ្ដាច់​ការ​ទាក់ទង​នឹង​លោក ពូទីន ព្រោះ​បុរស​ខ្លាំង​រូប​នេះ​ជាប់​ពិរុទ្ធភាព​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្រោម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស